បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈជិត ៣០០នាក់រួមគ្នាបរិច្ចាគឈាម

ភ្នំពេញ៖ បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកុសុមៈជិត ៣០០នាក់ រួមគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ “ការសង្គ្រោះជីវិត គឺការបរិច្ចាគឈាមទាំងអស់គ្នា”។ កម្មវិធីនេះធ្វើឡើងពេញមួយថ្ងៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានទីតាំងតាមបណ្តោយមហាវិថីកងយុទ្ធពលខេមរភូមិន្ទ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងកោតសសើរកាយវិការសប្បុរសរបស់បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលក្នុងនាមជាគ្រូពេទ្យ បានដឹកនាំការបរិច្ចាគឈាមជូនអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។ ជាមួយគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានមានប្រសាសន៍ថា ការរៀបចំពិធីបរិច្ចាគនាថ្ងៃនេះ គឺជាការចូលរួមចំណែកមួយ ក្នុងការបំពេញស្តុកឈាមបន្ថែម សម្រាប់តម្រូវការចាំបាច់របស់អ្នកជំងឺ។

លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច តំណាងលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់ និង មីជាតិ) បានបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនាពេលនេះ កើតឡើងបាន ក៏ដោយសារមានការគាំទ្រពីអតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដែលជានិច្ចកាលតែងតែបន្តរក្សាបេសកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥រៀល ពីវីតាល់១ដប បង្វិលចូលមូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។

បូរេប្រទាននេះ បានជម្រុញទឹកចិត្តឱ្យវីតាល់បន្តចូលរួមឧបត្ថម្ភគាំទ្រដល់ការបង្កើតឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបតម្រូវការសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដប្រកបក្តីមេត្តាករុណា និងមិនគិតកម្រៃរបស់អ្នកបរិច្ចាគឈាម។

សូមបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនៅចុងឆ្នាំ២០២៣ របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមការសហការជាមួយវីតាល់ និងមីជាតិ ទទួលបានអំណោយឈាមសរុបប្រមាណ ៣៣៣ប្លោក។ ចំណែកកិច្ចសហប្រតិបត្ដិការ ១០ឆ្នាំរវាងមូលនិធិ២៥រៀលរបស់វីតាល់ ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកន្លងមកនេះ ប្រមូលអំណោយឈាមពីសប្បុរសជនដោយស្ម័គ្រចិត្ដសរុបចំនួន ១២០,៤៥៧ប្លោក ស្មើនឹង ៤២,១៥៩,៩៥០មីលីលីត្រឈាម៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner