និស្សិតសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ទទួលបានសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

កែប៖និស្សិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជំនាន់ទី៧និង៨នៃសាលាដុនបូស្កូ ចំនួន២៦៦នាក់ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី១៦ ខែកុម្ភៈ បានទទួលសញ្ញាបត្រក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសោម ពិសិដ្ឋ អភិបាលខេត្តកែប។

លោក សេន រ៉ា នាយកសាលាបច្ចេកទេសដុនបូស្កូ សាខាខេត្តកែប បានឱ្យដឹងថា សាលាដុនបូស្កូខេត្តកែប បានបណ្តុះបណ្តាលនិស្សិតចំនួន ៩ជំនាន់រួចមកហើយ មាននិស្សិតសរុប ១ ២៩០នាក់(ស្រី ៥៤៥នាក់ )។ដោយឡែកថ្ងៃនេះផ្តល់ជូនសញ្ញាបត្រ២៦៦នាក់បន្ថែមទៀត ខណៈសិស្ស៤៧៧នាក់ (ស្រី១៧៣នាក់ )កំពុងសិក្សាលើកជំនាញមាន អគ្គិសនី  លេខាធិការ ព័ត៌មានវិទ្យានិងជំនាញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ។ បច្ចុប្បន្នសាលាមានគ្រូ និងបុគ្គលិកសរុប ៣៦នាក់ (ស្រី១៥នាក់)។ក្នុងនោះមាន អ្នកស្ម័គ្រចិត្តបរទេស ៧នាក់ (ស្រី៥នាក់)។សិស្សដែលបានបញ្ចប់ពីសាលាដុនបូស្កូខេត្តកែប ៩៥ភាគរយ បានទៅបំពេញការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន និងមួយចំនួនបានបង្កើតអាជីវកម្មដោយខ្លួនឯង។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អបអរសាទរ ចំពោះនិស្សិតជំនាន់ទី៧ និងទី៨ដែលបានបញ្ចប់ដោយជោគជ័យនិងកោតសរសើដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូនៃសាលាដុនបូស្កូ ដែលបានខិតខំប្រឹងប្រែង កៀរគរមូលនិធិសាងសង់សំណង់ជាច្រើន សម្រាប់បណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត ទាំងក្នុងខេត្ត និងក្រៅខេត្ត៕
ដោយ៖សិលា សារិន

ads banner