រាជបណ្ឌិត្យសភាកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាស​សម្ពោធដាក់ឱ្យប្រើ​ប្រាស់ជា​ផ្លូវ​ការនូវ​​ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ដែលត្រូវ​បាន​បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលដែលអាចប្រើប្រាស់បាននៅលើទូរសព្ទដៃ និង​កុំព្យូរទ័រ ដែលរៀបចំដោយ​ក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ​។

​ពិធីសម្ពោធវចនានុក្រមនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី​២៥ ខែកញ្ញា​ ឆ្នាំ២០២៣នៅរាជបណ្ឌិត្យសភាកម្ពុជា​​​ក្រោមអធិបតីភា​ពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋម​ន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី, លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ​និងលោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា រួមនឹង​មន្រ្តី​ពាក់ព័ន្ធជាច្រើនរូបទៀត។

លោក​​​ ហ៊ាន សុខុម ​បានធ្វើបទបង្ហាញ​ពីដំណើរការ នៃការរៀបចំវចនានុក្រមខ្មែរ ដោយ​លោកលើកឡើងថា ​ការរៀបចំធ្វើឡើងនូវវចនានុក្រមខ្មែរនេះ មានរយៈពេលប្រាំឆ្នាំ (២០១៨-២០២២) និងមានសមាសភាពពីគណៈកម្មការជាតិរៀបចំវចនានុក្រម ចំនួន ៦៥ អង្គ/នាក់ ដែលជាបញ្ញវន្ដគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ដ្រ ប្រវត្តិសាស្ដ្រ សេដ្ឋកិច្ច ជាដើម។

​​​ភាសាតែងតែមាន​ការ​វិវត្តជានិច្ច រយៈកាល​ជាង​កន្លះសតវត្សគិតពីការបោះពុម្ពផ្សាយ​វចនា​នុក្រម​ខ្មែរលើកទី៥ ឆ្នាំ​១៩៦៧-១៩៦៨ រហូតមកទល់នឹងពេលនេះ ពាក្យជាច្រើននៅមិនទាន់បានបំពេញបន្ថែម​ក្នុង​វ​ចនានុក្រមនៅឡើយ។ ដូច្នេះការរៀបចំ​ធ្វើបច្ចុប្បន្នកម្ម​វចនានុក្រម​ខ្មែរ ត្រូវ​ធ្វើជាបន្តបន្ទាប់គ្មានទីបញ្ចប់។

លោកបាន​លើកឡើងទៀតថា ដើម្បី​ឆ្លើយតបនឹងតម្រូវ​ការរបស់អ្នកប្រើប្រាស់ភាសាខ្មែរផង និង​ដើម្បីស្របទៅតាមស្ថានភាព​របស់សង្គមខ្មែរ និងពិភពលោក ជាពិសេស​ក្នុង​វិស័យសេដ្ឋកិច្ច វិទ្យាសាស្រ្ត ព័ត៌មាន​វិទ្យាក្នុង​បរិបទសកលភាវូបនីយកម្ម​នេះផងដែរ។ ការរៀបចំធ្វើវចនានុក្រមនេះគឺជាការបន្តការយកចិត្ត​ទុកដាក់ ស្រឡាញ់ និង​ថែរក្សាបុព្វបុរសគ្រប់ជំនាន់ និង​បណ្តា​ពីបញ្ញវន្តជាទូទៅ ជាពិសេសពី​សម្ដេចតេជោ ហ៊ុន សែន​។​

​ប្រធានក្រុមប្រឹក្សាជាតិ បញ្ជាក់ឱ្យដឹងថា ៖ «វចនានុក្រមនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈការបោះពុម្ពជាសៀ​វភៅ និងជាទម្រង់ឌីជីថល ហើយការបង្កើតជាទម្រង់ឌីជីថលបែបនេះ ធ្វើឱ្យចំណេញពេលវេលា ងា​យស្រួ​លក្នុងការប្រើប្រាស់ផ្សព្វផ្សាយបានទូលំទូលាយ ជាពិសេសងាយស្រួលធ្វើបច្ចុប្បន្នកម្មពាក្យថ្មីបន្ថែមទៀត។ ពាក្យដែលមានក្នុងវចនានុក្រមខ្មែរនេះ មានចំនួនសរុប ៤៤ ៦៩៧ ពាក្យ ។ក្នុងនោះ ការដាក់ជាមេពា​ក្យ មានចំនួន ៣១ ០៧ ៣ពាក្យ»។​

លោកបានបញ្ជាក់ថា ៖ «ការរៀបចំ​វចនានុក្រមគឺក្នុង​គោលដៅ​ធ្វើ​បច្ចុប្បន្នកម្ម និង​ទំនើបកម្មវចនានុក្រមខ្មែ​រ​សម្រាប់សុខដុមនីយកម្ម​ក្នុង​ការប្រើប្រាស់ភាសាខ្មែរ​។ គោលការណ៍នៃការធ្វើបច្ចុប្បន្នកម្មវចនានុក្រម​ខ្មែរគឺ​ត្រូវ​រក្សា​ទម្រង់ដើម»។​

