យុវជនចាប់អារម្មណ៍លើផ្ទាំងគំនូរដែលផ្តិតចេញពីតំបន់ជួរភ្នំក្រវាញ និងចង់ឃើញអ្នកពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ

(ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) រួមនឹងដៃគូសហការរៀបចំកម្មវិធីតាំងពិព័រណ៍ «ភ្នំក្រវាញជារៀងរហូត» ក្រោមកិច្ចសហការជាមួយ Murals for Cambodia (MFC) ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅកន្លែង វិចិត្រសាលសិល្បៈ FT និង AIR (Sra Art) Gallery ដោយមានដាក់តាំងបង្ហាញរូបថត ទេសភាពស្រស់ ស្អាតនៃតំបន់ជួរភ្នំក្រវាញ ជីវៈចម្រុះ និងការការពាររបស់ប្រជាជនរស់នៅជុំវិញតំបន់នោះ ដើម្បីលើកកម្ពស់ស្មារតីការពារ និងអភិរក្សព្រៃឈើ ចុងក្រោយឱ្យគង់វង្សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានវត្តមានតែនៅកម្ពុជា គឺជួរភ្នំក្រវាញ។

កញ្ញា ស៊ូ សុជាតិ និស្សិតឆ្នាំទី៣ មហាវិទ្យាល័យ វិទ្យាស្រ្តជលផល និងវារីវប្បកម្ម នៃសាកលភូមិន្ទកសិកម្ម បានលើកឡើងថាសំរាប់កញ្ញាផ្ទាល់ធ្លាប់បានទៅទស្សនកិច្ចនៅតំបន់ជួរភ្នំក្រវាញ ដែលមានទេសភាពស្អាត ហើយនិងមានជីវចំរុះច្រើន ដូចជាព្រៃឈើ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ ហើយព្រៃឈើនិងក៏មានតួនាទីទាក់ទាញទឹកភ្លៀងផងដែរ ។

កញ្ញាបន្ថែមថា តាមរយៈការរៀបទស្សនកិច្ចសិក្សារ រៀបចំឡើងដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) វាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើដល់និស្សិតដែលកំពុងសិស្សាទៅលើផ្នែកពាក់ព័ន្ធនេះ ហើយក៏ជាការជំរុញលើកទឹកចិត្តដល់ប្រជាជននៅក្នុងមូលដ្ឋានចូលរួមថែរក្សា ព្រៃឈើ សត្វព្រៃ នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

លោក ឌឹម កាណាន់ ជាគ្រូបង្រៀន និងជាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងថា សម្រាប់រូបលោកធ្លាប់បានទៅបំពេញទស្សនកិច្ចនៅតំបន់ជួរភ្នំក្រវាញ គឺបានទាក់ចិត្តយ៉ាងខ្លាំងចំពោះសម្រស់ធនធានធម្មជាតិ ជាពិសេសបានផ្តល់ឱកាសដល់រូបលោក ក៏ដូចជាយុវជនបានស្វែងយល់បន្ថែមទៀតពីធនធានធម្មជាតិ ព្រៃឈើ សារៈសំខាន់នៃសត្វព្រៃ ប្រព័ន្ធជីវៈចម្រុះដែលជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាដើម។

លោក ឌឹម កាណាន់ បានបន្តថា ការរៀបចំតាំងកម្មវិធីតាំងពិព័រណ៍ «ភ្នំក្រវាញជារៀងរហូត» នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជាការរំលឹកដល់និស្សិត យុវជន និងប្រជាពលរដ្ឋឱ្យពួកគាត់យល់ដឹង ជាពិសេសកុំឱ្យពួកគាត់ភ្លេចពីសារៈសំខាន់នៃជីវៈចម្រុះ ធនធានធម្មជាតិ។

កញ្ញាបណ្ឌិត Suwanna Gauntlett នាយិការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) បានបន្តថា ទោះជាយ៉ាងណាក៏ដោយ យើងកំពុងបាត់បង់ព្រៃឈើរបស់យើងដោយសារភ្លើងឆេះ និងការកាប់ឈើ ដូច្នេះឥឡូវនេះជាពេលដែលយើងត្រូវយល់ពីសភាពធ្ងន់ធ្ងរនៃបញ្ហានេះឱ្យបានទាន់ពេលវេលា។ ចូរការពារអ្វីដែលយើងមាន។ ពេលវេលាបានមកដល់ហើយ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានត្រៀម លក្ខណៈរួចរាល់ក្នុងការនាំយកមកវិញនូវវត្តមានសត្វខ្លាធំមក រស់នៅក្នុងព្រៃតំបន់ជួរភ្នំក្រវាញ ហើយពិព័រណ៍នេះជួយផ្សព្វផ្សាយ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ជា ពិសេសអម្បូរសត្វខ្លាធំដែលយើងនឹងស្តារឡើងវិញ អប់រំអ្នកទាំងអស់ គ្នាអំពីសារៈសំខាន់របស់សត្វខ្លាធំនៅ ក្នុងជម្រកព្រៃធម្មជាតិ ដោយគ្មានការបរបាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃ។
លោក FONKi ស្ថាបនិក និងជាប្រធាន FT Gallery បាននិយាយថា៖ «យើងជឿថា ទីក្រុង និងភូមិនានារីកចម្រើននៅពេលដែលទីកន្លែងនោះពោរពេញដោយសិល្បៈ ហើយមានការចូលរួមពីភាគីពាក់ព័ន្ធ និងលំហសកម្មភាពសិល្បៈ។ បេសកកម្មរបស់យើង គឺបង្កើតឱ្យមានលំហំ និងបន្ថែមពណ៌នៃជីវិត ដើម្បីពង្រឹងប្រជាសហគមន៍ និងបណ្ដុះថែរក្សា និងលើកតម្កើងគុណតម្លៃសម្រាប់ទីផ្សារសិល្បៈខ្មែរ»។

ភ្នំក្រវាញ ត្រូវបានចាត់ទុក ជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែង និងប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង៥០ ប្រភេទមានដូចជា៖ ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោក និងប្រភេទឈើកម្រផ្សេងៗទៀត ខណៈបានប្រភពទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹងទន្លេសាប។

គម្របព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ភាគច្រើនគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ដែលជាឃ្លាំងដ៏សំខាន់សម្រាប់ផ្ទុកកាបូន និងជាព្រៃរបោះដែលអំណោយផលដល់ពពួកប្រភេទសត្វកម្រ សម្រាប់ផ្ដល់តម្លៃដល់ការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍវិស័យថាមពល ការលក់ឥណទានកាបូន និងវិស័យទេសចរណ៍ធម្មជាតិ។

ជួរភ្នំក្រវាញក៏ជាតំបន់សំខាន់បំផុតនៃជីវៈចម្រុះ ជាពិសេសជាច្រករបៀងដំរី ដែលនៅសេសសល់ចុងក្រោយនៅទ្វីបអាស៊ី និងជាទីជម្រករបស់សត្វព្រៃចំនួន៥២ប្រភេទ ដែលកំពុងរងការគំរាមកំហែង ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner