អង្គការសហប្រជាជាតិរិះគន់សារព័ត៌មានធំៗ មិនសូវផ្សាយពីរឿងគ្រោះទុរភិក្ស ឬគ្រោះអត់ឃ្លាន

ប្រជាជនច្រើនជាង៨២១លាននាក់ បានរងផលប៉ះពាល់ពីគ្រោះទុរភិក្ស ឬគ្រោះអត់ឃ្លាន នៅទូទាំងពិភពលោកកាលពីឆ្នាំ២០១៨ ហើយវាក៏ជាឆ្នាំទី៣ ដែលចំនួននេះបន្តកើនឡើងផងដែរ នេះបើតាមអង្គការសហប្រជាជាតិ UN នៅថ្ងៃម្សិលមិញ។

លោក David Beasley នាយកកម្មវិធីស្បៀងអាហារពិភព យល់ឃើញថា ការលុបបំបាត់គ្រោះអត់ឃ្លាន ឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៣០ ទំនងជានឹងមិនអាចសម្រេចបានឡើយ។ គួរបញ្ជាក់ថា បើតាម លោក David Beasley បើគ្មានសន្តិសុខផ្នែកចំណីអាហារ នោះក៏គ្មានសន្តិភាព និងស្ថេរភាពដែរ ហើយលោកពិតជាមានការសោកស្ដាយជាខ្លាំង ដែលប្រព័ន្ធផ្សព្វផ្សាយធំៗ ចុះផ្សាយតែពីរឿងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់ចក្រភពអង់គ្លេស និងលោក ដូណាល់ ត្រាំ ជាជាងនិយាយពីកុមារកំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន។

នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា បន្ទាប់ពីធ្លាក់ចុះអស់រាប់ទសវត្ស បញ្ហាគ្រោះទុរភិក្ស ព្រមទាំងកង្វះអាហារូបត្ថម្ភ បានចាប់ផ្ដើមកើនឡើងជាថ្មីចាប់តាំងពីឆ្នាំ២០១៥មក។ គ្រោះទុរភិក្ស គឺបង្កឡើងជាពិសេស ដោយសារបម្រែបម្រួលអាកាសធាតុ និងសង្រ្គាម ខណៈអង្គការសហប្រជាជាតិ បានដាក់គោលដៅលុបបំបាត់បញ្ហាទាំងនេះនៅត្រឹមឆ្នាំ២០៣០៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner