ប្រធានាធិបតីសហរដ្ឋអាម៉េរិក ស្នើផ្ដល់ការសម្របសម្រួលដល់ជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា នៅតំបន់កាស្មៀរ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយនៅឯសេតវិមាន នាដើមសប្តាហ៍នេះ នៅពេលលោកជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ ថា ប្រសិនបើលោកអាចជួយ លោកចង់ធ្វើជាអ្នកសម្របសម្រួលសម្រាប់ជម្លោះនៅតំបន់កាស្មៀរ។
 
ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយទៀតថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ក៏បានស្នើរូបលោកឲ្យជួយដោះស្រាយជម្លោះនៅតំបន់កាស្មៀរ ផងដែរ ប៉ុន្តែក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា លោក ម៉ូឌី មិនបានស្នើដូច្នេះនោះទេ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក រ៉ាវីស គូម៉ា ទីក្រុងញ៊ូដេលី បានប្រកាន់គោលជំហរជាបន្តរហូតមកថា បញ្ហានានាដែលមិនទាន់ដោះស្រាយជាមួយប៉ាគីស្ថាន គឺនឹងត្រូវពិភាក្សាដោយទ្វេភាគីតែប៉ុណ្ណោះ ហើយកិច្ចព្រមព្រៀងណាមួយជាមួយនឹងប៉ាគីស្ថាន អាចតម្រូវឲ្យមានការបញ្ចប់អំពើភេរវកម្មឆ្លងព្រំដែន‍។

គួរបញ្ជាក់ថា អស់រយៈពេលជាយូរមកហើយ ប៉ាគីស្ថានបានស្វែងរកការសម្របសម្រួលរបស់សហរដ្ឋអាម៉េរិក សម្រាប់ជម្លោះនៅក្នុងតំបន់កាស្មៀរ ប៉ុន្តែកាលពីលើកមុនៗសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា បញ្ហានេះត្រូវតែដោះស្រាយដោយទ្វេភាគីរវាងឥណ្ឌា និងប៉ាគីស្ថាន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner