រដ្ឋមន្រ្តីព័ត៌មាន៖ ការរៀបចំប្រឡងចម្រៀងកុមារ ក្នុងន័យកំសាន្តផង និងបណ្តុះស្មារតីឱ្យកុមារឱ្យស្រលាញ់សិល្បៈ វប្បធម៍ ស្រលាញ់ជាតិ

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងព័ត៌មាន នឹងរៀបចំការប្រឡងចម្រៀងកុមារ មិនមែនបែបកំសាន្តតែមួយមុខនោះទេ ប៉ុន្តែជាការបណ្តុះស្មារតីឱ្យកុមារតូចៗចាប់អារម្មណ៍ស្រលាញ់សិល្បៈ ស្រលាញ់វប្បធម៍ ស្រលាញ់ជាតិ តាំងពីក្មេងតាមរយៈការតែងនិពន្ធបទចម្រៀង ហើយកិច្ចការងារនេះគឺជាតូនាទីរបស់ប្រពន្ធ័ផ្សព្វផ្សាយជាតិដែលត្រូវធ្វើ។

ការលើកឡើងបែបនេះ របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់គណៈកម្មការរៀបចំ ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីអោយសាធារណជន និងបណ្តាអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និងម្ចាស់ឧបត្តម្ភកម្មវិធីនានា បានយល់ពីតម្លៃនៃការរៀបចំមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ចូលរួមសហការគាំទ្រស្មារតី ថវិកា និងសម្ភារៈ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជាប្រធានគណៈកម្មការមហោស្រព និងចម្រៀង កុមារពានរង្វាន់ក្រសួងព័ត៌មាន ដើម្បីពិភាក្សាលើ៖ ផែនការការងារត្រៀមលក្ខណៈរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤,ផែនការសកម្មភាពរបស់អនុគណៈកម្មការទាំង៦ និងកិច្ចការងារពាក់ពន្ធ័ ។

ដើម្បីឱ្យកិច្ចការងារនេះដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលល្អ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបង្កើតគណៈកម្មការមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤ ដោយក្នុងនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធាន រដ្ឋលេខាធិការចំនួន ជាអនុប្រធាន និងមានអនុប្រធានអចិន្ត្រៃយ៍ ១រូប សមាជិក ៦ រូប ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក រួមទាំលេខធិការ ១រូបផងដែរ ។

គណៈកម្មការនេះ មានភារកិច្ចដឹកនាំ សម្របសម្រួល ចាត់តាំង បែងចែក និងសម្រេចលើរាល់ការងាររៀបចំមហោស្រពតន្ត្រីនិងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន,ពិនិត្យ ផ្តល់យោបល់ និងដឹកនាំជារួមលើការងាររៀបចំមហោស្រពអោយបានត្រឹមត្រូវ ។

គណៈកម្មការនេះដែរ ក៏បានបង្កើតនូវអនុគណៈកម្មការចំនួន ៦ រួមមានទី១ – អនុគណៈកម្មការទទួលពាក្យប្រឡង និងរៀបចំកម្មវិធី ដែលមានភារកិច្ចរៀបចំជូនដំណឹងកម្មវិធីប្រឡង និងពិនិត្យនិងទទួលពាក្យប្រឡង, រៀបចំកម្មវិធីប្រឡង ពិនិត្យនិងគ្រងគ្រងដំណើរការប្រឡង,ទទួលការងារផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់ប្រធានគណៈកម្មការ។

ទី២- អនុគណៈកម្មការខ្លឹមសារ និពន្ធ និងបង្ហាត់ មានភារកិច្ចពិនិត្យផ្តល់យោបល់ និងកែសម្រួលទំនុកច្រៀង ដែលជាកម្មវត្ថុនៃការដាក់ប្រឡង,
ទទួលនិពន្ធបទភ្លេង និងបង្ហាត់បង្រៀនកុមារ តាមសំណើរបស់ភាគីជាបេក្ខជន ។ ទទួលការងារផ្សេងៗតាមការប្រគល់ភារកិច្ចរបស់ប្រធាន។

ទី៣- អនុគណៈកម្មការតុបតែងលម្អឆាក និងការផ្សព្វផ្សាយ ។
ទី៤- អនុគណៈកម្មការដឹកនាំក្រុមតន្ត្រី វិទ្យុជាតិ
ទី៥- អនុគណៈកម្មការដាក់ពិន្ទុ និងរង្វាន់

ទី៦- អនុគណកម្មការ ហិរញ្ញវត្ថុ និងស្វែងរកជំនួយទ្រទ្រង់ ដែលមានភារកិច្ច ស្វែងរក និងសហការជាមួយដៃគូ ដើម្បីទទួលបានការគាំទ្រ និងទ្រទ្រង់កម្មវិធីប្រឡង, ទទួលចាត់ចែង និងគ្រប់គ្រងហិរញ្ញវត្ថុ និងជំនួយដៃគូផ្សេងៗ និងទទួលការងារផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់ប្រធានគណៈកម្មការ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner