មន្ត្រីសុខាភិបាល៖ ជំងឺហ្ស៊ីកា ឆ្លងតែប្រភេទមូសខ្លាតែមួយគត់ ​វាមិនអាចឆ្លងតាម​ការរួមភេទនោះទេ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម អះអាងថា ជំងឺហ្ស៊ីកា (Zika Virus) ឆ្លងតាមរយៈប្រភេទមូសខ្លាខាំតែមួយគត់  តែ​វាមិនអាចឆ្លងតាមរយៈការរួមភេទនោះទេ ។ប៉ុន្តែសម្រាប់ស្ដ្រីដែលមានផ្ទៃពោះ បើសិ​នឆ្លងជំងឺនេះ វាអាចប៉ះពាល់ដល់ជីវិតទារកបាន​។

​លោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃ២៥ ខែកញ្ញាថា ជំងឺហ្ស៊ីកា ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ​​ឆ្លងមកមនុស្សបានតាមរយៈមូសខ្លាខាំ​តែមួ​យប្រ​ភេទគត់ ដែលមានន័យថាមូសខ្លា ជាភ្នាក់ងារបង្កជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺហ្ស៊ីកា។

លោកអះអាងថា ៖ «ជំងឺហ្ស៊ីកា ​មិនអាចឆ្លងតាមការរួមភេទនោះទេ ។ដូច្នេះសូមប្រជាពលរដ្ឋ បន្តរក្សារស់នៅ​ដោយមានអនាម័យ និងត្រូវប្រមូលសំរាមដែលអាចដក់ទឹកបាន ទៅកប់ ឬក៏ដុតចោល ហើយប្រសិនជាមា​ននរណាម្នាក់ មានអាការៈក្ដៅខ្លួន សូមប្រញាប់ទៅព្យាបាលនៅមន្ទីរពេទ្យ»​។

លោក លាង ឫទ្ធា ក៏​បានលើកឡើងដែរដោយ​​​កុំឱ្យប្រជាពលរដ្ឋ​មានការបារម្ភខ្លាំងពេក ដោយសារ​ជំងឺនេះ​មិនបានធ្វើឱ្យមនុស្សស្លាប់នោះទេ ក៏ប៉ុន្តែបើសិនជំងឺនេះ ​កើតចំពោះស្ដ្រីមានផ្ទៃពោះនៅត្រីមាសទី៣ គឺវាអាចធ្វើ​ឱ្យទារកនោះមានខួរក្បាលតូច និង​អាចស្លាប់ទៅវិញបាន​។

លោក លាង ឫទ្ធា ថ្លែងថា ៖ « អ្វីដែលបងប្អូនជនរួមជាតិអនុវត្តការពារមិនឱ្យកើតជំងឺគ្រុនឈាមនោះ គឺមានន័យថាបងប្អូន​បានការពារពីជំងឺដទៃផ្សេងទៀតដែរ ដូចជា​​ជំងឺគ្រុនឈីក ​និង​ជំងឺហ្ស៊ីកានេះ​ផងដែរ។  សូមប្រជាពលរដ្ឋកុំមានការបារម្ភខ្លាំងពេកចំពោះជំងឺនេះ​​»។​

ចំណែក លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ក៏បានឱ្យដឹងដែរថា កន្លងមកកម្ពុជា បានរកឃើញករណីជំងឺហ្ស៊ីកានេះចំនួន ៧ករណី ហើយនៅឆ្នាំ២០២៣នេះ គឺបានរកឃើ​ញជំងឺហ្ស៊ីកានៅលើខ្លួនកុមារម្នាក់នៅក្នុងខេត្តកំពង់ធំ ដែលករណីនេះ លោកចាត់ទុកថាវាករណីលើកទី​៨ហើយ។

លោកបន្តថា​ ក្រោយពីការរកឃើញករណីមួយនេះហើយ ក្រសួងបាន​​សិក្សាស្រាវជ្រាវទៅលើកុមារដទៃទៀតដែលបានប៉ះពាល់ជាមួយកុមារដែលមានជំងឺហ្ស៊ីកានេះ​ ដោយយកមកធ្វើតេស្ត ក្នុងនោះបានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្តែទោះបីជាយ៉ាងណា ក៏មន្ត្រីសុខាភិបាលនៅតែបន្តតាមដានជានិច្ច ដើម្បីធ្វើឱ្យប្រាកដថាពុំមានការរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

