កម្ពុជា ដាក់ដំណើរការមូលនិធិអភិវឌ្ឍន៍ជំនាញ ដើម្បីដោះស្រាយគម្លាតការងារ

ភ្នំពេញ៖ ជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងការពង្រឹងកម្លាំងពលកម្មរបស់ខ្លួនប្រទេសកម្ពុជាបានដាក់ឱ្យដំណើការមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលជាកម្មវិធីយុទ្ធសាស្រ្តមួយក្នុងគោលបំណងផ្សារភ្ជាប់គម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការការងារជំនាញនៅក្នុងប្រទេស។ ការផ្លាស់ប្តូរដ៏សំខាន់នេះត្រូវបានគេរំពឹងថានឹងជំរុញសេដ្ឋកិច្ចជាតិដោយការតម្រឹមជំនាញកម្លាំងពលកម្មជាមួយនឹងតម្រូវការដែលកំពុងមានសន្ទុះក្នុងទីផ្សារការងារ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងពិធីសម្ពោធមូលនិធិនេះកាលពីថ្ងៃទី៣០ ខែមករាថា ការដាក់ឱ្យដំណើរការមូលនិធិនេះគឺជាជំហានដ៏ចាំបាច់មួយក្នុងការដោះស្រាយភាពមិនស៊ីគ្នានៃជំនាញ និងតម្រូវការនៅកម្ពុជា ដែលជាបញ្ហាប្រឈមមួយដែលអាចរារាំងទាំងការងារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ឯកឧត្តមជឿថា មូលនិធិនេះនឹងជួយសម្រួលដល់កម្មវិធីបណ្តុះបណ្តាលចំគោលដៅដើម្បីបំពេញតម្រូវការនៃឧស្សាហកម្មទំនើប។

ឯកឧត្តម បញ្ជាក់ថា៖«សេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតលើវិថីនៃការផ្លាស់ប្តូរពីឧស្សាកម្មអតិពលកម្មមកជាឧស្សាហកម្មផ្អែកលើជំនាញ និងបន្តឈានទៅអភិវឌ្ឍន៍ជាឧស្សាហកម្មទំនើប ដែលផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង។ ស្ថិតក្នុងបរិការណ៍នេះ ការអភិវឌ្ឍន៍ជំនាញដើរតួនាទៅកាន់តែសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ភាពប្រកួតប្រជែង និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបំពេញតម្រូវការដ៏ធំធេងនៃកំលាំងពលកម្មជំនាញ»។

មុនការដាក់សម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ បានដំណើរការសាកល្បងចាប់ពីឆ្នាំ២០១៨ មកម្ល៉េះ។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ មូលនិធិបានចាយជាង១៧ លានដុល្លារ បណ្តុះធនធានជាង ១៦.០០០នាក់។ ដើម្បីធានាការផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងទីផ្សារការងារ មូលនិធិនេះសហការជាមួយដៃគូជាង ៣៥០ ស្ថាប័ន ក្នុងនោះមានទាំង សមាគមន៍ពាណិជ្ជកម្ម គ្រឹះស្ថានបណ្តុះបណ្តាល រោងចក្រ និងសហគ្រាស ផងដែរ។

ជំនាញសំខាន់ដែលជាគោលដៅបណ្តុះបណ្តាលមាន ជំនាញទេសចរណ៍ សំណង់ កម្មន្តសាល បច្ចេកវិទ្យាឌីជីថល យានយន្ត និងអេឡិចត្រូនិចជាដើម។ ជាជំនាញដែល ឯកឧត្តម ផាន ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃនិធិអភិវឌ្ឍជំនាញ បានអះអាងថា កំពុងមានតម្រូវការខ្ពស់ពីវិស័យឯកជន។

ការដាក់ដំណើរការមូលនិធិអភិវឌ្ឍន៍ជំនាញក្នុងពេលនេះ គឺស្របទៅនឹងការលើកឡើងរបស់អ្នកជំនាញទាំងវិស័យអប់រំ និងវិស័យផ្សេងៗទៀត ដែលចង់ឃើញរដ្ឋាភិបាល មានការផ្តួតផ្តើមគំនិតថ្មីៗ ដើម្បីបង្កើនកំលាំងពលកម្មជំនាញនៅកម្ពុជាដើម្បីរក្សានិរន្តភាពសេដ្ឋកិច្ច និងជំរុញការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ ក្រៅពីមូលនិធិនេះ កម្ពុជាក៏កំពុងតែអនុវត្តគម្រោងបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃដល់យុវជនចំនួន១,៥លាននាក់ផងដែរ៕
ដោយ៖ឡុង គីមម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner