ក្រសួងធម្មការ​ចេញសារាចរហាមយកព្រះ​ពុទ្ធសាសនាមក​លេងសើច​​​ និង​ឱ្យអាជ្ញាធរ​​ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងធម្មការ និង​សាសនា ឯកឧត្តម ចាយ បូរិន បាន​ចេញសារាចរណែនាំ​នូវការ​​​អនុវត្តគោលការ​ណ៍ប្រណិប័តន៍លើជំនឿ សាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បន្ទាប់ពី​មានបុគ្គល​មួយចំនួន បានធ្វើស​កម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ​នាំឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរព្រះពុទ្ធសាសនា។

ឯកឧត្តម​បាន​លើកឡើងតាមរយៈសារាចរណែនាំ​ចុះ​​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ថា ព្រះពុទ្ធសាសនានៅ​កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងស្មារតីនៃការគោរព ប្រណិប័តន៍ និងបណ្ដុះនូវស្មារតីសីលធម៌ និងគុ​ណធម៌ ដែលជាប្រភពនៃការទ្រទ្រង់ព្រះពុទ្ធសាសនា ធ្វើឱ្យ​កង់ពុទ្ធចក្រនិងអាណាចក្រ ធ្វើដំណើររួមគ្នាដោយខានពុំបាន ក្នុងការអភិវឌ្ឍជាតិឆ្ពោះទៅរកភាពសម្បូរ រុងរឿង​ សុខសន្តិភាព ​សម្រាប់មនុស្សជាតិ។

​សារាចរបានបន្តទៀតថា ​៖ «ក្រសួងធម្មការ និងសាសនា បានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ ស​ន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ»។សកម្មភាពទាំងនេះ ក៏​បានធ្វើ​ឱ្យ​ប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា អរិភាព ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ ដែលទង្វើទាំងនោះមិនស្របទៅនឹងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន​។

ឈរលើស្មារតីនេះ រដ្ឋមន្រ្តី​ក្រសួងធម្មការ និងសាសនា បានធ្វើការ​ណែនាំនូវចំណុច​សំខាន់ៗ​មួយចំនួន ដោយក្នុង​នោះ ​​ហាមដាច់ខាតការយកត្រៃយ៍ចីវរទៅស្លៀកដណ្តប់តាមទំនើងចិត្ត ការលួចយកបូជនីយវត្ថុដែលធ្វើឱ្យខូចខាតដល់បូជនីយដ្ឋាននានារបស់សាសនា។

សារាចរ ក៏​បាន​ហាមយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មតាមគ្រប់រូបភាពរួមមាន៖ ទេសនា​បង្រៀ​ន​ធម៌ ផ្សព្វផ្សាយ​ប្រាសចាកធម៌វិន័យ សេចក្តីពិតនៃព្រះធម៌ មន្តអាគមអូមអាម សីលវិជ្ជាការ (ទុវិជ្ជា)ដែលជា​សកម្មភាព មានលក្ខណៈបោកប្រាស់។

សារាចរបញ្ជាក់ថា ៖ «មិនត្រូវ​យកទង់ព្រះពុទ្ធសាសនា ព្រះបដិមា ឬវត្ថុជាទីសក្ការៈនៃសាសនា ទៅធ្វើការទាក់ទាញ បំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួន ដែលធ្វើឱ្យ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម»​។  

សារាចរ ក៏​បាន​ហាមយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ និង​មិនត្រូវ​យកព្រះពុទ្ធរូប ឬសញ្ញាសម្គាល់ព្រះពុទ្ធសាសនា ទៅដាក់ក្នុងវត្ថុប្រើប្រាស់មិនគប្បី ដើម្បីផ្សាយ ពា​ណិជ្ជកម្មទាក់ទាញរកផលប្រយោជន៍ ឬតម្កល់ទុកក្នុងទីមិនសមគួរ ឬដាក់តម្កល់ដើម្បីលម្អទាក់ទាញ (ហា​ងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម)។

រដ្ឋមន្រ្តី ចាយ បូរិន សង្កត់ធ្ងន់ថា ៖ «​មន្ទីរធម្មការ និងសាសនា រាជធានី​ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំ​ដាប់ថ្នាក់ ត្រូវ​សហការអនុវត្តឱ្យមានប្រសិទ្ធភាព និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត»៕ ​

ដោយ៖គឹម យុត្ថារ៉ូ

ads banner