ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ ការកសាងពលរដ្ឋឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកសាងពលរដ្ឋឌីជីថល ដើម្បីជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលជាឃ្នាស់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម Jacques PELLET អគ្គរាជទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យ ព្រមទាំងអាណាព្យាបាលនិស្សិតជាច្រើនកុះករ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាសេនាធិការបច្ចេកទេសរបស់រាជរដ្ឋាភិបាល និងជាស្ថាប័នដឹកនាំសម្របសម្រួលគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដាក់ចេញនូវសកម្មភាពការងារជាអាទិភាពចំពោះមុខ គឺការពង្រឹងគុណភាពសេវា និងពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរសព្ទ និងអ៊ីនធឺណិត ការពង្រឹងកិច្ចនិយ័តកម្មលើប្រតិបត្តិករក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ជាពិសេស ការបង្កើនមូលធនមនុស្សឌីជីថល តាមរយៈការអប់រំ ការបណ្តុះបណ្តាល ការលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលជាដើម ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា និស្សិតជ័យលាភីថ្ងៃនេះនឹងទទួលបានឱកាសច្រើនក្នុងការប្រើប្រាស់ចំណេះដឹងនិងចំណេះធ្វើរបស់ខ្លួន បន្ទាប់ពីការខិតខំសិក្សាក្នុងរយៈពេល ៤ឆ្នាំកន្លងមក ដើម្បីបញ្ចេញស្នាដៃប្រកបដោយគំនិតនវានុវត្តន៍ និងភាពច្នៃប្រឌិត ចូលរួមផ្តល់ដំណោះស្រាយក្នុងវិស័យសំខាន់ ដូចជា វិស័យសុខាភិបាល អប់រំ ហិរញ្ញវត្ថុ រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចក្នុងការផ្តល់សេវាសាធារណៈឌីជីថលផងដែរ ។

ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើនិស្សិតជ័យលាភីទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែម ស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ព្រមទាំងត្រូវបំពេញការងារដោយយកចិត្តទុកដាក់ ទំនួលខុសត្រូវខ្ពស់ និងមានក្រមសីលធម៌ល្អ ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុន-សហគ្រាស ដែលខ្លួនបម្រើការងារផង និងដល់សង្គមជាតិ ក៏ដូចជាអនាគតដ៏ត្រចះត្រចង់របស់ខ្លួន ជាពិសេស ត្រូវធ្វើជាយុវជនគំរូ និងជារៀមច្បងដែលមានវប្បធម៌ចែករំលែកចំណេះដឹងនិងបទពិសោធដល់សិស្សប្អូនជំនាន់ក្រោយ កសាងទំនាក់ទំនងល្អនិងមានសាមគ្គីភាពជាមួយនឹងមិត្តដែលសិក្សារួមជំនាន់ ៕

ដោយ ង៉ាន់ ទិត្យ រូបភាព រិនរចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner