ទឹកធ្លាក់ជ្រាវ តំបន់ទេសចរបែបធម្មជាតិកំពុងទាក់ទាញភ្ញៀវទេសចរចូលកម្សាន្តរៀងរាល់ថ្ងៃ

(កំពង់ស្ពឺ)៖ ទឹកធ្លាក់ជ្រាវស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន បែបធម្មជាតិដ៏ស្រស់ត្រកាលមួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ។ទីកម្សាន្តមួយកន្លែងនេះ ជាតំបន់ទេសចរណ៍ធម្មជាតិស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរទីជិតឆ្ងាយឱ្យចូលកម្សាន្តជារៀងរាល់ថ្ងៃ។

ទឹកធ្លាក់មានឈ្មោះបោះសម្លេងក្នុងខេត្តកំពង់ស្ពឺមួយកន្លែងនេះមានទីតាំងស្ថិតនៅ ភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

គួរបញ្ជាក់ថា តំបន់ទឹកធ្លាក់ជ្រាវបានបើកឲ្យដំណើរការកាលពីឆ្នាំ២០១៥ ដែល មានចម្ងាយប្រមាណជាង ៧០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ ។ទឹកធ្លាក់មួយកន្លែងនេះគឺមានជម្រាលទឹកធ្លាក់ច្រើនដំណាក់ដែល អំណោយផលយ៉ាងល្អដល់ការងូតទឹកធ្លាក់លេងកម្សាន្ដយ៉ាងសប្បាយរីករាយពីសំណាក់ភ្ញៀវទេសចរ ។

សម្រាប់ចំណុចលេចធ្លោនិងតែងទាក់ទាញភ្ញៀវទេសចរឱ្យចូលកម្សាន្ម រមណីយដ្ឋានមួយកន្លែងនេះរួមមានដូចជា ៖ លេងទឹកឬងូតទឹកធ្លាក់ដ៏ត្រជាក់ពីលើកំពូលភ្នំ ទស្សនាទេសភាពព្រៃភ្នំ ទស្សនាចំការអ្នកស្រុកជាដើម ។ ជាងនេះទៅទៀត ភ្ញៀវទេសចរអាចបោះតង់សម្រាកនៅចង្កេះភ្នំជ្រាវ គេងស្ដាប់សំឡេងសត្វព្រៃជាមួយអាកាសធាតុត្រជាក់ និងមើលសម្រស់ព្រៃភ្នំ។ សម្រាប់ទេសចរដែលចង់ទៅបោះតង់គួតែទាក់ទងជាមួយប្រជាជនក្នុងសហគមន៍ ដើម្បីការពារសុវត្ថិភាព និងជៀសវាងការវង្វេងក្នុងព្រៃ ។

តាមពិតតំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវមានសក្តានុពលធំធេងណាស់ព្រោះវាស្ថិតក្នុងតំបន់ជួរភ្នំឱរ៉ាល់ដែលប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ហើយអ្វីដែលអស្ចារ្យខ្លាំងនោះ គឺតំបន់នេះ មានទឹកធ្លាក់ពីលើភ្នំរហូតដល់ ១៥០ម៉ែត្រ ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ត ។

ទឹកធ្លាក់ជ្រាវ ជាទីទេសចរណ៍មួយ អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំស្ថិតនៅតំបន់ភ្នំឱរ៉ាល់ និងមានសត្វព្រៃជាច្រើនប្រភេទ បានត្រៀមខ្លួនរួចរង់ចាំភ្ញៀវទេសចរទៅកម្សាន្ត ក្នុងពេលថ្ងៃឈប់សម្រាកពិសេសថ្ងៃសៅរ៍ អាទិត្យនិងថ្ងៃបុណ្យជាតិ ។

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះជ្រាវ ភ្ញៀវទេសចរមានភាពងាយស្រួលដោយគេអាចធ្វើដំណើរថ្មើរជើងឡើងទៅកាន់តំបន់កម្សាន្តឬទៅកន្លែងទឹកធ្លាក់ផ្ទាល់តែម្តង ។ ចំពោះចំណតរថយន្តនិងម៉ូតវិញទៀតសោត ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានតែម្តង ។

សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទឹកជ្រោះជ្រាវ គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផ្ទាល់តែម្តង។អាហារមានច្រើនមុខច្រើនបែប ដែលក្នុងនោះថែមទាំងមានអាហារប្រចាំមូលដ្ឋានដូចជាមាត់ដុត ត្រីអាំង សម្លទំពាំង ជាដើមដែលមានរស់ជាតិគួរជាទីគាប់ចិត្ត ។

គួរបញ្ជាក់ថា ក្នុងមួយខែ ទឹកធ្លាក់ជ្រាវអាចទទួលបានភ្ញៀវទេសចរប្រមាណ ៦០០នាក់ ទៅ ជាង ១០០០នាក់ និងសម្រាប់ថ្ងៃឈប់សម្រាកបុណ្យទានអាចមានភ្ញៀវកើនឡើងច្រើនដងទៀតពិសេសភ្ញៀវទេសចរមកពីរាជធានីភ្នំពេញតែម្តង ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner