ក្រសួងសុខាភិបាល អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត ចូលរួមទប់ស្កាត់ការផ្តល់សេវាសុខាភិបាលដែលគ្មានការអនុញ្ញាតត្រឹមត្រូវ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងសុខាភិបាលបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត ចូលរួមទប់ស្កាត់រាល់ការផ្តល់សេវាសុខាភិបាលដែលគ្មានការអនុញ្ញាតពីក្រសួង និងបានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងឡាយត្រូវគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សព្វផ្សាយហួសបំភ្លៃការពិត។

ការអំពាវនាវនេះបន្ទាប់ពីក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ ក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសុខាភិបាលរបស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬគណៈវិជ្ជាជីវៈសុខាភិបាល បាននិងកំពុងធ្វើឱ្យមានការប៉ះពាល់ដល់ក្រុមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប៉ះពាល់ដល់សុខភាពសាធារណៈ។

សេចក្តីអំពាវនាវរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ បានគូស​បញ្ជាក់ថា៖«​ ដើម្បីឈានទៅលុបបំបាត់នូវសេវាសុខាភិបាលខុសច្បាប់ ក្រសួងអំពាវដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងឡាយ ដែលបើកបន្ទប់ពិគ្រោះព្យាបាល មន្ទីរពហុព្យាបាល ត្រូវគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឱ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងការផ្សព្វផ្សាយហួសពីការពិត ឬបំភ្លៃការពិត»។ ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់គណៈវិជ្ជាជីវៈសុខាភិបាលនិមួយៗ ត្រូវពង្រឹងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធស្របតាមសមត្ថកិច្ចររបស់ខ្លួនដែលមានចែងក្នុងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ឱ្យបានច្បាស់លាស់ ដើម្បីកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

ជុំវិញរឿងនេះ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា ​នៅថ្ងៃទី១២ ខែតុលាបានថ្លែងគាំទ្រទាំងស្រុងចំពោះការណែនាំរបស់ក្រសួង ដែលជាការក្រើនរំឭកដល់អ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាលឱ្យមានការប្រុងប្រយ័ត្ន ចៀសវាងផលប៉ះពាល់នានាដល់សុខភាពប្រជាពលរដ្ឋ និងវិស័យសុខាភិបាលទាំងមូល។

លោកបន្តថា៖«ការប្រកាសនេះ គឺត្រឹមត្រូវ ដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង ខ្ញុំក៏សូមអំពាវនាដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នលើការផ្សព្វផ្សាយពីផលិតផលសុខភាពនានា និងសូមឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល អ្នកដែលលក់ដូរ អ្នកប្រើប្រាស់ និងអ្នកចែកចាយពីផលិតផលសុខុមាលភាពប្រជាពលរដ្ឋ គិតគូរអំពីការសិក្សារៀនសូត្រពីវិជ្ជាជីវៈឱ្យបានច្បាស់ និងពង្រឹងវិជ្ជាជីវៈនិយាយស្តីឱ្យបានត្រឹមត្រូវប្រកបដោយក្រមសិលធម៌ ដើម្បីចៀសវាងដល់សតិអារម្មណ៍សាធារណជន»។

តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវចូលរួមណែនាំទប់ស្កាត់រាល់ការផ្ដល់សេវាសុខាភិបាលដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និងការផ្សព្វផ្សាយជាលក្ខណៈពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលពុំមានមូលដ្ឋានវិទ្យាសាស្រ្តច្បាស់លាស់បំភ្លៃខុសពីការពិតធ្វើឱ្យមានការយល់ច្រឡំដល់បងប្អូនប្រជាពលរដ្ឋ។

លើសពីនេះ ក្រសួងសុខាភិបាល ជឿជាក់យ៉ាងមុតមាំថា  អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជន និងអាជ្ញាធរពាក់ព័ន្ធ នឹងចូលរួមដោយចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់តាមការណែនាំនេះ ដើម្បីទប់ស្កាត់នូវរាល់ភាពអសកម្មទាំងនេះ ដើម្បីចៀសវាងឱ្យបាននូវការប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕  

អត្ថបទ៖ បូរ ពេជ្រហ្សាលីន

ads banner