កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះដល់អត្រាទាបបំផុត ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ ដោយសារតែការជះឥទ្ធិពលអវិជ្ជមាននៃសង្គ្រាមពាណិជ្ជកម្ម

ប្រទេសចិននៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានចុះផ្សាយតួលេខប្រចាំត្រីមាសទីពីរបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ថយចុះមកត្រឹម៦,២ភាគរយ ខណៈអត្រានៃកំណើនសេដ្ឋកិច្ចនេះ បានធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២៧ឆ្នាំចុងក្រោយនេះ ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេ៉រិក បានចាប់ផ្តើមជះឥទ្ធិពលអវិជ្ជមាន ។

បើតាមរបាយការណ៍របស់ការិយាល័យស្ថិតិចិន ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០១៩ សេដ្ឋកិច្ចចិនបានកើនឡើង៦,២ភាគរយ បើធៀបទៅនឹងកំណើនឆ្នាំមុន ដែលតួលេខថ្មីនេះ បានធ្លាក់ថយចុះពីកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០១៩ ដែលស្មើនឹង៦.៤ភាគ រយ ។ ទាក់ទិននឹងតួលេខថ្មីនេះ ការិយាល័យស្ថិតិរបស់ចិនបានលើកឡើងថា សេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងស្ថានការណ៍ស្មុគស្មាញ ជាមួយកំណើននៃភាពមិនច្បាស់លាស់ពីខាងក្រៅ ហើយថា សេដ្ឋកិច្ចរបស់ចិនក៏កំពុងប្រឈមមុខនឹងសម្ពាធឆ្ពោះទៅចំណុចទាបបំផុតថ្មី ហើយចិននឹងព្យាយាមធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំផងដែរ ។

ដោយឡែកក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក៏បានឱ្យដឹងផងដែរថា ការនាំចេញរបស់ចិន នាអំឡុងខែមិថុនា ឆ្នាំ២០១៩ បានធ្លាក់ចុះខ្លំាំង ដោយសារការដំឡើងពន្ធរបស់សហរដ្ឋអាមេ៉រិក ហើយការនាំចូលទៅកាន់ប្រទេសចិន ក៏មានការធ្លាក់ចុះផងដែរ ព្រោះថា តម្រូវការក្នុងស្រុកចាប់ផ្តើមថយចុះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner