ប្រធានាធិបតីហ្វីលីពីន ព្រមានដកតំណែងអភិបាលក្រុងណាមិនអាចដោះស្រាយបញ្ហា រំលោភផ្លូវសាធារណៈ

ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូទែតេ បានបញ្ជាឲ្យក្រសួងមហាផ្ទៃដកតំណែងអភិបាលរូបណាដែលមិនព្រមដកយកផ្លូវសាធារណពីស្ថាប័នឯកជន។ ថ្លែងទៅកាន់សន្និបាតថ្នាក់ជាតិលើកទី៤ ថ្មីៗនេះ លោក រ៉ូទ្រីហ្គោ ឌូទែតេ បានមានប្រសាសន៍ថា មិនថាអភិបាលក្រុងណានោះទេ ឲ្យតែមិនហ៊ានដកយកផ្លូវសាធារណៈ ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រយោជន៍ឯកជនមកវិញ ត្រូវតែបញ្ឈប់ពីតួនាទីភ្លាមៗ។ ផ្លូវសាធារណទាំងឡាយណា ដែលត្រូវបានកាន់កាប់ដោយមន្ត្រីដើម្បីបម្រើដល់ស្ថាប័នឯកជន កំពុងបង្កឲ្យមានការកកស្ទះចរាចរណ៍ជារឿយៗ។ លើសពីនេះទៀត ក៏រួមបញ្ចូលទាំងអ្នកលក់ដូរតាមផ្លូវដែលធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើររបស់ប្រជាជន ដោយគ្មានការអនុញ្ញាតឲ្យលក់ដូរពីរដ្ឋាភិបាល។

គួរឲ្យដឹងថា តាមរបាយការណ៍របស់ភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) ឲ្យដឹងថាហ្វីលីពីន ខាតបង់ប្រមាណជា៣,៥ពាន់លានប៉េសូ ក្នុងមួយថ្ងៃដោយសារការកកស្ទះចរាចរណ៍។ ការសិក្សាបានឲ្យដឹងដែរថា ហ្វីលីពីនអាចនឹងខាតបង់៥,៤ពាន់លានប៉េសូ ដោយសារតែការកកស្ទះប្រចាំថ្ងៃ នៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើគ្មានការដោះស្រាយណាមួយទេ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner