ក្រសួងកសិកម្មគ្រោងនឹងចំណាយថវិកា៣០លានដុល្លារ ដើម្បីសាងសង់អគារមន្ទីរពិសោធន៍ជាតិដ៏ធំនិងទំនើបមួយ សម្រាប់​ត្រួតពិនិត្យផលិតផលកសិកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តួចផ្តើមគំនិតកសាងអគារមន្ទីរពិសោធន៍ជាតិដ៏ធំ និងទំនើបមួយនៅខេត្តកណ្តាលដែលគ្រោងនឹងចំណាយថវិកា៣០ លានដុល្លារ ខណៈបច្ចុប្បន្ន ក្រសួងបានចាប់ផ្តើមកៀរគរជំនួយពីដៃគូអភិវឌ្ឍន៍នានា ដើម្បីសម្រេចគោលដៅសាងសង់អគារឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៦ខាងមុខ។

នៅក្នុងជំនួបជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២៦ ខែកញ្ញា​ ឯកឧត្តម ឌិត ទីណា ​បានលើកឡើងថា លោ​កស្វាគមន៍រាល់កម្មវិធីវិនិយោគ និងគម្រោងអភិវឌ្ឍន៍ដែលផ្តល់ប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាកសិករឱ្យមានភាពប្រ​សើរឡើង និងដើម្បីកម្ពុជាសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឯកឧត្តមរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ៖ «​ការងារមន្ទីរពិសោធន៍ជាតិគឺជាផ្នែកចាំបាច់មួយក្នុងការត្រួតពិ​និត្យផលិតផលកសិកម្ម ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងនូវជំងឺឆ្លងផ្សេងៗ។ វាមានសារសំខា​ន់ និងជាជំហានដែលត្រូវចាប់ផ្តើម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ អគារពិសោធន៍ ដែលតម្រូវឱ្យមានការកៀងគរលទ្ធភា​ព ដើម្បីសម្រេចការងារនេះ ហើយក្រសួងស្វាគមន៍នូវរាល់ដៃគូរអភិវឌ្ឍន៍ដែលចង់ចូលរួមលើការកសាងអគារនេះ»។

ចំពោះគម្រោងសាងសង់អគារពិសោធន៍ថ្នាក់ជាតិថ្មីនេះដែរ អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានប្រាប់ឱ្យដឹង​នៅថ្ងៃទី២៧ ខែកញ្ញា​ថា គម្រោងកសាងមន្ទីរពិសោធន៍ថ្នាក់ជាតិនេះ ​ជាការផ្តួចផ្តើមគំនិតដោយផ្ទាល់ពីរដ្ឋមន្រ្តីក្រ​សួ​ងក​សិកម្ម បន្ទាប់ពីលោកបានចុះទៅពិនិត្យមើលនៅតាមអគ្គនាយកដ្ឋានសំខាន់ៗ និងឃើញមានការស្ថាប័ននីមួយៗមានម​ន្ទីរពិសោធន៍រៀងខ្លួន ទើបលោកក៏មានបំណងរៀបចំឱ្យមានជា មន្ទីរពិសោធន៍ថ្នាក់ជាតិមួយដែលមានលក្ខណៈស្តង់ដារ ដើ​ម្បីប្រមូលផ្តុំមន្ទីរពិសោធន៍ទាំងនោះ។

កញ្ញា រចនា បានបញ្ជាក់ថា ៖ «ការរៀបចំមន្ទីរពិសោធន៍ថ្នាក់ជាតិនេះ នឹងជួយច្រើន ក្នុងការកាត់បន្ថយការចំណាយផ្សេង​ៗពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ពិសោធន៍ ដែលជាទូទៅមានតម្លៃថ្លៃ ដែលជាគោលដៅមួយ។ទីពីរ នៅពេលដែលយើ​ងប្រមូលផ្តុំមន្ទីរពិសោធន៍មកដាក់នៅកន្លែងតែមួយអ្នកវិទ្យាសាស្រ្ត ក៏ដូចជាអ្នកជំនាញ អាចសិក្សារៀនសូត្រ ចែករំលែកប​ទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពគ្នាទៅវិញទៅមក»។

ដូចគ្នានេះដែរ លោក ថោង រ៉ា អ្នកជំនាញសុវត្ថិភាពចំណីអាហារថ្នាក់ជាតិនៃអង្គការយូនីដូ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការសា​ងសង់មន្ទីរពិសោធន៍ថ្នាក់ជាតិនេះ ខណៈដែលលោកអះអាងថា ខាងអង្គការយូនីដូមានគម្រោងនឹងផ្តល់ជំនួ​យលើផ្នែកបច្ចេកទេសដល់ក្រសួងកសិកម្ម ក្នុងការរៀបចំមន្ទីរពិសោធន៍ដ៏ធំនិងទំនើបមួយនេះ(Central Lab)។

បើតាមលោក ថោង រ៉ា កន្លងទៅថ្មីៗនេះ ក្រសួងកសិកម្មក៏បានពិភាក្សាជាមួយយូនីដូដែរ លើបញ្ហានេះ ដោយក្រសួងមានគម្រោងនឹងដាក់ឈ្មោះ មន្ទីរពិសោធន៍ថ្នាក់ជាតិនេះថា (Central Lab ) Food Safety Lab ដែលការបង្កើតមន្ទីរពិសោ​ធន៍នេះមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅក្នុងស្រុក និងសម្រាប់នាំចេញ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម អគារមន្ទីរពិសោធន៍ជាតិដ៏ធំ និងទំនើបនេះ​ គ្រោងនឹងសាងសង់នៅលើផ្ទៃដីពីរហិកតា ស្ថិតនៅសង្កាត់សិត្បូរ ក្រុងតាខ្មៅខេត្តកណ្តាល ដោយក្រសួងកសិកម្ម រំពឹងថា មន្ទីរពិសោធន៍ថ្នាក់ជាតិនេះ នឹងក្លាយជាមន្ទីរពិសោធន៍ស្តង់ដារមួយ សាងសង់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលមានការធានានូវសុវត្ថិភាព ទាំងអ្នកដែលបម្រើការងារនៅទីនេះផ្ទាល់ និងគិតគូរដល់សុវត្ថិភាពប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះដែរ។

ដោយឡែក នៅថ្ងៃដដែលនោះដែរ ​ឯកឧត្តម ឌិត ទីណា ក៏​បានជួប​ប្រជុំពិភាក្សាជាមួយលោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ផងដែរ​ នាទីស្តីការក្រសួងកសិកម្ម។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម  ដោយ​ផ្តោ​តសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលក​សិកម្មរបស់កម្ពុជាឆ្ពោះទៅ​កាន់​ទីផ្សារ​ប្រទេស​រុស្ស៊ី។

នាកិច្ច​ប្រជុំនោះដែរ ភាគីទាំងពីរ​ក៏បាន​​ពិភាក្សា​គ្នា​ផង​ដែរ​ពីការ​ត្រៀម​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ជំនាញការកសិកម្ម​​ជ​នជាតិសូវៀត​ចំនួន​ប្រាំបី​រូប ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​១៩៨៣កន្លងទៅ​។

​​ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នកជំនាញការ​សូវៀត នៅ​ខេត្ត​កំពង់ចាម ដែល​ជា​ទី​កើត​ហេតុ ឯ ​​ស្តូបរំឭក​វិញ្ញាណក្ខន្ធ នឹង​រៀបចំ​ខ្លឹមសារ​ជា​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​រុស្ស៊ី ដោយ​មាន​ឆ្លាក់​ឈ្មោះ​អ្នក​ជំនាញការ​សូវៀត​ទាំង​ប្រាំបី​រូប​ផង​ដែរ៕

ដោយ៖វណ្ណ សុជាតា

ads banner