ក្រសួងសុខាភិបាល ណែនាំវិធានការបួនចំណុច ដើម្បីការសុខភាពភ្នែកនៅកន្លែងការងារ នាឱកាសទិវាសុខភាពភ្នែកពិភពលោក

ភ្នំពេញ៖ នាឱកាសអបអរសារទទិវាសុខភាពភ្នែកពិភពលោក ថ្ងៃ១២តុលា ឆ្នាំ២០២៣​ ក្រសួងសុខាភិបាល បានណែនាំនូវវិធានការចំនួនបួនចំណុច ដើម្បីការពារភ្នែកពីគ្រោះថ្នាក់ទាំងឡាយ ដែលអាចកើតឡើងនៅកន្លែងបំពេញការងារ ខណៈក្រសួងជំរុញដល់ស្ថាប័នរដ្ឋ ឯកជន និងដៃគូនានា បង្កើនការផ្សព្វផ្សាយពីសុខភាពភ្នែកដល់ពលរដ្ឋឱ្យកាន់តែទូលំទូលាយ។

តាមរយៈលិខិត អបអរសារទទិវាសុខភាពភ្នែកពិភពលោក ចុះថ្ងៃទី ៦ខែតុលា ឆ្នាំ ២០២៣ ក្រសួងសុខាភិបាល បានអំពាវនាវនិងណែនាំនូវវិធានការចំនួនបួនចំណុចរួមមាន៖

១. នៅកន្លែងបំពេញការងារតាមរោងចក្រ ឬសហគ្រាស និយោជក ត្រូវមានវិធានការសុវត្ថិភាព ចំពោះការងារ ដែលអាចបង្កហានិភ័យ ឬគ្រោះថ្នាក់ ដោយផ្ទាល់ ឬដោយប្រយោលដល់ភ្នែករបស់និយោជិត។

២. ចំពោះបងប្អូនកម្មករសំណង់ ជាងដែក ជាងឈើ កម្មកររោងជាងក្នុងសហគ្រាសតូចៗ និងសិប្បកម្មនានា ត្រូវពាក់វ៉ែនតាសុវត្ថិភាព ឬរបាំងការពារភ្នែក និងអនុវត្តវិធានការសុវត្ថិភាពនានា ដើម្បីធានានូវសុវត្ថិភាពភ្នែកឱ្យបាន ១០០% ក្នុងអំឡុងពេលបំពេញការងារ។

៣. បុគ្គលិក មន្ត្រីរាជការ និងសិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុវត្ថិភាព ដើម្បីធានាសុខភាពភ្នែកឱ្យបានល្អ និងមើលឃើញបានច្បាស់ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់និង ៤. ក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហាភ្នែក ប្រញាប់រួសរាន់ទៅពិនិត្យព្យាបាលភ្នែក នៅតាមកន្លែងផ្តល់សេវាពិនិត្យ និងព្យាបាលភ្នែក ដែលនៅជិតបំផុត ដើម្បីបង្ការ ឬព្យាបាលឱ្យបានទាន់ពេលវេលា។

ក្រសួងបានបញ្ជាក់ទៀតថា ឆ្នាំ២០២៣នេះប្រធានបទនៃការអបអរសាទរទិវាសុខភាពភ្នែកពិភពលោក គឺ «ស្រឡាញ់ភ្នែករបស់អ្នក ពេលបំពេញការងារ» ដែលសំដៅលើកកម្ពស់ការយកចិត្តទុកដាក់ លើវិធានការសុវត្ថិភាពនានា ដើម្បីការពារភ្នែក ពីគ្រោះថ្នាក់ទាំងឡាយ ដែលអាចកើតឡើងនៅកន្លែងបំពេញការងារ។ ក្រសួងក៏ជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងដៃគូនានា ជួយផ្តល់ការណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហាភ្នែកឱ្យបានទៅពិនិត្យភ្នែកដោយមិនមានឧបសគ្គ និងជំរុញឱ្យយកចិត្តទុកដាក់លើគោលនយោបាយស្តីពី សុវត្ថិភាព និងសុខភាពភ្នែកនៅកន្លែងធ្វើការ។

ដើម្បីចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ឱ្យកាន់តែមហាឡារិក ក្រសួងសុខាភិបាល បានប្រកាសថា អគារចក្ខុសាស្ត្រ និងមណ្ឌលថែទាំភ្នែក នៅគ្រប់បណ្តាខេត្ត ដោយសហការជាមួយអង្គការដៃគូ នឹងផ្តល់ការពិនិត្យ និងព្យាបាលភ្នែក ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣៕

ដោយ៖ វណ្ណ សុជាតា

ads banner