និស្សិតចំនួន ៤រូប ទទួលបានជ័យលាភីនៃកម្មវិធីរង្វាន់ ហុងដា សម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេង

(ភ្នំពេញ)៖ និស្សិតចំនួន ៤នាក់ មកពីបណ្តាសាលានានា ដែលចូលរួមប្រគួតប្រជែងក្នុងកម្មវិធី រង្វាន់ហុងដា សម្រាប់អ្នវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេង ទទួលបានជ័យលាភី នៃការប្រឡងប្រជែង ។ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមូលនិធិហុងដា បានរៀបចំកម្មវិធីប្រគល់រង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេងនៃប្រទេសកម្ពុជាឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។

ពិធីនេះមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានទូតតំណាងឯកអគ្គរាជទូតស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ប្រធានតំណាងអង្គការ JICA តំណាងមូលនិធិហុងដា ថ្នាក់ដឹកនាំសាកលវិទ្យាល័យរដ្ឋចំនួនបីនៅរាជធានីភ្នំពេញ សាស្រ្តាចារ្យ អាណាព្យាបាល និសិត្ស និងសាធារណៈជន ប្រមាណ ១៥០នាក់ នឹងអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ។

ពិធីប្រគល់រង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេង នៃប្រទេសកម្ពុជាប្រចាំឆ្នាំ២០២៣នេះ ប្រារព្ធឡើងក្នុងន័យអបអរសាទរដល់និស្សិតកម្ពុជា ចំនួន ០៤រូប ដែលបានជាប់ក្នុងកម្មវិធីនេះ និងផ្សព្វផ្សាយពីរបៀបនៃការដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីនេះ ។ រង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង គាំទ្រ និងលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍធនធានមនុស្សដែលមានទំហំដ៏ធំធេងក្នុងការបង្កើតនូវសមិទ្ធផលដែលមានភាពជឿនលឿនប្រកបដោយតុល្យភាព នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

មូលនិធីហុងដាប្រទេសជប៉ុនបានខិតខំប្រឹងប្រែង ដើម្បីណែនាំ លើកទឹកចិត្ត និងផ្សព្វផ្សាយគំនិតទាក់ទងនឹងអេកូតិចណូឡូឌី (Eco Technology) នៅតំបន់អាស៊ី និងបន្តផ្តល់ចំណេះដឹងនេះទៅដល់អ្នកជំនាន់ក្រោយៗទៀត។ មិនតែប៉ុណ្ណោះ មូលនិធិហុងដា បាននិងកំពុងបណ្តុះបណ្តាលនូវទំនាក់ទំនង ដែលមានលក្ខណៈស៊ីជម្រៅក្នុងចំណោមអ្នកដឹកនាំនាពេលអនាគតក្នុងវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងឧស្សាហកម្ម រវាងប្រទេសជប៉ុន និងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈកាល១៦ឆ្នាំ ចាប់ឈ្នាំ២០០៨ ដល់ ២០២៣កន្លងមកនេះ ដំណើរការនៃកម្មវិធីរង្វាន់ ហុងដាបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អពីស្ថាប័នពាក់ព័ន្ធ ជាលទ្ធផលមាននិស្សិតចំនួន ៨៧៣នាក់ មកពីសាកលវិទ្យាល័យរដ្ឋដែលបានជ្រើសរើសចំនួនបីរួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចូលរួម ដាក់ពាក្យប្រកួតប្រជែងដណ្ដើមពានរង្វាន់ហុងដានេះ។ ក្នុងចំណោមនោះ និស្សិតជ័យលាភីចំនួន ៦៤នាក់ ត្រូវបានជ្រើសរើសជាបេក្ខជនជ័យលាភី (២៨នាក់មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣០នាក់មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ៦នាក់មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម) ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព សួង ពិសិដ្ឋ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner