យុវជនមួយរូប កំពុងរៀនជំនាញបច្ចេកទេស៖ ព្រោះចង់ក្លាយជាវីរបុរសជួយគ្រួសារ តាមប្រសាសន៍ណែនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ

(ភ្នំពេញ)៖ យុវជនដែលរស់នៅក្នុងគ្រួសារ មានជីវភាពក្រីក្រមួយរូប បានបង្ហាញ ពី មហិច្ឆការបស់ខ្លួន ចង់ក្លាយជាវីរបុសជួយគ្រួសារឱ្យរួចផុតពីភាពលំបាក និងការជំ ពាក់ បំណុលគេ ឱ្យដូចទៅនឹងប្រសាសន៍ណែនាំរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា កើតមានជាកូនអ្នកក្រ សូមកុំតូចចិត្ត ប៉ុន្តែយើងត្រូវរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេសឱ្យបានល្អ ដើម្បីមានមុខជំនាញមួយ ច្បាស់លាស់នៅថ្ងៃអនាគត នោះយើងនឹងក្លាយជាវីរបុស ជួយសង្គ្រោះគ្រួសារ ឱ្យរួចផុតពីភាពក្រីក្រ។

មកពីគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ យុវជនរ៉ា សុភាព ដែលបានបោះបង់ ចោលការសិក្សាត្រឹមថ្នាក់ទី៨ បានសម្រេចសិក្សាជំនាញ បរិក្ខាគ្រឿងត្រជាក់ ក្នុងគេហដ្ឋាន វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម តាមរយៈកម្មវិធីបណ្តុះបណ្តាល វិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ របស់រាជរដ្ឋាភិបាល។

មានម្តាយជាអ្នកលក់បាយតាមរទេះរុញ យុវជន រ៉ា សុភាព បានបញ្ជាក់ថា ការណ៍ដែលខ្លួនបានសម្រេចចិត្តសិក្សាលើជំនាញបរិក្ខាត្រជាក់នេះ ដើម្បីទទួលបានជំនាញច្បាស់លាស់មួយ ងាយស្រួលរកប្រាក់ចំណូល ដើម្បីក្លាយជាវីរបុរស ជាបង្គោលគ្រួសារជួយដោះស្រាយភាពក្រលំបាក និងដើម្បីឱ្យរួចផុតពីការជំពាក់បំណុលគេផងដែរ។

អ្នកស្រីយ៉ុង សោភា ម្តាយយុវជនរ៉ា សុភាព បានបង្ហាញក្តីត្រេក អរយ៉ាងខ្លាំង ដែលកូន បាន ទៅសិក្សាជំនាញមួយច្បាស់លាស់ ដើម្បីជាដើមទុនសម្រាប់ស្វែងរកការងារនិង រកប្រាក់ចំណូលជួយផ្គត់ផ្គង់គ្រួសារ។

ជាមួយគ្នានេះ អ្នកស្រីក៏បានថ្លែងអំណរគុណយ៉ាងក្រៃលែង ដល់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរដល់យុវជន មកពីគ្រួសារក្រីក្រឱ្យបានចូលរៀនវគ្គជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ។

គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាក់ ឱ្យ អនុវត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាគោល នយោបាយថ្មី មួយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ ក្នុងការជួយដល់យុវជនក្រីក្រ ដែលបោះបង់ចោលការសិក្សា អាចបន្តការសិក្សាលើជំនាញមួយច្បាស់លាស់ ដើម្បីងាយស្រួលរកការងារធ្វើ និងបង្កើនប្រាក់ចំណូល។ ការសិក្សាជំនាញនេះ មិនត្រឹមតែមិនបង់ថ្លៃនោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុង ១ខែផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner