ក្រសួងសុខាភិបាល ចេញវិធានការណែនាំសម្រាប់ការពារសុខភាព អំឡុងពេលដើរកម្សាន្តពិធីបុណ្យអុំទូក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នៅក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានក្រើនរំឭកដល់សាធារណជនទាំងអស់ឱ្យចូលរួមការពារសុខភាពបុគ្គល គ្រួសារ និងសហគមន៍ពីជំងឺឆ្លងនានា ដូចជាជំងឺរាករូស ផ្តាសាយ ជំងឺកូវីដ១៩ ជំងឺភ្នែកក្រហម ពុលចំណីអាហារ និងការពុលស្រាសជាដើម។

តាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានណែនាំ និងក្រើនរំឭកដល់សាធារណជន រួមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល នូវវិធានការមួយចំនួន។ វិធានការចំពោះសាធារណជន បើលោកអ្នកមានរោគសញ្ញាជំងឺភ្នែកក្រហម សូមសម្រាកនៅផ្ទះ ដើម្បីចៀសវាងទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សផ្សេងទៀត សូមកុំច្រាន ឬប្រជ្រៀតគ្នាដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតមានជាយថាហេតុ បើលោក អ្នក វិលមុខ ឬស្រវាំងភ្នែក សុំអង្គុយចុះដើម្បីចៀសវាងការដួល និងត្រូវហៅរកអ្នកជួយសង្គ្រោះ។ ត្រូវប្រកាន់អនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ឬដែលឱ្យបាន ញឹកញាប់ និងទទួលទានចំណីអាហារដែលមានអនាម័យ និងសុវត្ថិភាពល្អ និង ចំពោះចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។ ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និង អាហារសមុទ្រ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះឆ្អិនល្អ មានអនាម័យ និងមានសុវត្ថិភាព។
ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព កុំរក្សាទុកអាហារក្នុងកន្លែងមានកំដៅធម្មតា លើសពី២ម៉ោង (បើត្រជាក់ត្រូវតិចជាង ៥ អង្សាសេ និងបើក្ដៅ គឺត្រូវលើសពី ៦០ អង្សាសេ ឬចម្អិន អាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារសេសសល់យូរដែលអាចផ្លូម ឬមានដុះផ្សិត ដែលបង្កឱ្យមានការរាករូស ឈឺពោះ ក្អួតជាដើម)។ មិនត្រូវទទួលទានស្រាស ដែលគ្មានប្រភពផលិតច្បាស់លាស់ ពុំគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឬយកសារធាតុមេតាណុលមកលាយធ្វើជាស្រាសជាដើម ដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។
ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ នៅពេលក្អកកណ្តាស់ និងមិនត្រូវខាកស្តោះ ឬបន្ទោបង់ពាសវាលពាសកាល។  ចៀសវាងការចូលរួមទស្សនាក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្ដៅខ្លួន ក្អក ឬ ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។  ត្រូវសម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែង អាវដៃវែង ឱ្យបានជិត ដើម្បីបង្ការមូសខាំដែលអាចបង្កជា ជំងឺគ្រុនឈាមនិង
 ត្រូវស្វែងយល់ការឆ្លងមេរោគអេដស៍ កាមរោគ ដូចជាវិធីបង្កាដោយការប្រើស្រោមអនាម័យជាដើម។

សេចក្តីណែនាំដដែលបន្តថា ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងមន្រ្តី បុគ្គលិកសុខាភិបាល ត្រូវសហការគ្នានិងចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល និងធ្វើការណែនាំអនុវត្តវិធានការបង្ការសុខាភាពឱ្យបានខ្ជាប់ខ្ជួន ដោយព្យាយាមធ្វើយ៉ាងណា កាត់បន្ថយនូវការប្រមូលផ្តុំហ្វូងមនុស្សកកកុញច្រើនពេក។ អាជ្ញាធរ ត្រូវចូលរួមក្រើនរំឮកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន ចៀសវាងនូវគ្រោះថ្នាក់ លង់ទឹក និងត្រូវការពារកុមារតូចៗ មិនឱ្យចុះទឹក និង ជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យប្រកាន់យកនូវការអនុវត្ត អនាម័យ ចំណីអាហារ អនាម័យលាងដៃឱ្យញឹកញាប់ ខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ នៅពេលក្អក កណ្តាស់ និងមិនត្រូវការខាកស្តោះ ឬបន្ទោបង់ពាសវាលពាសកាល។

អាជ្ញាធរ ត្រូវចាត់ចែងឱ្យមានការអង្គុយ ឬឈរទស្សនាការប្រណាំងទូក ដោយមិនប្រជ្រៀតគ្នា និងមានសណ្តាប់ធ្នាប់  ហើយបើអ្នកទស្សនាមានករណីគ្រុនក្ដៅ ឬផ្ដាសាយ សូមឱ្យគាត់ពាក់ម៉ាស់ និងត្រលប់ទៅផ្ទះសម្រាក រួចស្វែងរក ការពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ។ អាជ្ញាធរ ត្រូវចូលរួមក្រើនរំឭកដល់អ្នកមានហានិភ័យខ្ពស់នៃការឆ្លងជំងឺផ្សេងៗដូចជា ជនចាស់ជរា ជនដែលមាន ជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះជាដើម ត្រូវមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ ព្រមទាំងមានអ្នកជួយ មើលថែទាំឱ្យបានត្រឹមត្រូវ។

ក្រសួងសុខាភិបាល ក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្រ្តី បុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋទាំងអស់ចូលរួមសហការអនុវត្តតាមដំបូន្មានសាមញ្ញាៗខាងលើ ដើម្បីការពារខ្លួន ក្រុមគ្រួសារ ចៀសផុតការឆ្លងជំងឺនានា៕

ដោយ៖ វណ្ណ សុជាតា

ads banner