ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «អាហារូបត្ថម្ភ សុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល នាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសំណេះសំណាល សួរសុខទុក្ខ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «អាហារូបត្ថម្ភ សុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់កុមាររងគ្រោះដោយសារមេរោគអេដស៍ចំនួន ៣០នាក់ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។

លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានឱ្យដឹងថា បច្ចុប្បន្នភាពនៃស្ថានភាពមេរោគអេដស៍ ជំងឺអេដស៍ ដែលអត្រាឆ្លងមេរោគអេដស៍នៅកម្ពុជាយើង មាន ៨៧% គឺស្ថិតក្នុងចំណោមយុវវ័យដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ឆ្នាំ។

លោកបណ្ឌិត ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់កុមាររងគ្រោះទាំងអស់ ត្រូវបន្តលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ ជាប់លាប់ និងត្រឹមត្រូវ ដើម្បីឱ្យបរិមាណមេរោគអេដស៍ក្នុងខ្លួនធ្លាក់ចុះរហូតដល់មិនអាចចម្លងមេរោគអេដស៍ទៅកាន់អ្នកដទៃបាន។

លោកស្រី ហង្ស ណាវី នាយិកាអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម នៃសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានបង្ហាញជូនក្មួយៗកុមារអំពីអាហារូបត្ថម្ភចំពោះសុខភាព ដោយបានបញ្ជាក់ពីសារៈសំខាន់នៃការទទួលទានអាហារទាំង ៣ក្រុម រួមមាន ៖ អាហារឋាមពល អាហារសាងសង់ និងអាហារការពារ។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តម យូ ឡាណា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានជួបជាមួយក្មួយៗកុមារដែលបានចូលរួមកម្មវិធីនេះ និងបានគូសបញ្ជាក់ថា «ក្មួយៗទាំងអស់ជាទំពាំងស្នងឬស្សី យុវជនគឺជាអ្នកបន្តវេន ហើយដែលបញ្ហានៃការឆ្លងមេរោគអេដស៍នេះ ភាគច្រើនកើតឡើងក្នុងចំណោមយុវជន ដូច្នេះយុវជនត្រូវលើកកម្ពស់ការយល់ដឹងដើម្បីបង្ការខ្លួនពីមេរោគអេដស៍»។

ឯកឧត្តម បានមានប្រសាសន៍ថា ៖ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក គឺត្រូវទាមទារឱ្យមានការចូលរួមពីយើងទាំងអស់គ្នា ដោយចាប់ផ្តើមអនុវត្ត យកថង់ដែលអាចប្រើប្រាស់ឡើងវិញ ឬថង់បរិស្ថាន សម្រាប់ទិញទំនិញ ឬវេចខ្ចប់អាហារ ដោយចៀសវាងការប្រើថង់ប្លាស្ទិក, ប្រើប្រាស់ដបទឹក ឬបំពង់ទឹកតាមខ្លួនជានិច្ច ។

ឯកឧត្តម មានការជឿជាក់ថា ក្មួយៗទាំងអស់គឺជាកត្តាលីករយ៉ាងសំខាន់ ដែលនឹងក្លាយជាមិត្តអប់រំមិត្តដ៏ល្អ គឺជាគំរូ សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយបន្ត អំពីចំណេះដឹងនាថ្ងៃនេះ ដល់មិត្តភក្តិដទៃទៀត ក្នុងនាមជាមិត្តអប់រំមិត្ត និងមិត្តជួយមិត្ត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner