ADB សរសើរកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់កម្ពុជា ថា ជាឱកាសគន្លឹះ សម្រាប់ទាក់ទាញ វិនិយោគិនបរទេស

(ភ្នំពេញ)៖ លោកស្រី Rachel Thomson នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៃធនា គារ អភិវឌ្ឍន៍អាស៊ី(ADB) នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់។ ការថ្លែងយ៉ាងដូចនេះ ធ្វើឡើងក្នុងពេលដែលលោកស្រី ត្រូវបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ជូនសមភាគី ADB ពីផែនការជាយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រឱ្យស្របទៅតាមបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលដែលចង់ឃើញយុវជនកម្ពុជាដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ មានជំនាញជាក់លាក់ច្បាស់លាស់ស្របតាមស្តង់ដារដែលមានគុណវុឌ្ឍិ នៃការបណ្តុះបណ្តាលច្បាស់លាស់ដែលជាកត្តាធ្វើឱ្យសិក្ខាកាម ទទួលបាននូវការងារសមរម្យជាងមុនដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ ។

ទន្ទឹមនឹងនេះ ក្រោយការបង្ហាញពីចក្ខុវិស័យ និងសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រសួង សមាជិកគណៈកម្មាធិការនាយករបស់ ADB រូបនេះ បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជន គឺជាឱ្យកាសគន្លឹះសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគដែលកំពុងសំឡឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍ ។

ដោយឡែកឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់ភាគី ADB លើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ ADB ដែលតែងតែជួយឧបត្ថមគាំទ្រដល់ក្រសួងតាំងពីដើមកន្លងមក ។

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ភាគីADB បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ធនាគារអភិវឌ្ឍអាស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសកម្មភាពជួយជ្រោម ជ្រែងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើផែនការអាទិភាពរបស់ខ្លួន ដើម្បីបន្តលើកកម្ពស់ និងវឌ្ឍនភាពចំពោះវិស័យការងារ សន្តិសុខសង្គម និងការ បណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរបន្ថែមទៀត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner