កម្ពុជា ស្នើចិនជួយលើគម្រោងអាទិភាព ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលទ្វេភាគី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានស្នើទៅកាន់គណៈកម្មាធិការសុខាភិបាលជាតិ នៃសា​ធារណ​​រដ្ឋប្រជាមានិតចិនឱ្យជួយពិនិត្យ និងជម្រុញលើគម្រោងអាទិភាពមួយចំនួន ដើម្បីពង្រីក​កិច្ច​សហប្រ​តិ​​បត្តិការក្នុងវិស័យសុខាភិបាលទ្វេភាគីឱ្យកាន់តែរីកចំរើនថែមទៀត។​

​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលស្នើដូច្នេះ នៅក្នុងពេលជួបពិភាក្សាការងារជាមួយឯកឧត្តម  Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិនៃសាធារណរដ្ឋប្រជាមានិតចិននៅទីស្តីការគណៈកម្មាធិ​ការសុខាភិបាលជាតិនាទីក្រុងប៉េងកាំងកាលថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៣។​ នេះបើយោងតាមហ្វេសប៊ុកក្រសួងសុខាភិបាល។

នាឱកាសនោះឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា បន្ទាប់ពីមានទំនាក់ទំនងការទូតពីឆ្នាំ១៩៥៨ ចំណងមិត្តភាពរវាងប្រទេសទាំងពីមានការរីកចំរើនគួរឱ្យកត់សម្គាល់ ។ឯកឧត្តមក៏បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា ជា​ពិសេសក្នុងវិស័យសុខាភិបាល តាមរយៈគម្រោងជំនួយរបស់មិត្តចិនជាច្រើន។​

​ឯកឧត្តមបាន​លើកឡើងថា​ កន្លងមកភាគីចិន បានជួយលើគម្រោងជាច្រើនមកកម្ពុជាដូចជា មន្ទីរពេទ្យមិ​ត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ, ការផ្តល់រថយន្តសង្គ្រោះគិលា​នសង្គ្រោះ ការផ្តល់គ្លីនិកចល័ត និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រជាច្រើន ជាពិសេសបានបញ្ជូនអ្នកជំនាញឯក​ទេសក្នុងការជួយលើផ្នែកបច្ចេកទេស ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជាជាដើម ។

ឆ្លៀតឱកាសនោះដែរឯកឧត្តម ឈាង រ៉ា​ ក៏បានស្នើភាគីមិត្តចិនឱ្យជួយពិនិត្យ និងជំរុញ​គម្រោងរបស់ក្រសួងសុ​ខាភិបាលកម្ពុជាផងដែរ ក្នុងនោះរួមមាន  គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដើម្បីបង្កើតបន្ទប់វះកាត់ជំងឺបេះដូង និងសរសៃរឈាមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, គម្រោងកែប្រែមន្ទីរពេទ្យហ្លួ​ងម៉ែទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក, គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, គម្រោងអភិវឌ្ឍន៍មណ្ឌលសុខភាពនៅតាមបណ្តាខេត្ត,គម្រោងការសាងសង់ និងជួសជុលមណ្ឌលសុខភាព ជាគម្រោងអាទិភាពក្នុងគ្រាអាសន្ន។

ក្រៅពីនេះ ឯកឧត្តម ឈាង រ៉ា ក៏បានស្នើចិនឱ្យជួយជំរុញគម្រោងសាងសង់អគារពិនិត្យព្យាបាលនៅមន្ទីរពេ​ទ្យបង្អែកខេត្តតាកែវ, ជួយបង្កើនសមត្ថភាពសហគមន៍ និងមន្ត្រីសុខាភិបាលប្រយុទ្ធនឹងជំងឺគ្រុនឈាមក្នុងខេត្តមួយចំនួន និងគម្រោងកាត់បន្ថយការចំលងជំងឺគ្រុនឈាម តាមរយៈការអប់រំសុខភាព និងការចូលរួមរ​បស់សហគមន៍ក្នុងខេត្តដាច់ស្រយាលផងដែរ។​

ជាការឆ្លើយតបវិញ ឯកឧត្តម Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ជូនថា ភាគីមិត្តចិននឹងពិនិត្យលើគម្រោងដែលក្រសួងសុខាភិបាលកម្ពុជាបានលើកសំណើឱ្យបានឆាប់រហ័ស ព្រមទាំងសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុ​ខាភិបាលឱ្យកាន់តែរឹងមាំបន្ថែមទៀត។​

លោកបានបន្តថា ៖ «យើងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រ​ទេសកម្ពុជា នៅក្នុងវិស័យសុខាភិបាលនឹងឈានឡើងទៅដល់កម្រិតខ្ពស់»។​

ជុំវិញរឿងនេះដែរ លោក ​នុត ស​ម្បត្តិ ប្រធាន​វិទ្យា​ស្ថាន​ជីវសាស្ត្រ​ វេជ្ជ​សាស្ត្រ និង​កសិក​ម្ម​នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​ នៅ​ថ្ងៃទី​១៨ ​ខែតុលា បានថ្លែងគាំទ្រចំពោះយុទ្ធសាស្រ្តរបស់ក្រសួង លើការលើកសំណើនានា ដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជា និងលើកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមជាមួយអន្តរជាតិ ពិសេសភាគី​ចិន ដែលជាប្រទេសដែលតែងគាំទ្រកម្ពុជាគ្រប់កាលៈទេសៈ។​

លោក​បន្តថា ៖ «កាលណាយើងមានកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ និងធ្វើឱ្យវិស័យសុខាភិបាលរបស់យើងបានល្អប្រសើរ ប៉ុន្តែទន្ទឹមការស្នើសុំនេះ ខ្ញុំយល់ថា យើងក៏ត្រូវពង្រឹងនូវសមត្ថភាពធនធានមនុ​ស្ស​ខ្លួនយើង លើផ្នែកគុណភាព ចំណេះដឹង ក្រមសិលធម៌​ វិជ្ជាជីវៈ និងជំនាញបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែមានប្រសិទ្ធភាព»៕

ដោយ៖បូរ ពេជ្រហ្សាលីន

ads banner