អង្គការ GAVI នឹង​បញ្ចូល​វ៉ាក់​សាំង​ថ្មីៗ​បន្ថែម​ទៀត ទៅ​ក្នុង​កម្មវិធីជាតិផ្តល់ថ្នាំបង្ការ​នៅ​កម្ពុជា​

អត្ថបទដោយ៖
CPA

ភ្នំពេញ៖តាម​រយៈ​ជំនួប​រវាង​រដ្ឋ​​មន្ត្រី​ក្រសួង​សុខាភិបាល និង​ប្រធាន​អង្គការ GAVI ភាគីទាំងពីរបានពិ​ភាក្សា​គ្នាលើ​​ការ​ងារ​លើក​កម្ពស់​សុខុមាលភាព​របស់​ប្រជាជនក​ម្ពុជាឱ្យកាន់តែប្រសើរ ខណៈ​អង្គការ​នេះ នឹង​បញ្ចូល​វ៉ាក់​សាំង​ថ្មីៗ​បន្ថែម​ទៀត ​ទៅ​ក្នុង​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៅកម្ពុជា។

កិច្ចពិភាក្សានេះ​ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣រវាងឯកឧត្តម ឈាង រ៉ា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល និង​​លោក Samuel Muller ប្រធាន​អង្គការ GAVI ប្រចាំ​តំបន់​អឺរ៉ុប អាស៊ី និង​តំបន់​ប៉ាស៊ីហ្វិក

ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា នៅក្នុងជំនួបនោះឯកឧត្តម ឈាង រ៉ា បាន​ថ្លែង​អំណរ​គុណ​ដល់ អង្គការ GAVI ដែល​បាន​សហ​ការ​ចូលរួ​ម​គាំ​ទ្រ​ក្រសួង​សុខាភិបាល ក្នុង​ការ​ងារ​លើក​កម្ពស់​សុខុមាល​ភាព​របស់​ប្រជាជនក​ម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា លើកា​រ​ងារ និង​សកម្មភាព​ផ្តល់​ថ្នាំ​បង្ការ ដើម្បី​បង្កើន​អត្រា​គ្រប​ដណ្តប់​វ៉ាក់សាំង ព្រម​ទាំង​គាំ​ទ្រ​សកម្មភាព​បញ្ចូល​វ៉ាក់​សាំង​ថ្មីៗ​ជា​បន្ត​បន្ទាប់​ស្រប​តាម​ផែ​ន​ការ​យុទ្ធ​សាស្រ្ត​រយៈ​ពេល​វែង​របស់​ក្រសួង​សុខាភិបាល។

បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ក្រៅ​ពី​ការ​ផ្ដល់​វ៉ាក់​សាំង​ថ្មី​បន្ថែម​ហើយ កន្លង​មក​អង្គការ GAVI បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ ជា​ប្រចាំ​ជា​មួយ​ក្រសួង តាម​រយៈក​ម្មវិធីជា​តិចាក់​ថ្នាំ​បង្ការ ជា​ពិសេស ក្នុង​អំឡុង​ពេល​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដោយ​បាន​ជួយ​គាំ​ទ្រ​ក្នុង​ការ​រៀប​ចំ និង​អនុវត្ត​ផែន​ការ​មេ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​។ លោក​បន្ថែម​ថា ជាពិសេស​បាន​ជួយ​ក្រសួង​ក្នុង​ការ​ស្វែង​រក​វ៉ាក់សាំង​កូវីដ​១៩ ព្រម​ទាំង​ផ្គត់​ផ្គង់ និងបំ​ពាក់​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​មួយ​ចំនួន ដែល​សំដៅប​ង្កើត​ឱ្យ​បាន​នូវ​ភាព​ស៊ាំ​សង្គម និង​សេដ្ឋកិច្ច ដែល​ជា​គោល​ដៅ​ប្រកប​ដោយ​មហិច្ឆិតា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ឈាន​ទៅ​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​សុខភាព​ជាតិ​។

ចំណែក លោក Samuel Muller ប្រធាន​អង្គការ GAVI ប្រចាំ​តំបន់​អឺរ៉ុប អាស៊ី និង​តំបន់​ប៉ាស៊ីហ្វិក ​បាន​បញ្ជាក់​​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក អង្គការ GAVI បាន​និង​កំពុង បន្ត​ការ​គាំ​ទ្រ​ដល់​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការនៃ​ក្រសួង​សុខាភិបាល តាម​រយៈ​គម្រោង​សំខាន់ៗ​ដូច​ជា​  គម្រោង​ពង្រឹង​ប្រព័ន្ធ​ចាក់​ថ្នាំ​បង្ការ ពី​ឆ្នាំ​២០០១ ដល់ ឆ្នាំ២០០៩ និងគម្រោង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជំហាន​ទី​១ ពី​ឆ្នាំ២០១០ ដល់ ឆ្នាំ២០១៤​។ គម្រោង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជំហាន​ទី​២ ពី​ឆ្នាំ​២០១៥ ដល់ ឆ្នាំ២០២២ ​និង​ គម្រោង​ពង្រឹង​ការ​ងារ​ផ្តល់​ថ្នាំ​បង្ការ​មាន​លក្ខណៈ​ចម្រុះ ពី​ឆ្នាំ​២០២៣ ដល់ ឆ្នាំ២០២៧ ដោយ​បាន​បន្ត​គាំ​ទ្រ​គម្រោង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ជំហាន​ទី​៣​។

ទាក់​ទង​រឿង​ការ​បន្តផ្ដ​ល់​វ៉ាក់​សាំង​ថ្មី​បន្ថែម​នេះ លោក យង់ គិមអេង ប្រធាន​​មជ្ឍ​មណ្ឌល​​ប្រជាពលរដ្ឋ ដើម្បី​​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកាថា​ ​​ជា​រឿង​ល្អ​ប្រសើរ​ដែល​អង្គការ GAVI បាន​បន្ត​គាំ​ទ្រ​ក្រសួង​សុខាភិបាល លើ​ការ​ងារ​ផ្ដល់​វ៉ាក​សាំង​ថ្មី​បន្ថែម​ទៀត​នេះ ដើម្បី​ជួយ​បង្ការ​ពីជំ​ងឺ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ លោក​បន្ត​ថា ទន្ទឹម​នេះ​ដែរ អង្គការ GAVI ក៏​ជា​ដៃ​គូ​សហការ​ជា​មួយ​ក្រសួង​យូរ​មក​ហើយ ជាពិសេស​ជួយ​គាំ​ទ្រ​ក្រសួង ក្នុង​ការ​អនុវត្ត​ផែនកា​រ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ផង​ដែរ​៕

ដោយ៖ ជា សុខនី

ads banner