មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​របេង រួម​នឹង​អង្គការ​ដៃគូ​មួយ​ចំនួន កំពុង​ធ្វើ​ការ​អង្កេត​ប្រេវ៉ាឡង់​​ជំងឺ​របេង​ថ្នាក់​ជាតិ​​លើក​ទី​៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​របេង រួម​នឹង​អង្គការ​ដៃ​គូ​មួយ​ចំនួនកំពុង​ធ្វើ​ការ​អង្កេត​​ប្រេវ៉ាឡង់​​ជំងឺ​​របេង​​ថ្នាក់​ជាតិ​​លើក​ទី​៣ឆ្នាំ២០២៣ ខណៈ​ដែល​ការអង្កេត​លើក​ទី​៣​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​រ​បេង និង​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​ជំងឺ​រ​បេងរបស់​ខ្លួន​​។

​​សេចក្ដី​ប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាង​លិច បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​ថា ដោយ​​មាន​ការ​គាំ​ទ្រ​ថវិកា​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង​មូល​និធិ​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ជំងឺ​រ​បេង និង​គ្រុនចាញ់ និង​ជំនួយ​បច្ចេកទេស​ពី​អង្គការ​សុខភាព​ពិភព​លោក វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ជំងឺ​របេង និង​សមាគម​ប្រឆាំង​ជំងឺ​របេង​ជប៉ុន ( RIT/JATA) វិទ្យាស្ថានប៉ាស្ទ័រ និង​ទី​ភ្នាក់​ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរ​ជាតិ (USAID) មជ្ឈ​មណ្ឌល​ជាតិ​កំចាត់​រោគ​របេង និង​ហង់សិន (CENAT) កំពុង​ធ្វើ​ការ​អង្កេត​​ប្រេវ៉ា​ឡង់​​ជំងឺ​​របេង​​ថ្នាក់​ជាតិ​​លើក​ទី​៣ ឆ្នាំ២០២៣ ជា​មួយ​នឹង​លទ្ធផល​រំពឹ​ង​ទុក​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៤​។

សេចក្ដី​ប្រកាស​ដដែល​បានបន្ត​ថា លទ្ធផល​នៃ​ការ​អង្កេត​លើកទី​៣​នេះ នឹង​​ធ្វើ​ឱ្យ​​ប្រទេស​កម្ពុជាយល់​អំពី​ប​ច្ចុប្បន្ន​ភាព​នៃ​ជំងឺ​របេង និង​ការ​គ្រប់​គ្រង​ជំងឺ​របេង​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ឆ្ពោះ​ទៅ​រកកា​រ​បញ្ចប់​ជំងឺ​មួយ​នេះ និង​ជួយ​បញ្ចប់​ជំងឺ​របេង​ដែល​បាន​ឆក់​យក​ជីវិ​ត​មនុស្ស ១​.​៦​លាន​​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២១​។

​​លោក ប៉ាស្កាល់ រីងវដ (Pascal Ring Wald) តំណាង​ស្តី​ទី​នៃ​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា បាន​ថ្លែងតាមរយៈសេចក្តីប្រកាស​ថា ទោះ​បី​ជា​មាន​ភស្តុតាង​ជា​ច្រើនបាន​បង្ហា​ញ​ថា ស្ថាន​ភាព​ជំងឺ​របេង​នៅ​ប្រទេស​កម្ពុជាកំពុង​ធ្លាក់​ចុះ​ក៏​ដោយ​​ ​ប៉ុន្តែ​វា​មាន​ភាព​មិន​ទាន់​ច្បាស់​លាស់​នោះ​ទេ ខណៈ​​ដែល​ការ​អង្កេត​ចុងក្រោ​យ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ជាង​មួយ​ទសវត្សរ៍​មុន ហើយ​បាន​រក​ឃើញ​ថា ការ​ព្យាបាល​ជំងឺ​របេង ត្រូវ​​បាន​​ប៉ះ​​ពាល់​​ដោយ​​ការ​​រាត​​ត្បាត​នៃ​ជំងឺ​កូវីដ១៩​។

លោក​បញ្ជាក់​ថា ​៖ «​ការ​អង្កេត​លើក​ទី​៣​នេះ នឹង​រួម​ចំណែក​ដល់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព យុទ្ធសាស្រ្ត​ផ្អែក​លើ​ភស្តុ​​តាង ដែល​នឹង​ជួយ​ស្វែង​រក​គ្រប់​ករណី និង​លុប​បំបាត់​ជំងឺ​របេង​»​។

ដោយ​ឡែក​លោក​ ហួត ចាន់យុដា ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​កំចាត់​រោគ​របេង និង​ហង់សិន ​បាន​ថ្លែង​ឱ្យដឹងដែរ​ថា ក្រុម​អង្កេត​កំពុង​​ប្រមូល​ទិន្នន័យ​ក្នុង​តំបន់​គោល​ដៅ​នៅ​​ទូ​ទាំង​ប្រទេស ហើយ​លទ្ធផល​អង្កេត​លើក​ទី​​៣​នេះ នឹង​ជួយ​កម្ពុជា​បង្កើត​ផែន​ការ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ការ​បញ្ចប់​ជំងឺ​របេង សង្គ្រោះ​ជីវិត​ និង​ការ​ពារ​ប្រជាពលរដ្ឋ​ពី​ការ​ធ្លាក់​ក្នុង​ភាព​ក្រី​ក្រ​បន្ថែម​ទៀត ស្រប​តាម​គោល​ដៅអ​ភិវឌ្ឍន៍​ប្រកប​ដោយ​​ចីរភាព​រ​បស់​អង្គការ​សហ​ប្រជាជាតិ (SDGs) និង​គោល​ដៅ​យុទ្ធ​សាស្ត្រ​បញ្ចប់​ជំងឺ​របេង​។

លោក ចាន់យុដា បានបន្តថា ​៖ «​ការ​អង្កេត​​នេះ វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​​ការ​តាម​ដាន​និន្នាការ​នៃ​ជំងឺ​របេង ហើយ​តាម​រយៈ​ដំណើរ​ការ​ពិនិត្យ អ្នក​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ផង​ដែរ​។ ការ​ព្យាបាល​ទាន់​ពេល​វេលា​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ឱកាស​នៃ​ការ​ជា​សះ​ស្បើយ​របស់​ពួកគាត់ កាត់​ប​ន្ថ​យ​បញ្ហាហិរញ្ញវត្ថុ​របស់​ពួកគាត់ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​របេង​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់​ផង​ដែរ​»​។

ជា​មួយ​គ្នា​នោះ លោក Justin Whyatt ឯកអគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ក៏បាន​ឱ្យ​ដឹងដែរ​​ថា ការក​សា​ង​ភស្តុ​តាង​អំពី​អត្រា​ប្រេវ៉ាឡង់​​ជំងឺ​​របេង គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​លុប​បំបាត់​ជំងឺ​របេង ខណៈ​ដែល​ការ​លុប​បំបាត់​នេះ វា​​ស្ថិ​ត​​​នៅ​​ជា​មួយ​​នឹង​​ការ​ងារ​​របស់​​អូស្ត្រាលី​​ក្នុង​​ការ​​ជួ​យ​កម្ពុជា​​​លើ​ការ​កែលម្អ​ប្រព័ន្ធ​សុខាភិបាល ។ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់​គ្នា ​អាច​​ទទួល​​បាន​​ការ​​ព្យាបាល​​ដែល​​មាន​គុណភាព​ល្អ។

លោក​លើក​ឡើង​ថា ​៖ «​ជា​មួយ​នឹង​លទ្ធផល​រំពឹង​ទុក​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៤ ទិន្ន​ន័យ​ដែល​ប្រមូល​បា​ន​ពី​អង្កេត នឹង​មិន​ត្រឹម​តែជួ​យ​កំណត់​អនាគត​ដែល​គ្មាន​ជំងឺ​របេង​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​រួម​ចំណែក​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​ជា​សកល​ផង​ដែរ​»​។

សូម​បញ្ជាក់​ថា យោង​តាម​ការ​អង្កេត​​ប្រេវ៉ាឡង់​​ជំងឺ​​របេង​ថ្នាក់ជាតិ​លើកទី២ បានបង្ហាញថា នៅប្រទេស​កម្ពុជា​ អត្រា​ប្រេវ៉ាឡង់​ជំងឺ​របេង​បានធ្លាក់ចុះ​ពី ២៦៩នាក់ ​ក្នុងចំណោមមនុស្ស ១០ម៉ឺន​នាក់​ក្នុងឆ្នាំ ២០០២ មក​នៅ​ត្រឹម ១៧១នាក់ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់​នៅ​ឆ្នាំ២០១១៕

ដោយ៖ជា សុខនី

ads banner