ក្រសួងសុខាភិបាល សម្រេចបិទក្រុមហ៊ុន​លក់ផលិតផលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ​

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសុខាភិបាលសម្រេចបិទគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្តៅ​ ដោយអះអាងថា​ក្រុមហ៊ុននេះបានលក់ផលិតផលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

​យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល​នៅថ្ងៃទី២៤ ខែកញ្ញា​​ បានឱ្យដឹងថា ដោយពិនិត្យឃើញគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ​ ទាំង​បីទីតាំង​ បានលក់ តាំងលក់ និងចែកចាយនូវផលិតផលបំប៉នសុខភាព GINSENG PRO ដែលមានផ្ទុកសារជាតិ​សកម្ម​មិនត្រឹមត្រូវតាមរូបមន្តដែលកំ​​ណត់លើផលិតផលដែលបានចុះបញ្ជិកានៅក្រសួងសុខាភិបាល។

ប្រភព​ដដែលបាន​​ឱ្យដឹងទៀតថា ​ផលិតផលដែលតាំងលក់ និងចែកចាយទាំងនោះ ​អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជា ខ្សោយតម្រងនោម លើសឈាម ទឹកនោមផ្អែម ដំបៅ ឬ​ឆ្លាយក្រពះ និងខ្សោយប្រព័ន្ធភាពស៊ាំងសារពាង្គកាយជាដើម។ ​ក្រសួង​ ណែនាំឱ្យម្ចាស់ឱសថស្ថាន តំណាងចែកចាយ និ​ងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់ការលក់ និងចែកចាយផលិតផលបំប៉នសុខភាព GINSENG PRO ទាំ​ងអស់នោះ។

សេចក្ដីប្រកាសបញ្ជាក់ថា ៖ «ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះម្ចាស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ​ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងបុគ្គលទាំងឡាយណាដែលនៅតែបន្តតាំងលក់ និ​ងចែកចាយផលិតផលបំប៉នសុខភាព GINSENG PRO«។

ទាក់ទងនឹងការសម្រេចរបស់ក្រសួងសុខាភិបាល លោក អ៊ុច សម្បត្តិ  ដែលជាប្រធានក្រុមហ៊ុន​គ្រួសារកក់ក្តៅ​ បានប្រាប់​ឱ្យដឹង​នៅថ្ងៃទី ២៤ ខែកញ្ញា​ថា ចំពោះករណីនេះ លោកបានអំពាវនាវឱ្យមានការរក្សាភាពស្ង​ប់ស្ងាត់ ហើយ​ក្រុមហ៊ុន​ស្រាយបំភ្លឺ​​តាមរយៈលិខិតមេធាវីរបស់ក្រុមហ៊ុនហើយផងដែរ​។

លោកថ្លែងថា យើងប្រកាន់គោលជំហភាពស្មោះត្រង់ ។ចំណែកផលិតផលមានគុណភាពខ្ពស់ ជួយប្រ​ជាពលរដ្ឋរហូតមក។ អ៊ីចឹង! សូមពុកម៉ែបងប្អូន និងភ្នាក់ងារចែកចាយ រងចាំការបកស្រាយពីក្រុមហ៊ុនផ្ទា​ល់៕

ដោយ៖ជា សុខនី

ads banner