លោក លី សូវ៉ាន់ អះអាងថា ៖ «តាមការសង្កេតបឋម កុមារនេះមិនមានឪពុកម្ដាយទៅបរទេសនោះទេ ដូច្នេះហើយបានន័យថា វាជាករណីមួយដែលកើតនៅក្នុងរបស់ប្រទេសយើង ក៏ប៉ុន្តែយើងបានស្រាវជ្រាវបន្តទៀតលើកុមារដែលប៉ះពាល់ គឺអវិជ្ជមានទាំងអស់។ យើងក៏កំពុងសិក្សាទៅលើប្រភេទមូសទៀតដែរ»។

ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសស្ដ្រីមានផ្ទៃពោះ និងកុមារតូចៗ សូមបង្ការខ្លួនកុំឱ្យមូសខ្លាខាំ ដែលវាអាចការពារបានទាំងជំងឺគ្រុនឈាម ជំងឺហ្ស៊ីកា និងរួមទាំងគ្រុនឈីកផងដែរ។ ​លោកក៏​ណែនាំឱ្យប្រជាពលរដ្ឋត្រូវចេះអនាម័យជុំវិញលំនៅឋានរបស់ខ្លួន កុំឱ្យមានរបស់ដែលអាចដកទឹកបាន។

ទាក់ទងនឹងការរកឃើញជំងឺហ្ស៊ីកានេះ លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានឱ្យដឹងដែរ​ថា តាមការប្រកាសរបស់ក្រសួង ខាងមន្ទីរសុខាភិបាលខេត្ត បានផ្សព្វផ្សាយបន្តនៅតាមបណ្ដាស្រុ​កទាំងអស់នៅទូទាំងខេត្ត តាមរយៈមន្ត្រីដែលទទួលបន្ទុកធ្វើកិច្ចការងារនេះ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងបង្ការពីជំងឺហ្ស៊ីកា ពីព្រោះជំងឺនេះវាឆ្លងតាមរយៈមូសខ្លាខាំ ដូចនឹងជំងឺគ្រុនឈាម និងជំងឺគ្រុនឈីកដែរ។

លោក គួយ ប៊ុនធឿន បញ្ជាក់ថា ៖ «យើងបានទទួលព័ត៌មានហ្នឹងភ្លាម គឺយើងបានណែនាំឱ្យមន្ត្រី ចុះទៅផ្សព្វផ្សាយនៅតាមមូលដ្ឋានសហគមន៍របស់ប្រជាពលរដ្ឋ ដើម្បីឱ្យគាត់យល់ដឹងពីវិធានការការពារ និងបង្កា​រពីជំងឺនេះ»។

លោកថា ក្រៅពីការផ្សព្វផ្សាយហើយ ​មន្ត្រីខេត្ត​បានជំរុញ​ឱ្យពលរដ្ឋចេះអនាម័យជុំវិញលំនៅឋានរបស់ខ្លួនកុំឱ្យមានមូសខ្លារស់នៅជាដើម។

ដោយឡែក លោក លោក គួង ឡូ ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ព្រះ​វិហារ ក៏បានប្រាប់ដែរ​ថា ជំងឺហ្ស៊ីកា​ជា​ជំងឺមួយដែលបង្កឡើងដោយមូសខ្លា ដូចទៅនឹងជំងឺគ្រុនឈាមដែរ ដែល​បច្ចុប្បន្ននេះ ខាងមន្ទីរសុខាភិបាលរបស់លោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដូចគ្នាប្រយុទ្ធនឹងជំងឺហ្ស៊ីកាដែរ​។

លោកបន្តថា ​ការប្រយុទ្ធប្រឆាំងនេះ ដូចជាការបាញ់ថ្នាំសម្លាប់សត្វមូស ការដាក់ថ្នាំ​អាប៊ែតនៅតាមពាងទឹ​ករបស់ប្រជាពលរដ្ឋ និងមានអប់រំពលរដ្ឋឱ្យមានអនាម័យនៅជុំវិញលំនៅឋាន​ជាដើម។

លោក គួង ឡូ បញ្ជាក់ថា ៖ « ជំងឺហ្ស៊ីកា និងជំងឺគ្រុនឈាម វាបង្កឡើងដោយមូសខ្លាតែមួយ។ ដូច្នេះការការពារជំងឺគ្រុនឈាមក៏ដូចជាការការពារជំងឺហ្ស៊ីកាដែរ»។

សូមបញ្ជាក់ថា ​ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា​ បានប្រកាសរកឃើញកុមារីអាយុ ៧ឆ្នាំម្នាក់ ដែលមានអាស័យដ្ឋានរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឆ្លងជំងឺហ្ស៊ីកា ដែលជាករណី​ទី១ក្នុង​ ឆ្នាំ​២០២៣នេះ​​៕

ដោយ៖ជា សុខនី

ads banner