ក្រសួងសុខាភិបាលចេញសេចក្តីសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន២កន្លែងនៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះបានចេញសេចក្តីសម្រេចធ្វើការ ប្រកាសបិទមន្ទីរសម្រាកព្យាបាលឯកជន២កន្លែងនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមិនបានគោរពតាមកិច្ចសន្យាជាមួយក្រសួងសុខាភិបាល និងកំហុសមួយចំនួនទៀតដែលមិនអាចអនុគ្រោះបានរួចមក ។

ក្នុងសេចក្តីសម្រេច២ ចេញផ្សេងៗគ្នាគេឃើញក្រសួងសុខាភិបាលបានបិទទីតាំងទី១ មន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ សែនមានជ័យ ដែលមានទីតាំងនៅផ្ទះលេខ៧B3-៨B3 ផ្លូវលេខ១០៧ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ប្រព្រឹត្តកំហុសដដែលៗដោយបានយករថយន្ត សង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវសាធារណៈ មិនគោរពតាមកិច្ចសន្យាជាមួយ ក្រសួងសុខាភិបាល និងមិនមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវា ដូចមានក្នុងរចនាសម្ព័ន្ធដែលបានស្នើសុំ ។

ក្រសួងបានបន្តឱ្យដឹងថា ៖ ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ០៩៩/២៣ អបស/មពចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣. របស់ ក្រសួងសុខាភិបាល ។

ជាមួយគ្នានេះក្រសួងសុខាភិបាលបានបញ្ជាក់ក្នុងសេចក្តីសម្រេចរបស់ខ្លួនដែរថា៖ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត អ៊ុក ពុធរតន៍ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ដោយឡែកមន្ទីរពហុព្យាបាលឯកជនមួយទៀតឈ្មោះ មេត្រូ អអិលវី ដែលមានទីតាំងនៅផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញក៏ត្រូវបានប្រកាសឱ្យបិទទ្វារដូចគ្នា ដោយក្រសួងសុខាភិបាលបញ្ជាក់មូលហេតុថា មន្ទីរពហុព្យាបាលមួយនេះបានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និង សរីរាង្គមនុស្ស ។

ក្រសួងបញ្ជាក់ដែរថា ៖ ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ២៨៣/២២ អបស/មព ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល ។

ជាមួយគ្នាក្រសួងបានបញ្ជាក់ផងថា៖អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត សាំង វិចិត្រ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner