មន្ត្រី​សុខាភិបាល​៖ គិត​ពី​ខែ​មករា រហូត​ដល់​ខែតុ​លា​នេះ រក​ឃើញ​ករណីគ្រុ​ន​ឈាម​ជាងពីរ​ម៉ឺន​ករណី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម នៃ​ក្រសួង​សុខាភិបាលលោក លាង ឬទ្ធា បានឱ្យដឹងថា គិត​ពី​ខែ​មករា រហូត​ដល់​ខែ​តុលា ឆ្នាំ​២០២៣​នេះ រក​ឃើញ​ករណីជំងឺ​គ្រុន​ឈាម​ជាង​ ២​ម៉ឺន​ករណី ខណៈ​ដែល​ចំនួន​ករណី​ទាំង​នេះ​ស្ថិតក្រោ​ម​ការ​គ្រប់​គ្រង​បាន ក៏​ប៉ុន្តែលោក​​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​បន្ត​ការ​រក្សា​អនាម័យ​ជុំ​វិញ​លំនៅ​ឋាន​របស់​ខ្លួន​។

លោក លាង ឬទ្ធា បានថ្លែងប្រាប់ឱ្យដឹងថា គិត​ចាប់​ពី​ដើម​ឆ្នាំ​២០២៣ រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ គឺក្រសួង​​បាន​រក​ឃើញ​ករណី​គ្រុន​ឈាម​សរុប​ចំនួន ២៣ ០០០​ករណី ។​ក្នុង​នោះ​មាន​ករណី​ស្លាប់មួ​យ​ចំនួន តែ​វា​មិន​ច្រើន​នោះ​ទេ​ ខណៈ​ដែល​ការ​រក​ឃើញចំនួន​​ជំងឺ​គ្រុន​ឈាមឥឡូវ​​នេះ ក៏​​មាន​​ការ​ថយ​​ចុះ​ផង​ដែរ​។

លោកឱ្យបានឱ្យដឹងថា​ ករណី​ជំងឺ​គ្រុន​ឈាម ដែល​រក​ឃើញ​មាន​ច្រើន​ជាង​គេ​គឺ​នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្ដាល សៀមរាប និង​ខេត្ត​បន្ទាយ​មាន​ជ័យ ។លោកបន្តថា ​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ ការ​រក​ឃើញ​ករណី​ជំងឺ​គ្រុនឈាមបាន​ថយ​ចុះ​ ដោយ​សារ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល បាន​ណែនាំ និង​ពង្រឹង​វិធាន​ការ​ទៅ​ដល់​ខេត្ត​ទាំង​អស់​។លោកបន្តថា ​ជំងឺ​គ្រុន​ឈាម​ដែល​រក​ឃើញ​ជាង ២​ម៉ឺន​ករណី​នេះ  បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុនរយៈពេលដូចគ្នា គឺ​មាន​ការ​កើន​ឡើង​ចំនួន​ពីរ​ដង។

លោកថា៖« ដូច្នេះ​ទោះ​បី​ឆ្នាំ​នេះ ករណី​ជំងឺ​គ្រុន​ឈាម​មាន​ការ​កើន​ឡើង​ក៏​ដោយ ប៉ុន្តែ​ស្ថាន​ភាព​នេះ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់​គ្រង​បាន ហើយ​វា​មិន​មាន​អ្វី​​ធ្វើ​ឱ្យ​ជា​ការ​គួរ​ព្រួយ​បារម្ភ​ហួស​ពីស​មត្ថភាព ក៏​ដូច​ជា​ការ​ឆ្លើយ​តប និង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​នោះ​ទេ»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ ស្ថាន​ភាព​នៅ​ពេល​នេះ គឺ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​យើង​អាច​គ្រប់​គ្រង​បាន ប៉ុន្តែ​យើង​នូវ​តែ​បន្ត​អំពាវ​នាវ​ឱ្យ​ប្រជាជន​ត្រូវ​រស់​នៅ​រក្សា​អនាម័យ បរិស្ថាន​នៅ​ជុំ​វិញ​ផ្ទះ​ហ្នឹង​។ ហើយ​ប្រសិន​ជា​មាន​នរណា​ម្នាក់ ក្មេង​ក៏​ដោយ ចាស់​ក៏​ដោយ ដែល​ក្ដៅ​ខ្លួន សង្ស័យ​ថា​កើត​ជំងឺ​គ្រុន​ឈាម​នោះ ដាច់​ខាត​ត្រូវ​តែ​យក​មក​មន្ទីរ​ពេទ្យ​ឱ្យ​បាន​លឿន​បំផុត​»​។

សូម​បញ្ជាក់​ថា កាល​ពី​​ពេល​ថ្មីៗ​នេះ ឯកឧត្តម ឈាង រ៉ា រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​រាជ​ធានី​-​ខេត្ត​ទាំង​អស់ ត្រូវ​បន្ត​ពង្រឹង​ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល​នា​នា ដើម្បី​ទប់​ស្កាត់​ការ​រា​តត្បាត​​ជំងឺ​គ្រុន​ឈាម​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ព្រម​ទាំង​លើក​កម្ពស់​ការ​យល់​ដឹង អំពី​វិធាន​ការ​បង្ការ​ជំងឺ​ឆ្លង​នា​នា​តាម​រយៈ​បង្កើន​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​ឱ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ ទៅ​ដល់​បុគ្គល ​គ្រួសារ សហគមន៍ និង​សង្គម​ជាតិ​ទាំង​មូល​៕

ដោយ៖ ជា សុខនី

ads banner