មន្រ្តីសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋគោរពនូវវិធានការសុខាភិបាល និង ទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ក្នុង ពិធីបុណ្យអុំទូក

អត្ថបទដោយ៖
CPA

(ភ្នំពេញ)៖ មន្រ្តី ជាន់ខ្ពស់នៃក្រសួង សុខាភិបាល បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលមក កម្សាន្តក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក គោរពនូវ វិធានការសុខាភិបាលឱ្យបាន ត្រឹមត្រូវ និង ត្រូវ ស្វែងរក មន្រ្តីសុខាភិបាល ដែល ប្រចាំការ ២៤ម៉ោង សម្រាប់ជួយ សង្រ្គោះដោយ ឥត គិតថ្លៃ ។

នេះជាការអំពាវនាវរបស់ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួង សុខាភិបាល នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឯកឧត្តម បានថ្លែងថា ៖ «យើងនៅតែធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តនៅ ក្នុង ពិធីបុណ្យអុំទូកនេះ ឱ្យ ទទួលយកនូវ ការណែនាំ ក៏ដូចជាការអប់រំសុខភាព របស់ក្រសួង សុខាភិបាល ដែលបានធ្វើការ ផ្សព្វផ្សាយ តាមបណ្តាញសង្គមនានា រួមមានការរស់នៅស្អាត ហូបអាហារមានអនាម័យស្អាត រួមនឹង ការការពារ ឱ្យបាន នូវ ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ ផងដែរ »។

ជាមួយគ្នានោះដែរ ឯកឧត្តម ង៉ូវ កាង បាន បញ្ជាក់ផងដែរ ថា ការ មកទទួល ការពិនិត្យ និងព្យាបាល ជំងឺនៅតាមស្តង់សុខភាព ដែល រៀបចំដោយ ក្រសួង សុខាភិបាល ទាំង ១៥ ទីតាំង ក្នុង ព្រះរាជពិធីបុណ្យអុំទូកនេះ មិនមាន ការ គិត ថវិកានោះទេ។

ឯកឧត្តម មានប្រសាសន៍ថា ៖ «ការព្យាបាល ជំងឺនៅ ក្នុង ព្រះរាជពិធីបុណ្យអុំទូកនេះ យើង មិនមានតម្រូវការឱ្យមានការចំណាយថវិកានោះទេ ។ បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់សេវា ឬទទួលសេវាសុខាភិបាលពីមន្រ្តីសុខាភិបាល ដោយឥតគិតថ្លៃ»។

ឯកឧត្តម ង៉ូវ កាង បានបន្ថែមដែរថា ក្នុង ពិធីបុណ្យនេះដែរ ក្រសួង សុខាភិបាល ក៏បានចែកជូននូវ ស្រោមអនាម័យប្រមាណជា ១០ម៉ឺនស្រោម ដោយឥតថ្លៃ ផងដែរ តាមរយៈការ ចុះផ្សព្វផ្សាយ អប់រំសុខភាព ផ្លូវភេទ ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានរៀបចំរថយន្តប្រចាំការតាមគោលដៅ ចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង និងស្តង់ ចំនួន ២ កន្លែង ដើម្បីអប់រំផ្សព្វផ្សាយអំពីការបង្ការការចម្ល ងមេរោគអេដស៍ និងធ្វើតេស្តរកមេរោគអេដស៍។
ដោយឡែកនៅទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២០គ្រឿង ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត គ្រប់ពេលវេលាផងដែរ ៕

ដោយ ៖ នាង សុគន្ធា

ads banner