កាកបាទក្រហមកម្ពុជា សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ បើកកិច្ចពិភាក្សារិះរកមធ្យបាយ ដើម្បីសម្រេចគោលដៅឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅត្រឹមឆ្នាំ២០២៥

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ,អង្គការយូអិនអេដស៍ប្រចាំប្រទេសកម្ពុជា រួមនឹង​អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) និងតំណាងរប​ស់យុវជន បានបើកកិច្ចពិភាក្សាជាមួយ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រជាតិឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីឈានឆ្ពោះ​ទៅបញ្ចប់បញ្ហាអេដស៍នៅត្រឹមឆ្នាំ២០២៥។

កិច្ចពិភាក្សាស្តីពី «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣  បានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រា​ជធា​នីភ្នំពេញ។ នេះបើយោងតាមការ​ផ្សព្វផ្សាយ​របស់​កាកបាទក្រហមកម្ពុជាតាមរយៈប្រព័ន្ធហ្វេសប៊ុក។

នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិ ន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងថា កិច្ចពិភាក្សានេះ ក៏ដើម្បីចូលរួមអបអរសមិទ្ធផល ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងការអនុវត្តន៍​ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ ឈានឆ្ពោះទៅការបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ ២០២៥។

លោកជំទាវបានមានប្រសាសន៍​ថា ៖ «វេទិកានេះ ក៏ដើម្បីទាញការយកចិត្តទុកដាក់របស់បងប្អូនរួមជាតិ ជាពិសេសយុវជន និ​ងសហគមន៍ងាយរងគ្រោះឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងចូលរួមក្នុងកិច្ចខិតខំប្រឹ​ងប្រែងអភិវឌ្ឍន៍ប្រទេស និងកសាងសង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគអេដស៍/ជំងឺអេដស៍»។

ជាមួយគ្នានោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏​បានលើកឡើងដែរថា អ្វីដែលភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ គឺការបើកលំហសេរីភាពពេញលេញក្នុងការចូលរួមប្រយុទ្ធទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ប្រកបទៅដោយសមភាព និងបរិយាបន្ន ពីគ្រប់ដៃគូពាក់ព័ន្ធនានា។

លោ​កជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា ៖ «ម្យ៉ាងវិញទៀត ការកសាងឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍សមត្ថភាពរបស់សហគមន៍ ដែលរងគ្រោះដោយសារមេរោគអេដស៍ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីអនុវត្តតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២៥»។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាព និងវឌ្ឍនភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា  ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឯកឧត្តម អៀង ម៉ូលី បានឱ្យដឹងថា កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន១,៤០០នាក់ក្នុងឆ្នាំដែលមានន័យថា មនុស្ស៤នាក់បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ។

លោកបានថ្លែង​ថា ៖ «កម្ពុជា ចង់ឱ្យ​អត្រាអ្នកឆ្លងជំងឺអេដស៍ម្នាក់ក្នុង១ថ្ងៃ ឬ៣៦៥នាក់ក្នុង១ឆ្នាំ ឬទាបជាងនេះ ដើម្បីស​ម្រេ​ចគោលដៅបញ្ចប់អេដស៍ឆ្នាំ២០២៥។ កម្ពុជា ស្ទើរតែសម្រេចគោលដៅ ៩៥-៩៥-៩៥ ទាំងស្រុងរួចទៅហើយ ក្នុងការប​ញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ តាមការកំណត់របស់អង្គការសហប្រជាជាតិ។​ ក្នុងចំណោមគោលដៅ ៩៥ ចំនួនបី គឺកម្ពុជា សម្រេចបានពីរហើយ ពោលគឺនៅសល់តែមួយប៉ុណ្ណោះ»។

បើតាមឯកឧត្តម អៀង ម៉ូលី បានបញ្ជាក់ថា ៩៥ទីមួយ មានន័យថា ៩៥ភាគរយ ក្នុងចំណោមអ្នកសង្ស័យផ្ទុកមេរោគអេដស៍បានធ្វើតេស្តឈាមប្រាកដថាខ្លួនមានផ្ទុកមេរោគអេដស៍ តែកម្ពុជាទើបតែបាន ៨៦ភាគរយប៉ុណ្ណោះ, ៩៥ ទីពីរ មានន័យថាអ្នកផ្ទុកមេរោគអេដស៍បានទទួលសេវាថែទាំព្យាបាល ដែលកម្ពុជាសម្រេចបានរហូតដល់ ៩៩ភាគរយ និង៩៥ទីបី ជាប្រសិទ្ធភាពនៃសេវាព្យាបាល ដែលធ្វើអ្នកផ្ទុកមេរោគអេដស៍លែងចម្លងទៅអ្នកដ៏ទៃទៀតបាន គឺកម្ពុជាសម្រេចបាន ៩៨ភាគរយ។

«ដូច្នេះ កម្ពុជានៅមិនទាន់សម្រេចគោលដៅ៩៥ ទីមួយ ក្នុងការជំរុញឱ្យ​អ្នកមានការសង្ស័យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍នៅឡើយ ខណៈអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាប្រមាណ ១២ ០០០នាក់ លាក់មុខ មិនមកធ្វើតេស្តបញ្ជាក់ពីស្ថានភាព និងមិនមកទទួលសេវាព្យាបាលនោះទេ»។ នេះបើតាមការបញ្ជាក់បន្ថែមពីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដ​ស៍ ឯកឧត្តម អៀង ម៉ូលី។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអះអាងថា ខ្លួនបាននិងកំពុងជំរុញដល់អ្នកសង្ស័យមកធ្វើតេស្តឈាម និងលើកទឹកអ្នកផ្ទុកមេរោគអេដស៍ទាំង ១២ ០០០នាក់ មកទទួលសេវាព្យាបាល ដើម្បីបញ្ចៀសការចម្លងទៅកាន់អ្នកដទៃ។

សូមជម្រាបថា កម្ពុជានឹងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ  ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» នៅថ្ងៃទី៣០ ខែ​វិច្ឆិកា នាវិមានសន្តិភាព។ នៅថ្ងៃទី២៦-២៨ ខែវិច្ឆិកា ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នឹងមានការប្រគំតន្ត្រីអប់រំផ្សព្វផ្សាយ​ពីមេរោគអេដស៍ និងជំងឺអេដស៍ នៅរមណីយដ្ឋានវត្តភ្នំ, នៅថ្ងៃទី១ធ្នូ មានការប្រគុំតន្ត្រីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅផ្លូវវេងស្រេង និងនៅថ្ងៃទី២ធ្នូ មានយុទ្ធនាការរត់ប្រណាំងអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅភ្នំពេញផងដែរ៕

ដោយ៖វណ្ណ សុជាតា

ads banner