មេបញ្ជាការសឹករងកំពង់ធំ ផ្ដាំផ្ញើសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ពង្រឹងសមត្ថភាព ក្នុងវគ្គហ្វឹកហ្វឺនបាញ់ស៊ីបគ្រាប់ពិត រយៈពេល ៣ខែ ឱ្យមានប្រសិទ្ធភាព

អត្ថបទដោយ៖
ប៊ុន រដ្ឋា

(កំពង់ធំ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងផ្ដាំផ្ញើសិក្ខាកាមទាំងអស់ បន្តយកចិត្តទុកដាក់ហ្វឹកហ្វឺនពង្រឹងសមត្ថភាពការបាញ់ស៊ីបគ្រាប់ពិត រយៈពេល ៣ខែ ឱ្យមានប្រសិទ្ធភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែដូច្នេះនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំសហការី ចុះពិនិត្យវាយតម្លៃ ចំណុចខ្លាំង ចំណុចខ្សោយ នៃលទ្ធផលហ្វឹកហ្វឺនបំប៉នពង្រឹងនាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ២០២៣ នៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ កងយោធពលខេមរភូមិន្ទ ត្រូវហ្វឹកហ្វឺនពង្រឹងសមត្ថភាព កាយសម្បទារឹងមាំ ព្រមទាំងយុទ្ធវិធីបច្ចេកទេសក្នុងការប្រយុទ្ធការពារទីតាំង នឹងវាយបកទៅលើខ្មាំងសត្រូវ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី មាតុភូមិនៃព្រះរាជាណាចក្រកម្ពុជា កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងត្រៀមកងកម្លាំងអន្តរាគមន៍ជួយ សង្គ្រោះប្រជាជនក្នុងគ្រោះមហន្តរាយផ្សេងៗ។

ឧត្តមសេនីយ៍ទោមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ដែលបានខិតខំបង្ហាត់បង្រៀន និងរៀនសូត្រ ក្នុងរយៈពេល ៨៦ថ្ងៃកន្លងទៅនេះ លើផែនការរៀនសូត្ររយៈពេល ៩១ថ្ងៃ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពបានយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ស្របតាមផែនការនិងកម្មវិធីហ្វឹកហ្វឺនរៀនសូត្រ ដែលបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានដាក់ចេញ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់គណៈកម្មការគ្រប់គ្រងវគ្គ ក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ត្រូវប្រុងប្រៀបកិច្ចការរៀបចំពិធីបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធAK47 ដើម្បីវាស់ស្ទង់កម្រិតគុណភាពហ្វឹកហ្វឺនក្នងប្រើប្រាស់បច្ចេកទេសអាវុធថ្មើរជើង ដើម្បីការពារខ្លួន និងការបាញ់ចំគោលដៅកម្ទេចខ្មាំងសត្រូវ និងរៀបចំកម្មវិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងដល់នាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ២០២៣ នៅពេលដ៏ខ្លីខាងមុខ ឲ្យទទួលបានជោគជ័យ ៕

ដោយ ប៊ុន រដ្ឋា

ads banner