​ក្រុមការងារបានខិតខំប្រឹងប្រែងប្រមូលពាក្យពេចន៍ទៅតាមលំដាប់ នៃពេលវេលាក្នុងឯកសារសរសេរនានា និងទៅតាមវិស័យ នៃការប្រើប្រាស់ពាក្យ។ ទន្ទឹមនឹងនេះ ក្រុមការងារ បានបង្កើត​​មូលទិន្នន័យពាក្យខ្មែរដែលមាននៅក្នុងវចនានុក្រមកន្លងមក រួមទាំងពាក្យថ្មីៗទៀត មករក្សាទុកបញ្ចូលគ្នាសម្រាប់ជាឃ្លាំងរក្សាទុក ដែលអាចប្រើជាប្រយោជន៍ផ្សេងទៀត តាមតម្រូវការ។​

ក្នុង​ការធ្វើបច្ចុប្បន្នកម្ម​វចនានុក្រមនេះដែរ លោក ហ៊ាន សុខុម ថា មានការ​ជួបបញ្ហាប្រឈមមួយចំនួនដូចជា ​បញ្ហាធនធានមនុស្សមាន​កម្រិត ពេលវេលាមានកំណត់ ការរីករាលដាលនៃមេរោគកូវីដ១៩ ក៏ដូចជាខ្វះខាតខាងបច្ចេកទេសជាដើម។​

ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម វង្សី វិស្សុត ក៏​បានថ្លែង​កោតសរសើរ​​ចំពោះរាជបណ្ឌិត្យសភាកម្ពុជា និង​ក្រុមប្រឹក្សាជាតិខ្មែរ ជាពិសេសគណៈកម្មការរៀបចំវចនា​នុក្រម​​ដែលបានចូលរួមដោយផ្ទាល់ និងប្រយោល ដើម្បីធ្វើឱ្យអក្សរសាស្ត្រជា​តិខ្មែរមានតម្លៃជាប្រវត្តិសាស្ត្រ អាចប​ញ្ចេញជារូបរាងឡើងជាស្ថាពរ។​​

​ឯកឧត្តមមានប្រសាសន៍ថា ៖ «ការធ្វើបច្ចប្បន្នកម្ម និងទំនើបកម្ម​វចនានុក្រមខ្មែរ គឺជាការចាំបាច់ និងបន្ទាន់ ដើ​ម្បីឱ្យអ្នកប្រើភាសា និងអក្សរសាស្ដ្រខ្មែរ មានសំណេរ អំណាន លើនិយមន័យគ្រប់គ្រាន់ សម្រាប់អ្នកប្រើប្រាស់»។

​ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ទាមទារឱ្យភាសាជាតិ មានការវិវត្ត និងរីកចម្រើនដែរ តាមរ​យៈការបង្កើតពាក្យពេចន៍ឱ្យបានគ្រប់គ្រាន់ និងសបូរបែប ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងប្រសិទ្ធភា​ព តាមតម្រូវការអ្នកប្រើប្រាស់។​​

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ៖ «ភាសា និងអក្សរសាស្ដ្រជាតិ គឺជាផ្នែកមួយនៃវប្បធម៌ អត្តសញ្ញាណ និងដួងព្រលឹងជាតិ ដូច្នេះការរៀបចំ វចនានុក្រមខ្មែរ ឆ្នាំ២០២២ ពិតជាឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ចាំបាច់ និងបន្ទាន់ ក្នុងការអភិវឌ្ឍ និងអភិរក្សភាសាជាតិ ដែលធ្វើឱ្យសង្គមជាតិកាន់តែមានភាពរឹងមាំ»​។

ជាមួយគ្នានោះដែរ​លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​​ថ្លែង​​ដែរថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបា​នបង្កើតឡើងវិញ និងមានដំណើរការចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុ​ជា ចាត់ទុកជា «ធនាគារខួរក្បាល របស់ជាតិ» ដោយស្ថាប័ននេះ បានប្រមូលផ្ដុំនូវបញ្ញវន្ដជាច្រើនរ​បស់ជាតិ ដើម្បីបម្រើការងារក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ដ្រ។

លោកបាន​បន្ដថា ៖ «ក្នុងបេសកកម្មរយៈពេលជាង ២០ឆ្នាំមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានសិក្សាស្រា​វជ្រាវ និងស្វែងរកធាតុចូលយ៉ាងច្រើន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ​ ហើយ​បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យជាតិ និងអន្ដរជាតិជាបន្ដ​បន្ទាប់ ជាមួយប្រទេសជាសមាជិកអាស៊ាន និងអាស៊ីប៉ាស៊ីភិច»​។

សូមរំឭកដែរថា វចនានុក្រុមខ្មែរ បោះពុម្ពលើកដំបូងបំផុតកាលពីឆ្នាំ១៩៦៧-១៩៦៨ ដែលសាធារណជនខ្មែរនានា តែងស្គាល់ និងហៅថា «វចនានុក្រម សម្ដេចសង្ឃរាជ ជួន ណាត»។

វចនានុក្រមនេះ ជាការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ដែលជាវចនានុក្រមខ្មែរ បាននិងកំពុងប្រើប្រាស់ជាផ្លូវការរហូតមកដល់បច្ចុប្បន្ន ហើយសមិទ្ធផល «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ ដែលត្រូវប្រកាសឱ្យប្រើប្រាស់នា​ពេល​នេះក៏ពិតមែន តែវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត នៅតែមានតម្លៃក្នុងការប្រើប្រាស់ដដែល៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner