ប្រមុខការទូតសហរដ្ឋអាម៉េរិកសង្ឃឹមថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង អាចនឹងត្រូវ ស្វែងរកការច្នៃប្រឌិតបន្ថែមទៀតសម្រាប់កិច្ចចរចានុយក្លេអ៊ែរ

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅក្នុងថ្ងៃចន្ទនេះ បានលើកឡើងថា រូបលោកផ្ទាល់ជឿជាក់ថា កូរ៉េខាងជើង-សហរដ្ឋអាម៉េរិក អាចនឹងត្រូវស្វែងរការច្នៃប្រឌិតបន្តិចបន្ថែមទៀត នៅពេលភាគីទាំងពីរចាប់ផ្តើមកិច្ចចរចាគ្នាឡើងវិញ ក្នុងគោលបំណងរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយ៍វិទ្យុក្នុងស្រុក លោក ប៉ុមប៉េអូ មិនបានបញ្ជាក់លំអិត ថាតើពេលណាដែលសាកសមនឹងរៀបចំកិច្ចចរចាគ្នាសាជាថ្មីទៀតនោះទេ។ ប៉ុន្តែកាលពីចុងខែមិថុនា ប្រមុខការទូតអាម៉េរិករូបនេះ ធ្លាប់បាននិយាយថា កិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែររវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិកទំនងជាកើតឡើងនៅពេលវេលាស័ក្តិសមណាមួយ នៅក្នុងខែកក្កដានេះ ដែលប្រហែលជាសប្តាហ៍ទី២ ឬក៏សប្តាហ៍ទី៣។

សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅតំបន់គ្មានយោធាអន្តរកូរ៉េកាលពីខែមុន ដោយក្នុងអំឡុងជំនួបឥតព្រាងទុកនោះ លោក ត្រាំ បានក្លាយជាប្រធានាធិបតីអាម៉េរិកកំពុងកាន់អំណាចដំបូង ដែលយកជើងជាន់ទឹកដីកូរ៉េខាងជើង ហើយថែមទាំងនិយាយថា ពួកលោកបានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមកិច្ចចរចាកម្រិតការងារឡើងវិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner