រដ្ឋមន្រ្តី ទេសចរណ៍ ដឹងគុណ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយចីរភាព

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ដែលបានចង្អុលបង្ហាញ និងតម្រង់ទិស ក្នុងការ អភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ ។

អង្គពិធីបានកោតសរសើរដល់ ឯកឧត្តម ហ្សូរ៉ាប់ ប៉ូឡូលីកាហ្ស៊ីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) សម្រាប់សារអបអរសាទរជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលការគាំទ្រពីប្រជាពលរដ្ឋដ៏ច្រើនកុះករ តាមរយៈការបោះឆ្នោតគាំទ្រនាពេលថ្មីៗកន្លងមកនេះ ក៏ដូចជាការបង្កើតរាជរដ្ឋាភិបាល នៃរដ្ឋសភានីតិកាលទី៧ ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការគាំទ្រពីសមាគមន៍អន្តរជាតិលើការដឹកនាំប្រកបដោយគតិបណ្ឌិត និងប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃ កម្ពុជា ក៏ដូចជាការដឹកនាំប្រកបដោយចក្ខុវិស័យ ច្បាស់លាស់ និងវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ។

អង្គពិធីក៏បានអបអរសាទរនូវការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមការដឹកនាំចង្អុលបង្ហាញនិងការតស៊ូគ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំជំនាន់មុន ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ។

អង្គពិធីដែលមានអ្នកចូលរួមប្រមាណចំនួន ៣0០នាក់ ក៏បានសម្តែងការនឹករលឹក ដល់សម្តេចវិបុលបញ្ញា សុខ អាន ដែលជាបំពេញតួនាទីជាបេសកជនពិសេសរបស់ សម្តេចតេជោ ក្នុងការជំរុញការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករហូតទទួលបានជោគជ័យ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ។

ឯកឧត្តម រដ្ឋមន្រ្តី សុខ សូកេន បានគូសបញ្ជាក់បន្ថែម អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដ៏ចម្បងក្នុងការស្ដារសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ដូចដែលបានគូសបញ្ជាក់ក្នុងសារលិខិតអបអររបស់សម្ដេចធិបតី។ ដូចនេះ ដើម្បីអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងទេសចរណ៍នឹងអនុវត្តគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើគំនិតផ្តួចផ្តើមថ្មីដែលមានសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥ – Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ ៣ – 3Ds”។

ក្នុងន័យនេះ អង្គពិធីបានគាំទ្រការដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួន ដូចតទៅ៖
១. មូលធនមនុស្ស៖ ការងារ, ជំនាញ, ការបណ្តុះបណ្តាល និងសហគ្រាស
២. នវានុវត្តន៍ និងឌីជីថលូបនីយកម្មវិស័យទេសចរណ៍
៣. បង្កើនការអភិវឌ្ឍ វិនិយោគផលិតផលទេសចរណ៍បៃតង
៤. ជំរុញការទាក់ទាញទេសចរជាតិ និងអន្តរជាតិ

ឯកឧត្តមរដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា តាមរយៈការរៀបចំទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣នេះ ភាគីពាក់ព័ន្ធទាំងអស់នឹងបានជ្រួតជ្រាបកាន់តែច្បាស់អំពីចក្ខុវិស័យ និងនិន្នាការថ្មីៗនៃវិស័យទេសចរណ៍សកលលោក។ ក្រសួងទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជននិងបណ្ដាដៃគូអភិវឌ្ឍន៍ ប្តេជ្ញាធ្វើការរួមគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ទាំងអស់គ្នា ឆ្ពោះទៅរកចក្ខុវិស័យអភិវឌ្ឍជាវិស័យដែលមានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner