និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ១៣០នាក់ ទទួលបានការស្វែងយល់ពីជម្ងឺអេដស៍

(ភ្នំពេញ)៖ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រមាណ ១៣០នាក់ ទទួលបានចំណេះដឹងបន្ថែមស្តីពី «ជំងឺអេដស៍, កាមរោគ, សុខភាពផ្លូវភេទ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ពី កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយវគ្គអប់រំផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោក ប៊ុន រស្មី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

លោកជំទាវ ម៉ែន នារីសោភ័គ បញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះគឺជាដំណើរឈានឆ្ពោះការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងចុះអនុវត្តនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ គោលបំណងដែលជ្រើសរើសយុវជនក្នុងវគ្គផ្សព្វផ្សាយដោយហេតុផលថា «យុវជនជាទំពាំងស្នងឬស្សី យុវជនគឺជាអ្នកបន្តវេន ហើយដែលបញ្ហានៃការឆ្លងមេរោគអេដស៍នេះ ភាគច្រើនកើតឡើងក្នុងចំណោមយុវជន ដូច្នេះយុវជនត្រូវលើកកម្ពស់ការយល់ដឹងដើម្បីបង្ការខ្លួនពីមេរោគអេដស៍»។

លោកជំទាវ បានផ្តល់នូវខ្លឹមសារគន្លឹះមួយចំនួនពាក់ព័ន្ធទៅនឹង ជំងឺអេដស៍, កាមរោគ, សុខភាពស្ត្រីនិងកុមារ, សុខភាពមនុស្សចាស់, ជំងឺមហារីកសុដន់, ជំងឺមហារីកមាត់ស្បូន និងជំងឺផ្សេងៗដែលបង្កឡើងដោយការបរិភោគអាហារមិនបានត្រឹមត្រូវ, សុខភាពផ្លូវភេទ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាប្រធានបទផ្តោតនាថ្ងៃនេះជាដើម។

លោកជំទាវ មានការជឿជាក់ថា ចំណេះដឹងដែលបានផ្តល់ជូនក្មួយៗនិស្សិតនាពេលនេះ ពិតជាមានគុណតម្លៃ ហើយក្មួយៗនិស្សិតទាំងអស់នឹងក្លាយជាមិត្តអប់រំមិត្តដ៏ល្អ គឺជាគំរូ សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិដទៃទៀត និងក្រុមគ្រួសាររបស់ខ្លួន ព្រោះថា ការយល់ដឹង និងការរួមចំណែកផ្សព្វផ្សាយបន្តរបស់ក្មួយៗគឺការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានជោគជ័យផងដែរ ព្រោះក្មួយៗនិស្សិតទាំងអស់ ជាធនធានមនុស្ស ដែលមានទាំងសមត្ថភាព ជំនាញ បំនិនជីវិត និងមានសុខភាពល្អ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner