ស្ថានទូតអាមេរិកប្រចាំកម្ពុជារៀបចំពិព័រណ៍អប់រំសម្រាប់អ្នកចាប់អារម្មណ៍ចង់សិក្សានៅសាកលវិទ្យាល័យអាមេរិក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ស្ថានទូតអាមេរិកប្រចាំកម្ពុជា នឹង​រៀបចំពិព័រណ៍អប់រំ EducationUSA Fair ឆ្នាំ២០២៣ របស់បណ្តាញប្រឹក្សាអប់រំរបស់ក្រសួងការបរទេសអាមេរិកសម្រាប់សិស្សានុសិស្សកម្ពុជាដែលមានចំណាប់អារម្មណ៍បន្តកា​រសិក្សានៅសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក ។ពិធីនេះនឹង​មានតំណាងជាង ២០ មហាវិទ្យាល័យ និងសា​កលវិទ្យាល័យល្បីៗ​របស់អាមេរិកចូលរួមក្នុងពិព័រណ៍​។​

យោងតាមសេចក្តីប្រកាសពីស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី២៥ ខែកញ្ញា ​បានឱ្យដឹងថា ស្ថានទូតនឹ​ងមានការរៀបចំពិព័រណ៍អប់រំមួយពាក់ព័ន្ធនឹងឱកាសសិក្សានៅសហរដ្ឋអាមេរិក។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ​ នៅសណ្ឋាគារ Hyatt Regency Phnom Penh ចាប់ពីវេលាម៉ោង ២រសៀល ដល់ម៉ោង ៦ល្ងាច។ ​

សេចក្តីប្រកាស បញ្ជាក់ថា តំណាងនៃមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាង២០ នឹងមានវត្តមាននៅក​ម្មវិធីនេះ ដើម្បីផ្តល់យោបល់ និងសំណេះសំណាលជាមួយសិស្សានុសិស្សកម្ពុជាពាក់ព័ន្ធនឹងកម្មវិធីស​ ញ្ញា​បត្រ តម្រូវការចូលរៀន និងឱកាសអាហារូបករណ៍។ ពិព័រណ៍នឹងផ្តល់ព័ត៌មានអំពីទិដ្ឋាការសិស្ស ក​ម្មវិធីផ្លាស់ប្តូរការសិក្សារបស់រដ្ឋាភិបាលអាមេរិកផងដែរ។​

ប្រភពដដែល​បានរំលេចថា ៖ «ពិព័រណ៍នេះ​​ធ្វើឡើង​ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការអប់រំ និងពង្រីកឱកាសសិក្សា និងឱកាសកា​រងារសម្រាប់ប្រជាជនកម្ពុជា។ ពិព័រណ៍នេះក៏​ផ្តល់កន្លែងពិសេសមួយស​ម្រាប់ប្រជាជនកម្ពុជាក្នុងការតភ្ជាប់ទំ​នា​ក់ទំនងជាមួយស្ថាប័នឧត្តមសិក្សារបស់សហរដ្ឋអាមេរិក និងដើម្បីស្វែ​ងយល់អំពីអត្ថប្រយោជន៍នៃការទទួ​ល​បានការអប់រំនៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក»​។​

សូម​បញ្ជាក់ថា តំណាងសាកលវិទ្យាល័យ និងមហាវិទ្យាល័យជាង២០ របស់សហរដ្ឋអាមេរិក មានដូចជា​​សាកលវិទ្យាល័យ New York, Washington State, Tacoma Community College, Bellevue College, Northeastern University, University of Arizona និងសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានា​ទៀត​។​

ពាក់ព័ន្ធនឹង​ការតាំងពិព័រណ៍​នេះ​ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកអប់រំ ទេសចរណ៍ និងវប្បធម៌ នៃរា​ជបណ្ឌិត្យសភាកម្ពុជា សាទរចំពោះការរៀបចំ​ពិព័រណ៍អប់រំនេះឡើង​​​ ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំ​ង២​ផង និងផ្តល់លទ្ធភាពដល់ប្រជាជនខ្មែរក្នុងការបន្តការសិក្សានៅទឹកដីអាមេរិកផង។​

លោក ឈត ប៊ុនថង ​ប្រាប់ថា ៖ «បើស្ថានទូតបានរៀបចំ​ វាល្អសម្រាប់សិស្សានុសិស្សខ្មែរដែលចង់សិក្សានៅ​អាមេរិក អាចត្រៀមខ្លួន យល់ដឹងពីតម្រូវការ​ ស្វែងយល់ពីលក្ខខណ្ឌនានា ហើយទំនាក់ទំនងវិស័យអ​ប់​រំក៏សំខាន់ផងដែរ សម្រាប់រឹត​ចំណងការទូតប្រទេសទាំង២ បន្ថែមលើវិស័យវប្បធម៌ ពាណិជ្ជកម្ម ជាដើម»​ ​។​

សូម​បញ្ជាក់ដែរ​​ថា បណ្តាញ EducationUSA គឺជាបណ្តាញរបស់ក្រសួងការបរទេសអាមេរិកដែលមានម​ជ្ឈ​មណ្ឌលប្រឹក្សានិស្សិតអន្តរជាតិសម្រាប់ប្រទេសប្រមាណ ១៧០ប្រទេស៕​

ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner