មន្ត្រី អំពាវនាវដល់អ្នកឯកទេសវះកាត់ សហការគ្នាលើកកម្ពស់គុណភាពវិស័យសុខាភិបាលនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ឡឹម តារា បានអំពាវនាវដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតឯកទេសវះកាត់ សហការគ្នាបន្តលើកកម្ពស់គុណភាព នៃការបម្រើសេវាសុខាភិបាលជូនពលរដ្ឋ ជាពិសេសការពិនិត្យព្យាបាលដោយការវះកាត់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ។

ការអំពាវនាវ របស់ឯកឧត្តម ឡឹម តារា ធ្វើឡើងក្នុពិធីបើកទិវាសល្យសាស្ត្រកម្ពុជា លើកទី២៨ ក្រោមប្រធានបទ «បច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងការវះកាត់» ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា នាឱកាសនោះឯកឧត្តម ឡឹម តារា ថ្លែងថា៖ «ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមផ្តាំផ្ញើរដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស និងនិស្សិតឯកទេសវះកាត់ជំនាន់ថ្មី ត្រូវយកចិត្តទុកដាក់រួមសហការគ្នា ធ្វើយ៉ាងណាឱ្យការផ្តល់សេវាវះកាត់ កាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពបំផុត ជូនដល់ប្រជាជនកម្ពុជាឱ្យបានជាទីគាប់ចិត្ត»។

ជាមួយគ្នានោះ លោកក៏បានបង្ហាញភាពរីករាយ ចំពោះភាពរីកលូតលាស់ នៃសមាគមសល្យសាស្ត្រកម្ពុជា ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៥ ព្រមទាំងមានសង្ឃឹមថា នៅពេលអនាគត នឹងមានសមាគមឯកទេសនានាថែមទៀត នឹងលេចរូបរាងឡើង ដើម្បីពង្រីកវិសាលភាព និងសមតហថភាពនៃការបម្រើសេវាជូនដល់ប្រជាជនកម្ពុជាឱ្យបានទូលាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះដែរ លោក ព្រាប ឡី ប្រធានសមាគមសល្យសាស្ត្រកម្ពុជា បានឱ្យដឹងថា ប្រធានបទ «បច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងការវះកាត់» នេះ ពិតជាបានឆ្លើយតប នឹងគោលនយោបាយកំណែទម្រង់សេវាសុខាភិបាល របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមទៀតថា ទិវាសល្យសាស្ត្រឆ្នាំនេះ មានបទបង្ហាញស្តីពីការរិះរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺ ដោយការវះកាត់ជាច្រើន បានលើកយកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រវាងគ្រូពេទ្យជំនាញឯកទេសជាតិ និងអន្តរជាតិជាច្រើនរូប ដែលអញ្ជើញមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ម៉ាឡេស៊ី ថៃ និងជប៉ុន។

លោក ព្រាប ឡី សង្ឃឹមថា សមាជិក សមាជិកា នៃអង្គសន្និសីទទាំងអស់នឹងខិតខំពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀត ដែលជាគុណប្រយោជន៍ សម្រាប់បង្កើនគុណភាពសេវាព្យាបាលជំងឺ ដោយការវះកាត់ជូនប្រជាពលរដ្ឋ៕

ដោយ៖ គឹម យុត្ថារ៉ូ

ads banner