ក្រសួងសុខាភិបាល ជំរុញឱ្យមន្រ្តីបង្កើនការយកចិត្តទុកដាក់លើការថែទាំសុខភាពបឋមនៅតាមមូលដ្ឋាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា បានជំរុញឱ្យមន្រ្តីសុខាភិបាលបង្កើនការយកចិត្តទុកដាក់លើការថែទាំសុខភាពបឋមនៅតាមមូលដ្ឋានឱ្យកាន់តែមានគុណភាពបន្ថែមទៀត ។

ការជំរុញរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលធ្វើឡើងក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខាភិបាលសារវន្ត» កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ សិក្ខាសាលានេះ មានការចូលរួមពី ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាលក្រសួងសុខាភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក អង្គការដៃគូសុខាភិបាល និងតំណាងអន្តរក្រសួងមកពីក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រសួងការងារ  ក្រសួងផែនការ និងដៃគូអភិវឌ្ឍន៍សុខាភិបាលសរុបចំនួន ១៧៣រូប នេះបើតាមក្រសួងសុខាភិបាល។

នាឱកាសនោះឯកឧត្តម  ឈាង រ៉ា បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងដើម្បី ពិភាក្សាលើកិច្ចការនៃការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល និងសេវាសុខភាពសារវន្ដនៅកម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងពិភាក្សាពីបញ្ហាប្រឈម និងកំណត់រកដំណោះស្រាយសម្រាប់រៀបចំអន្ដរាគមន៍ ដើម្បីកែលម្អការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ប្រចាំឆមាសបន្តបន្ទាប់។

ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យសមាជិក សមាជិកាទាំងអស់យកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសុខភាពផ្តោតលើការថែទាំសុខភាពបឋមនៅតាមមូលដ្ឋានសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ លោកបន្តថា៖« ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាពគឺជារឿងចាំបាច់ ហេតុនេះសូមឱ្យបង្កើនសកម្មភាពអប់រំ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ឱ្យប្រតិបត្តិរបៀបរបបរស់នៅប្រកបដោយសុខភាពល្អ និងស្វែងរកការថែទាំសុខភាពទាន់ពេល»។

ជុំវិញ​រឿង​នេះ​ លោក ​នុត ស​ម្បត្តិ ប្រធាន​វិទ្យា​ស្ថាន​ជីវសាស្ត្រ​ វេជ្ជ​សាស្ត្រ និង​កសិក​ម្ម​នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​ នៅ​ថ្ងៃទី​១២ ​ខែតុលា បានថ្លែងគាំទ្រចំពោះយុទ្ធសាស្រ្តរបស់ក្រសួង ចំពោះការយកចិត្តទុកដាក់លើការថែទាំសុខភាពបឋមនៅតាមមូលដ្ឋានឱ្យកាន់តែមានគុណភាព ខណៈលោកក៏ជំរុញឱ្យមានការព្យាបាលប្រកបដោយវិជ្ជាជីវៈ។

លោកបន្តថា៖«ការគិតពីសុខភាពបឋមនៅតាមមូលដ្ឋានគឺជារឿងសំខាន់ណាស់ ព្រោះកាលណាបើកិច្ចការងារនេះជោគជ័យមែន នឹងអាចកាត់បន្ថយអ្នកជំងឺមកប្រើប្រាស់សេវាពិនិត្យ និងព្យាបាលនៅមន្ទីពេទ្យថ្នាក់ជាតិ កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលារបស់ប្រជាពលរដ្ឋដែលមិនចង់ទៅទទួលសេវាព្យាបាលនៅឆ្ងាយពីមូលដ្ឋានរបស់ខ្លួន»។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តម ឈាង រ៉ា ក៏បានជំរុញឱ្យមន្រ្តីទាំងអស់ បន្តលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ របបសន្តិសុខសង្គម និងជំនួយសង្គមដែលត្រូវបានកំណត់ដោយគោលនយោបាយ ឬលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានស្នើពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលមូលដ្ឋាន ដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលផ្តុំកិច្ចប្រឹងប្រែងរួម និងកៀរគរធនធានសម្រាប់ការកែលម្អសុខភាពប្រជាជនថែមទៀតផងដែរ៕អត្ថបទ៖ បូរ ពេជ្រហ្សាលីន

ads banner