វិស័យកសិកម្ម កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ វិស័យកសិកម្ម បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ពិសេសក្នុងការកាត់ បន្ថយភាពក្រីក្រ, ការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងការធានាបាននូវសន្តិសុខស្បៀង ។ នេះជាការបញ្ជាក់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា អញ្ជើញបើកសនិ្នសីទស្វាយចន្ទី ពិភពលោកលើកទី១០ ឆ្នាំ២០២៤ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា សនិ្នសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលបានប្រមូលផ្តុំភាគីពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទី, ទាំងក្នុង និង ក្រៅប្រទេស; និង បង្កើតឱកាសដ៏មានតម្លៃ ដើម្បីពិភាក្សា និង ផ្លាស់ប្តូរព័ត៌មាន, ចំណេះដឹង និង បទពិសោធ ក្នុងវិស័យស្វាយចន្ទី; ព្រមទាំងឱកាស សម្រាប់ការផ្គូផ្គងធុរកិច្ច រវាងធុរជនដែលចូលរួមនៅក្នុងសន្និសីទនេះ ។ បន្ថែមលើនេះ, អង្គសន្និសីទ ក៏នឹងជួយជំរុញការផ្សព្វផ្សាយ ដល់សាធារណជន និង ធុរជន, ទាំងនៅកម្ពុជា, ក្នុងតំបន់ និង ពិភពលោក, ឱ្យបានយល់ដឹងជ្រួតជ្រាបស៊ីជម្រៅ និងកាន់តែច្បាស់អំពីសក្តានុពល និងកាលានុវត្តភាពរបស់ស្វាយចន្ទីនៅកម្ពុជា សំដៅទាក់ទាញវិនិយោគិននានា ចូលរួមបណ្តាក់ទុនក្នុងផលិតកម្ម, ជាពិសេស ការកែច្នៃផលិតផលស្វាយចន្ទី, ដើម្បីបង្កើនតម្លៃបន្ថែម លើខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី សម្រាប់ បម្រើទីផ្សារក្នុងស្រុក, ក្នុងតំបន់ និង លើពិភពលោក; បង្កើតការងារ និង លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់ភាពប្រកួតប្រជែង និង ជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព, បរិយាបន្ន និង ភាពធន់ ។

ឯកឧត្តម បន្តថា វិស័យកសិកម្មកម្ពុជា បានរីកលូតលាស់គួរឱ្យកត់សម្គាល់, ពោលគឺ បានប្រែក្លាយពីកសិកម្មបែបប្រពៃណី និងគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ, មកជាកសិកម្មទំនើប, មានពិពិធភាព និងលើសពីតម្រូវការក្នុងស្រុក, ដែលអាចនាំចេញ ជាច្រើនផលិតផល រួមមាន៖ ស្រូវ-អង្ករ, ដំឡូងមី, ស្វាយចន្ទី, ចេក, ស្វាយ, មៀនប៉ៃលិន ។ល។ ស្របពេលដែលកសិផលជាច្រើន ដែលធ្លាប់តែត្រូវបាននាំចូល ត្រូវបានផ្គត់ផ្គង់ ពីប្រភពក្នុងស្រុកជំនួសវិញ ។ ក្នុងរយៈកាលជាង ២ទសវត្សរ៍ចុងក្រោយនេះ, វិស័យកសិកម្ម បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា, ពោលគឺ វិស័យកសិកម្ម បានដើរតួសំខាន់ ក្នុងការជួយឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ច ខ្ពស់ ប្រមាណ ៧% ជាមធ្យម ក្នុងមួយឆ្នាំ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩, ម៉្យាងទៀត យើងក៏បានមើលឃើញកាន់តែច្បាស់ អំពីសារៈសំខាន់នៃវិស័យនេះ ក្នុងអំឡុងកម្ពុជា ជួបប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណ ៣ ឆ្នាំកន្លងទៅ, ដែលវិស័យនេះបានផ្តល់ការងារ, ប្រភពចំណូល និងសន្តិសុខស្បៀង ដល់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីវិបត្តិជាសកលនេះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣, ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីកម្ពុជា បានកើនឡើងប្រមាណ ១៣២%, ខណៈទិន្នផល និងការនាំចេញ ក៏បានកើនឡើងជាលំដាប់ ដែលធ្វើឱ្យស្វាយចន្ទី ក្លាយជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា ដោយបានឈរនៅលេខរៀងលំដាប់ទី៣ ក្នុងពិភពលោក លើផ្នែកផលិតកម្មស្វាយចន្ទី, នេះបើយោងតាមអង្គការស្បៀង និង កសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) ។ ទាំងលទ្ធភាពដាំដុះ និងទាំងផ្ទៃដីដាំដុះ, កម្ពុជា សុទ្ធតែមានសក្តានុពលល្អ សម្រាប់ដំណាំនេះ ។ ដោយឃើញពីសក្តានុពល និងកាលានុវត្តភាពនៃការបង្កើនតម្លៃបន្ថែម នៃដំណាំស្វាយចន្ទី រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ។

ដោយឃើញពីសក្ដានុពលនៃផលិតផលស្វាយចន្ទី សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានផ្តល់ការណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.), ឱ្យធ្វើការដឹកនាំ, រៀបចំ និងដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី ក្នុងនោះ រួមមាន ៖ (១).ការពង្រឹង និង ការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយ ចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេចសិន (Semi-Product), ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត, ហើយក្នុងជំហានបន្ទាប់, បន្តពង្រឹង និង ពង្រីកការ-កែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន; (២).ការបន្តពង្រឹងការធ្វើម៉ាក និង ទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing); (៣).ការជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទី; និង (៤).ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និង ការបង្កើនទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និង កែច្នៃគ្រាប់ស្វាយចន្ទី ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner