អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មី បំពាក់គ្រឿងបរិក្ខារទំនើបៗបម្រើដល់ពលរដ្ឋ

(ភ្នំពេញ)៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្រោមគម្រោងកែលម្អមន្ទីរពេទ្យបង្អែក ដែលជាការផ្តល់ជំនួយឥណសំណង ពីរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ដែលមានតំលៃប្រមាណជាង ១៩លានដុល្លារ ទៅលើការសាងសង់អគារ១នេះមាន ៤ជាន់ និងបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗសម្រាប់បម្រើដល់ប្រជាពលរដ្ឋ។ គម្រោងនេះ មានគោលបំណងរួម ពង្រឹងប្រព័ន្ធសុខាភិបាលនៅក្នុងខេត្តសៀមរាប តាមការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពទូទៅក្នុងតំបន់ រួមទាំងខេត្តជិតខាង ។

អគារជំនួយរបស់ជប៉ុននេះ ចាប់ផ្តើមសាងសង់ឆ្នាំ២០២១ ហើយនៅពេលនេះបានបញ្ចប់ការសាងសង់រួចរាល់ហើយ នៅតែរង់ចាំបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ។ ផ្ទៃដីសរុបក្នុងការសាងសង់អគារសង្គ្រោះបន្ទាន់មាន ៨៤៥៨.៦៣ម៉ែត្រការ៉េ មានកម្ពស់៤ជាន់ និងមានគ្រែចំនួន ២២៦ ជាមួយនិងមបន្ទប់សម្រាកថ្មីជាច្រើន ។

អគារមួយត្រូវបានបែងចែកជាច្រើនផ្នែក្នុងនោះ មានទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែករូបភាពរោគវិនិច្ឆ័យ ផ្នែកជំងឺទូទៅ ផ្នែកវះកា ជាមួយនិងការបំពាក់ឧបករណ៍ទំនើបៗជាច្រើនដូចជា ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ូនីទ័រអ្នកជំងឺ បរិក្ខារសម្រាប់ប្រតិបត្តិការក្នុងការថត និងគ្រឿងបរិក្ខារទំនើបៗជាច្រើន។ នេះបើតាមការថ្លែងប្រាប់អ្នកសារព័ត៌មានពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មានស្តីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីពេលកន្លងទៅនេះ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ខាងមន្ទីរពេទ្យមានវេជ្ជបណ្ឌិតឯកទេសចំនួន ៣៩រូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំង និងប្រទេសកូរ៉េខាងត្បូង ដែល៩០ភាគរយ សុទ្ធតែជាអ្នកមានកំណើតនៅក្រុងខេត្តសៀមរាបតែម្តង ដើម្បីផ្តល់ភាពងាយស្រួលក្នុងវិស័យនេះ។ សម្រាប់បន្ទប់វះកាត់ គឺត្រូវបែងចែកទៅតាមឯកទេសនីមួយៗ។ សម្រាប់តម្លៃវិញ លោកបញ្ជាក់ថានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺមានតម្លៃថោកជាងមន្ទីរពេទ្យឯកជន ហើយអ្នកជំងឺដែលទៅទទួលសេវាព្យាបាលនៅទីនោះ ប្រមាណជា ៧០ភាគរយ ជាអ្នកជំងឺដែលបង់ប្រាក់។

សូមជម្រាបថា ក្នុគម្រោងកែលម្អមន្ទីរពេទ្យបង្អែកងទឹកប្រាក់ជាង១៩លានដុល្លារដែលផ្តល់ដោយជប៉ុននេះ មិនត្រឹមតែផ្តល់ជូនសម្រាប់សាងសង់អគារ និងគ្រឿងបរិក្ខារនៅមន្ទីរពេទ្យនេះទេ ក្នុងនោះ ក៏បានផ្តល់គ្រឿងបរិក្ខារទៅដល់មន្ទីរពេទ្យក្នុងស្រុកចំនួន៤ ផ្សេងទៀតនៅក្នុងខេត្តសៀមរាប ផងដែរ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព វីដេអូ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner