អាម៉េរិកសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីយោធាកំពូលៗរបស់ប្រទេសមីយ៉ាន់ម៉ា

សហរដ្ឋអាម៉េរិក កាលពីថ្ងៃអង្គារ៍ ទី១៦ ខែកក្កដាម្សិលមិញ បានប្រកាសពីការដាក់ទណ្ឌកម្មលើមេបញ្ជាការកំពូលប្រទេសមីយ៉ាន់ម៉ា Min Aung Hlaing និងបណ្តាថ្នាក់ដឹកនាំយោធាផ្សេងៗទៀត ពាក់ព័ន្ធនឹងការសម្លាប់ក្រៅប្រព័ន្ធទៅលើជនជាតិអ៊ិស្លាមរ៉ូហ៊ីងយ៉ា ដោយហាមពួកឃាត់មន្ត្រីយោធាទាំងនោះ មិនឲ្យចូលទៅទឹកដីសហរដ្ឋអាម៉េរិក។

សារព័ត៌មាន Channelnewsasia បានចេញផ្សាយនៅថ្ងៃទី១៧ កក្កដានេះថា ជំហានថ្មី ដែលក៏ត្រូវដាក់ទណ្ឌកម្មលើជំនួយការផ្ទាល់របស់លោក Min Aung Hlaing  ឈ្មោះថា Soe Win និងមេបញ្ជាការជាន់ខ្ពស់យោធា២រូបទៀត និងក្រុមគ្រួសាររបស់ពួកគាត់ផងដែរនោះ ត្រូវបានចាត់ទុកថា ជាវិធានការខ្លាំងក្លាបំផុតរបស់សហរដ្ឋអាម៉េរិក ចំពោះការឆ្លើយតបនឹងការសម្លាប់រង្គាលលើក្រុមជនជាតិភាគតិច រ៉ូហ៊ីងយ៉ា នៅប្រទេសមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Mike Pompeo បានអះអាងតាមរយៈសេចក្តីថ្លែងការណ៍ថា «ពួកយើងនៅតែបារម្ភថា រដ្ឋាភិបាលមីយ៉ាន់ម៉ាមិនបានចាត់វិធានការអ្វី ដោះស្រាយលើបញ្ហារំលោភបំពានសិទ្ធិមនុស្ស និងអំពើហិង្សាទេ ស្របពេលដែលចេះតែមានរបាយការណ៍បន្តបន្ទាប់ពីការដែលយោធាមីយ៉ាន់ម៉ាប្រើកម្លាំងរំលោភបំពានសិទ្ធិមនុស្ស ទូទាំងប្រទេស។»

សូមរម្លឹកថា ការបង្ក្រាបដោយកម្លាំងយោធានៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៧ បានបង្ខំចិត្តដល់ក្រុមអ៊ិស្លាមរ៉ូហ៊ីងយ៉ាច្រើនជាង៧៣ម៉ឺននាក់ រត់ភៀសខ្លួនទៅប្រទេសបង់ក្លាដេស ជាប្រទេសជិតខាង។ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានអះអាងថា ប្រតិបត្តិការរបស់មីយ៉ាន់ម៉ា រួមមានទាំងការសម្លាប់រង្គាល ការរំលោភជាក្រុម ជាដើម។ ប្រភពបន្តថា នៅខែកក្កដានេះ កម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ា និងក្រុមឧទ្ទាមបានធ្វើសកម្មភាពបំពានសិទ្ធិមនុស្ស ប្រឆាំងនឹងជនស៊ីវិល ដែលអាចបង្កឲ្យមានឧក្រិដ្ឋកម្មសង្គ្រាមថ្មីៗទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner