សាកលវិទ្យាល័យរបស់ប្រទេសអង់គ្លេសដំបូងគេបង្អស់នៅកម្ពុជា ប្រកាសដាក់ឱ្យដំណើរការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃ​ចក្រភពអង់គ្លេស បាន​ប្តេជ្ញា​នឹងបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ពិសេ​សលើវិស័យ​​អប់រំ​របស់អង់គ្លេស​ដែល​អាចដើរតួក្នុងការធានាថា កម្ពុជាមានជំនាញ​ដែលត្រូវការដើម្បីបន្តកំណើនសេដ្ឋកិ​ច្ច និងក្នុងការអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ការ​លើកឡើងនេះ ធ្វើឡើង​ដោយ​លោកស្រី​​ Heather Wheeler បេសកជនពាណិកម្មនៃរដ្ឋមន្ត្រីចក្រភពអង់គ្លេសនា​ឱកាស​​ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ​សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា (De Montfort University Cambodia) កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាសាកលវិទ្យាល័យរ​បស់ប្រទេសអង់គ្លេសដំបូងគេបង្អស់នៅកម្ពុជា។

​ តាមការប្រកាសលើបណ្តាញហ្វេសប៊ុកក្រសួងអប់រំកាលពីថ្ងៃទី២៦ខែកញ្ញា​​លោកស្រី Heather Wheeler ​បានលើកឡើងដែរ​ថា លោកស្រីចង់ឃើញប្រជាជនកម្ពុជាកាន់តែច្រើនទទួលបានការអប់រំ ទាំងនៅ​ក្នុងប្រទេសកម្ពុជា និងនៅចក្រភពអង់គ្លេស។ លោកស្រីថា ការបើកឱ្យដំណើរការសាកលវិទ្យាល័យ​នេះ ​គឺជាសមិទ្ធផលដ៏សំខាន់មួយ នឹងចូលរួមផ្តល់នូវការអប់រំដ៏ល្អបំផុត និងការបង្រៀនប្រកបដោយគុណភា​ព។ ​

បន្ថែមពីនេះ លោកស្រី ក៏បានប្តេជ្ញាថា ៖ «ចក្រភពអង់គ្លេស នឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជា ពិសេ​សការអប់រំរបស់អង់គ្លេសអាចដើរតួក្នុងការធានាថាកម្ពុជាមានជំនាញ ដែលត្រូវការដើម្បីបន្តកំណើនសេ​ដ្ឋកិច្ច និងក្នុងការអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ»។​

​លោក ដូមីនិក វិល្លៀម(Dominic Williams) ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជា បានបង្ហាញក្តីរំភើបចំពោះវត្តមានសា​ក​លវិទ្យាល័យចក្រភពអង់គ្លេសដំបូងគេនៅកម្ពុជា បានបើកដំណើរការក្នុងឆ្នាំនេះ ត្រូវនឹងខួបលើកទី៧០ នៃទំនា​ក់ទំនងការទូតកម្ពុជា និងចក្រភពអង់គ្លេស។ ​

លោកបាន​លើកឡើងថា ៖ «តាមរយៈសាកលវិទ្យាល័យនេះ នឹងអាចបង្ហាញថាវិស័យអប់រំ ពិតជាសំខាន់សម្រាប់ជំហានបន្ទាប់ នៃការអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយវាក៏ជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនងពា​ណិ​ជ្ជកម្មរបស់ចក្រភពអង់គ្លេសជាមួយនឹងកម្ពុជា»។

លោក Dominic Williams បន្តថា ​សាកលវិទ្យាល័យនេះ ក៏បង្ហាញពីការអប់រំបង្កើតឱ្យមានទំនាក់ទំនងពិ​សេសរវាងមនុស្ស ជាក់ស្តែងរាល់និស្សិតកម្ពុជា ដែលបានសិក្សានៅវិទ្យាស្ថានរបស់អង់គ្លេស ទាំងក្នុង ឬក្រៅប្រទេស តែងមានការផ្សារភ្ជាប់ជាពិសេសជាមួយអង់គ្លេស ហើយទំនាក់ទំនងនេះនៅជាប់ជាមួយពួកគេ​ពេញមួយជីវិតផងដែរ​។​

នាឱកាសនោះដែរបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា នេះគឺជា​ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យអប់រំ នៅកម្ពុជា ដែលជាឱកាសសម្រាប់យុវជនអាចទទួលបានការអប់រំប្រកបដោយគុណភាពតាមស្ដង់ដាររបស់ចក្រភពអង់គ្លេស ដោយសិក្សារៀនសូត្រនៅប្រទេសកម្ពុជាផ្ទាល់តែម្ដង។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងអនុវត្តគម្រោងអប់រំរបស់ចក្រភពអង់គ្លេសនៅកម្ពុជានាពេលកន្លងមក និងពេលបច្ចុប្បន្នផងដែរ។​

សូម​បញ្ជាក់​ថា សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ត្រូវបានបង្កើតឡើងតាមអនុក្រឹតលេខ ២០៣ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល។ សាកលវិទ្យាល័យ នេះជាសាកលវិទ្យាល័យ​របស់ប្រទេសអង់គ្លេសដំបូងគេបង្អស់ នៅប្រទេសកម្ពុជា ដែលមានមហាវិទ្យាល័យ ចំនួន ៦ រួមមាន៖ មហាវិទ្យាល័យពាណិជ្ជសាស្រ្ត និងនីតិសាស្រ្ដ ,មហាវិទ្យាល័យវិទ្យាសាស្រ្តកុំព្យូទ័រ,មហាវិទ្យាល័យរចនា មហាវិទ្យាល័យភាសាអង់គ្លេស,មហាវិទ្យាល័យអប់រំ និងមហាវិទ្យាល័យវិស្វកម្ម។​

តាមរយៈវត្តមានសាកលវិទ្យាល័យ​ដ៏ធំនេះ​នៅកម្ពុជា​​ លោក ​គង់ សំនៀង ប្រធាន​សហ​ព័ន្ធ​សេវា​អប់រំ​កម្ពុជា ​បាន​លើក​ឡើង​នៅ​ថ្ងៃទី២៧ ​ខែកញ្ញា​ ថា ​វាជារឿងល្អ នៅពេលដែលមានរំហូរអប់រំថ្មីពីបណ្តាប្រទេសអភិ​វឌ្ឍន៍ ខណៈលោកក៏បានជំរុញឱ្យសាកលវិទ្យាល័យក្នុងស្រុកអាចរៀនសូត្របន្ថែមពីសាកលវិទ្យាល័យទាំងនោះ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមផងដែរ។​

បន្ថែមពីនេះ លោកក៏បានបន្តជំរុញទៅកាន់សិស្សនិស្សិតកម្ពុជាថា ៖ «សូមឱ្យប្អូនៗសិស្សនិស្សិត ត្រូវត្រៀ​មខ្លួនពង្រឹងសមត្ថភាពជំនាញភាសាអង់គ្លេស ចំណេះដឹងទូទៅ គណិតវិទ្យា និងវិទ្យាសាស្រ្ត ដើម្បីត្រៀមខ្លួនចាប់យកឱកាសបន្តសិក្សានៅប្រទេសអង់គ្លេស និងបណ្តារប្រទេសដទៃទៀត»៕

ដោយ៖បូរ ពេជ្រហ្សាលីន 

ads banner