ក្រសួងសុខាភិបាល ប្រកាស​ឱ្យប្រជាពលរដ្ឋ​ការពារខ្លួនពីជំងឺហ្ស៊ីកា  បន្ទាប់ពី​​បានរកឃើញករណីជំងឺនេះ​ដំបូងនៅក្នុងឆ្នាំ២០២៣ ​លើកុមារី អាយុ ៧ឆ្នាំ ម្នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាស​ក្រើ​ន​ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ​ត្រូវ​ការពារខ្លួន​ពី​ជំងឺ​ហ្ស៊ីកា (Zika Virus) បន្ទាប់ពី​​បាន​រក​ឃើញករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣​ លើ​កុមារី​​អាយុ ៧ឆ្នាំ ម្នាក់​ដែ​ល​បា​ន​ឆ្លងជំងឺ​ហ្ស៊ីកា​ ​​ក្នុង​​ខេត្តកំពង់ធំ ដែលលទ្ធផលបង្ហាញដោយវិទ្យាស្ថានប៉ាស្ទ័រកាលពីថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២៣​។

យោងតាមសេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃទី​២៤ ខែកញ្ញា បាន​ឱ្យដឹងថា ​​ក្រសួងបានរក​មានករណីជំងឺ​ហ្ស៊ីកាចំនួន១ករណី កើតលើកុមារីអាយុ៧ឆ្នាំ ​​រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ដែលបាន​ចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក កាលពី​​ថ្ងៃទី១៨ ខែកញ្ញា​នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញា ក្តៅខ្លួ​នខ្លាំង មានក្អួត និងរាក។បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារី បានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបា​នធ្វើតេស្តរហ័សរកជំងឺគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។

ក្រសួងបន្តថា នៅថ្ងៃទី១៩ ខែកញ្ញា​គ្រូពេទ្យ​​បាន​បន្តយកវត្ថុវិភាគ និងបានផ្ញើ​ទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ​​ខែកញ្ញាបន្ទាប់មក លទ្ធផលបង្ហាញនៅថ្ងៃទី២១ ខែកញ្ញា ​គឺវិជ្ជមានវីរុសហ្ស៊ីកា។

សេចក្តីប្រកាស​បានបន្តថា ៖ «ក្រសួងសុខាភិបាល​ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា វីរុស​ហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈ មូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះគឺដូចគ្នានិងមូ​សខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាមនិងគ្រុនឈីក»។

ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសនេះមាន នៅក្នុងទឹកកាម ឈា​ម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្ដាយទៅកូនក្នុង អំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល។

វី​រុសហ្ស៊ីកាជាធម្មតាបណ្ដាលឱ្យមានជំងឺហ្ស៊ីកាស្រាលមិនធ្ងន់ធ្ងរទេ ដែលចេញរោគសញ្ញាពី២ ទៅ ៣ថ្ងៃ ប​ន្ទាប់ពីមនុស្សម្នាក់ត្រូវបានខាំដោយសត្វមូសខ្លាដែលផ្ទុកវីរុសហ្ស៊ីកា រោគសញ្ញាទូទៅ មានដូចជាគ្រុនក្ដៅស្ទិ​ញៗ និងកន្ទួលក្រហមលើស្បែក អ្នកខ្លះទៀតអាចនឹងមាន ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំងជាដើម។ នេះបើតាមក្រសួងបញ្ជាក់។​

ក្រសួងបន្តថា ៖ «រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៧ថ្ងៃ ហើយអត្រា​ស្លាប់មានកម្រិតតិចតួចណាស់។ គេបានប៉ាន់ប្រមាណថា ៨០ភាគរយ នៃមនុស្សដែលបានឆ្លងវីរុសនេះមិនបានបង្ហាញរោគសញ្ញាអ្វីទេ។ មានករណីតិចតួច បំផុតដែលអាចវិវត្តទៅជាទន់ដៃទន់ជើង ហើយបើកើតមានលើស្រ្តីមានផ្ទៃពោះ គឺអាចទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារក​អាចតូចជាងធម្មតា»។​

ក្រសួងសុខាភិបាល បន្តថា ជំងឺហ្ស៊ីកាមិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្ដល់ការព្យាបាលគាំទ្រ​ និងថែទាំទៅតាមរោគសញ្ញ អ្នកជំងឺ។ មនុស្សដែលមាន ជំងឺហ្ស៊ីកា គួរសម្រាកនិងពិសាទឹកឱ្យបានច្រើ​ន ព្រមទាំងព្យាបាលការឈឺចាប់និងគ្រុនក្ដៅ​ ដោយប្រើថ្នាំបញ្ចុះកំដៅធម្មតា តែមិនតម្រូវឱ្យប្រើថ្នាំផ្សះទេ​។

សេចក្តីប្រកាសបន្តថា ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ សូមស្វែងរកការ ពិគ្រោះជំងឺជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។ ការធ្វើរោគវិនិច្ឆ័យគឺតាម រយៈមន្ទីរពិសោ​ធន៍នៅក្នុងប្រទេសកម្ពុជាដូចជា​ មន្ទីរពិសោធន៍នៅវិទ្យាស្ថានសុខភាពសាធារណៈ និង​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ដែ​លអាចធ្វើតេស្តរកវីរុសហ្ស៊ីកាបាន។

ក្រសួងបញ្ជាក់ថា ៖ «បច្ចុប្បន្នមិនមានវ៉ាក់សាំងដែលអាចប្រើសម្រាប់បង្ការជំងឺនេះនៅឡើយទេ។ ​សូមប្រ​កា​សក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ការបង្ការដែលល្អបំផុត ពីជំងឺហ្ស៊ីកា គឺត្រូវអនុវត្ត​ន៍ដូចទៅនឹងការបង្ការជំងឺគ្រុនឈាម និងគ្រុនឈីកដែរ រួមមានការពារខ្លួនកុំមូសខ្លាខាំ»។

ទន្ទឹមនឹងនេះដែរ ក្រសួង​សុខាភិបាលក៏បានបញ្ជាក់​ផងដែរដល់​គូស្វាមីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ​ ដែលទើបវិលត្រឡប់មកពីតំបន់ដែលផ្ទុះ ឬកំពុងមានជំងឺ​ហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច៦ខែមុនពេលព្យា​យាមមានផ្ទៃពោះ ដើម្បីធានាថាគ្មានការឆ្លងវីរុសហ្ស៊ីកាទៅ​ទារកដែលនឹងបង្កកំណើត។​

យោងតាម​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បាន​ប្រកាស​ឱ្យដឹងកាលពី​ថ្ងៃទី​២៣ ខែកញ្ញាថា ​មេរោគហ្ស៊ីការ​ត្រូវបានចម្លងជាចម្បងដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។ មនុស្សភាគច្រើនដែលមា​នការឆ្លងមេរោគហ្ស៊ីកា​ មិនមានរោគសញ្ញាទេ។

នាយកដ្ឋានដដែល​បានបញ្ជាក់ថា ៖ «អ្នក​ដែល​មាន​រោគ​សញ្ញា​ជា​ធម្មតា​រួម​មាន​កន្ទួល គ្រុនក្តៅ រលាក​សន្លាក់ ឈឺ​សាច់ដុំ និង​សន្លាក់ ឈឺ​ក្បាល និង​ឈឺ​ក្បាល​ដែល​មាន​រយៈពេល ២-៧​ ថ្ងៃ។ ការឆ្លងមេរោគ នេះ​ អំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច)​ និងភា​ពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន»​។

ប្រភពដដែល​បន្តថា មន្រ្តីក្រុមឆ្លើយតបបន្ទាន់គ្រប់ជាន់ថ្នាក់ និងមន្ត្រី​ជំនាញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ កំពុងចុះទប់ស្កាត់ការរីករាលដាល​ និងអង្កេតស្រាវជ្រាវរកប្រភពចម្លង​ ដើ​ម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់​​។

តាម​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវថា ៖ «សូមបងប្អូនទាំងអស់បង្ការកុំឱ្យមូសខាំ​ ជាពិ​សេ​ស​​កុមារតូច​ និ​ងស្រ្តីមានផ្ទៃពោះ​និងធ្វើ​អនាម័យជុំវិញផ្ទះ​ ក្នុងករណីមានរោគសញ្ញាដូចខាងលើ សូមប្រញា​ប់​ទៅ​ពិគ្រោះជំងឺនៅមណ្ឌលសុខភាព​ និងមន្ទីរពេទ្យ​ ឬទាក់ទងតាម​​លេខ​ ១១៥»៕

ដោយ៖នាង សុគន្ធា

ads banner