ពលរដ្ឋ និងអ្នកជំនាញ៖ វត្តមានមន្ទីរពេទ្យ«តេជោសន្តិភាព» នឹងជួយលើកកម្ពស់សុខភាពសាធារណៈបន្ថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​មន្ទីរពេទ្យ «តេជោសន្តិភាព» នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ​ថ្ងៃទី២៤ ខែតុលា ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។​ប្រជាពលរដ្ឋ និងអ្នកជំនាញដែលធ្វើការពា​ក់ព័ន្ធនឹងសុខភាព បានបង្ហាញក្តីរំពឹងថា តាមរយៈវត្តមានមន្ទីរពេទ្យនេះ នឹងជួយលើកកម្ពស់វិស័យសុខភា​ពសាធារណៈកម្ពុជាបន្ថែមទៀតផងដែរ។

ទាក់ទិននឹងវត្តមានមន្ទីពេទ្យថ្មីនេះ​ អ្នកស្រី រត្ន ណាវី ​ពលរដ្ឋរស់នៅខណ្ឌឬស្សីកែវ បានបង្ហាញក្តីរី​ក​រាយ ពេលឃើញសមិទ្ធផលថ្មីនេះ ។អ្នក​ស្រីដឹងថា មន្ទីរពេទ្យ​នេះ​ បានកសាងរួចរាល់នឹងបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នមួយរយៈមកហើយ និងបានទទួលការព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃថែ​មទៀត។

អ្នកស្រីបានប្រាប់ថា ៖ «ថ្វីត្បិតតែខ្ញុំមិនទាន់បានទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យថ្មីនេះ​ក្តី ក៏ខ្ញុំសូមសាទរចំពោះវត្តមានមន្ទីរពេទ្យនេះ កាលណាភ្នំពេញយើងមានមន្ទីរពេទ្យ​រដ្ឋកាន់តែច្រើន ពិសេសមិនគិតថ្លៃព្យាបាលទៀត គឺរឿងល្អដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋយើង​មានអារម្មណ៍កក់ក្តៅ អាចជួយសម្រួលការធ្វើដំ​ណើររបស់ពលរដ្ឋ និងជួយកាត់បន្ថយចំណាយមិនបាច់ទៅព្យាបាលនៅក្រៅប្រទេសទៀតផង»។

ចំណែក​ លោក នុត​ សម្បត្តិ ប្រធាន​វិទ្យាស្ថាន​ជីវ​សាស្ត្រ វេជ្ជសាស្ត្រ និង​កសិកម្ម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា បានថ្លែង​ឱ្យដឹង​ដែរថា មន្ទីរពេទ្យជាតិតេជោសន្ដិភាព​នេះ​ គឺជា​សមិទ្ធផលមោទនភា​ព​មួយ​របស់ប្រជាពលរដ្ឋកម្ពុជា ។​លោកបន្តថា មន្ទីរពេទ្យនេះ ក៏នឹងជួយលើកកម្ពស់វិស័យសុខភាពសារធា​រណៈកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត។

លោកបានថ្លែងថា ៖ «នេះគឺជា​រឿងល្អមួយសម្រាប់វិស័យសុខាភិបាល ពិសេសសុខភាពសារធារណៈកម្ពុជា​ ព្រោះថា កន្លងមកការចំណាយទៅលើសុខភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងមានកម្រិតខ្ពស់ ហើយសុខភាពជាកត្តាចាំបាច់ បើគ្មានសុខភាពទេ មិនអាចមានការអភិវឌ្ឍន៍ប្រទេសទេ ​ដូច្នេះការឱ្យតម្លៃលើសុ​ខ​ភាពខ្ពស់គឺជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល»។

ទន្ទឹមនឹងមានវត្តមានមន្ទីរពេទ្យទំនើបនេះ លោក នុត សម្បត្តិ​​ក៏​​អំពាវនាវឱ្យមន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ ពង្រឹងនូ​វក្រមសី​លធម៌វិជ្ជាជីវៈ និងសូមឱ្យពលរដ្ឋជ្រើសរើសមន្ទីរពេទ្យដែលមានស្តង់ដារច្បាស់ដូចមន្ទីរពេ​ទ្យនេះផ​ងដែរ។

តាមរយៈវីដេអូដែលបានបង្ហោះលើហ្វេសប៊ុកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីកម្ពុជានៅថ្ងៃទី២៣ ខែតុលា ​​ លោក សួន សាមិត្ត នាយកមន្ទីពេទ្យជាតិ តេជោសន្តិភាព បានលើកឡើងថា គិតមកដល់ពេលនេះ មន្ទីរពេទ្យបានធ្វើការពិនិត្យ និងព្យាបាលជូនពលរដ្ឋ ដោយមិនគិតថ្លៃជាច្រើននាក់មកហើយ ។មន្ទីរពេទ្យនេះ​​មានទម្លាប់តែងទទួលការព្យាបាលអ្នកជំងឺជាមុន បើទោះបីគាត់មិនមានថវិកា ឬឯកសារណាមួយក៏ដោ​យ។

លោកបន្តថា ៖ «ពេលដែលគាត់ចូលមកដល់មន្ទីរពេទ្យយើង គាត់មិនមានការព្រួយបារម្ភចំពោះធនធានទេ បើគាត់មានលទ្ធភាពគឺគាត់អាចបង់ជូនមន្ទីរពេទ្យ ហើយបើមិនមាន តែគាត់មានបណ្ណក្រីក្រ ឬប.ស.ស យើងទទួលយក ហើយមួយទៀតបើគាត់មិនមានទាំងអស់ គឺយើងមិនយកសូម្បីមួយរៀល»។

សូមជម្រាបដែរថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព ​ស្ថិតនៅក្នុង​សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំ​ពេញ ​បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លើផ្ទៃដីប្រមាណ ៧.៥៨ហិកតា និង​បានប្រើពេលបញ្ចប់ការសាងសង់ស្ថាពរក្នុងរយៈពេលត្រឹមរយៈពេល ១២ ខែ។

មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩ ៤៩៦គ្រែ ។ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩ ២៤៤គ្រែ, គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ។

កាលពីពេលកន្លងទៅ អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ៖ «មន្ទីរពេទ្យជា​តិតេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដោយមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។ មន្ទីរពេទ្យនេះអាចផ្តល់សេវាព្យាបាលគ្រប់ផ្នែកទាំងអស់ ដែលមានគ្រែ​សម្រាកព្យាបាលដល់ទៅជិតមួយម៉ឺនគ្រែ»​។

លោកបានថ្លែងទៀត​ថា មន្ទីរពេទ្យជាតិតេជោសន្តិភាព បើធៀបនឹងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត គឺធំជាង ១០ដង ខណៈមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ទទួលបានអ្នកជំងឺតែ មួយពាន់គ្រែ សូម្បីចំណតរថយ​ន្តក៏ធំជាងមន្ទីរពេទ្យនោះទៀត៕

ដោយ៖បូរ ពេជ្រហ្សាលីន

ads banner