ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា ជប៉ុននឹងរងគ្រោះជាងកូរ៉េខាងត្បូង បើមិនដកការរឹតត្បិតការនាំចេញរូបធាតុគីមីសំខាន់ៗទេនោះ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានព្រមានពីផលវិបាកធ្ងន់ក្នុងសេដ្ឋកិច្ចជប៉ុន បើមិនដកការរឹតត្បិតការនាំចេញរូបធាតុគីមីសំខាន់ៗក្នុងការផលិតបន្ទះឈីប និងទូរសព្ទឆ្លាតវៃទៅឲ្យកូរ៉េខាងត្បូងទេនោះ។

នៅក្នុងកិច្ចប្រជុំជាមួយទីប្រឹក្សានៅវិមានប្រធានាធិបតី ឆឹង វ៉ា ដេ លោក មូន ជែអ៊ីនបានថ្លែងថា ការរឹតត្បិតរបស់តូក្យូ ដែលដាក់គោលដៅលើក្រុមហ៊ុនកូរ៉េខាងត្បូង ជាចំណាត់ការដែលបង្កឥទ្ធិពលមិនល្អឲ្យជប៉ុន ហើយនឹងធ្វើឲ្យជប៉ុនរងគ្រោះវិញដោយសារការរួបរួមរបស់ប្រជាជនកូរ៉េខាងត្បូង ដោយលោក មូន ព្រមានចំៗទុកមុនថា សេដ្ឋកិច្ចជប៉ុននឹងទទួលផលប៉ះពាល់ធ្ងន់នៅចុងក្រោយ។ ប៉ុន្តែលោក មូន រំពឹងថា ជប៉ុន នឹងដកថយ ហើយងាកទៅរកដំណោះស្រាយការទូតវិញ។

គួរបញ្ជាក់ថា ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងជប៉ុន បានផ្ទុះឡើងដោយសារការរឹតត្បិតរបស់ទីក្រុងតូក្យូ ក្រោយពីសាលក្រមជាបន្តបន្ទាប់របស់តុលាការទីក្រុងសេអ៊ូល ដែលបញ្ជាឲ្យក្រុមហ៊ុនជប៉ុន ដែលបានប្រើប្រាស់កម្លាំងពលកម្មប្រជាជនកូរ៉េ ដោយបង្ខំក្នុងអំឡុងសម័យសង្គ្រាម បង់ថ្លៃសំណងដល់ជនរងគ្រោះ។ ប៉ុន្តែជប៉ុនអះអាងថា បញ្ហានេះត្រូវបានដោះស្រាយចប់តាំងពីពេលប្រទេសទាំងពីរស្ដាទំនាក់ទំនងឡើងវិញមកម្ល៉េះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner