កម្ពុជាបានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ី២ឆ្នាំជាប់ៗគ្នាដែលជាមោទកភាពជាតិខ្មែរ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអបអរសាទរ ព្រះរាជាណាចក្រកម្ពុជាដែលបានទទួល ពាន់រង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២៣។ការឈ្នះពានរង្វាន់ ជាគោលដៅទេសចរណ៍វប្បធម៌ ឈានមុខ គេ នៅ អាស៊ីនេះដែរធ្វើឡើងដោយគេហទំព័រទេសចរណ៍ដ៏ល្បីនៅលើពិភពលោក World Travel Awards ដោយក្នុងនេះបានធ្វើការបោះឆ្នោតឲ្យកម្ពុជាគឺជាទិសដៅទេសចរណ៍វប្បធម៌ឈានមុនគេនៅតំបន់អាស៊ីប្រចាំឆ្នាំ ២០២៣។

សូមបញ្ជាក់ដែរថា នេះវាគឺជាលើកទី២ ផងដែរដែលប្រទេសកម្ពុជាបានទទួលបានតំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី ។ សម្រាប់ក្នុងឆ្នាំ២០២២ កម្ពុជាក៏ទទួលបានតំណែងនេះម្តងរួចមកហើយដែរ ។

ការទទួលបានតំណែងលេខ ១ ក្នុងនាមជាប្រទេសមានគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេបំផុតប្រចាំតំបន់អាស៊ីរយៈពេល ២ ឆ្នាំជាប់ៗគ្នានេះត្រូវបានគេចាត់ទុកថាជាមោទកភាពជាតិខ្មែរយ៉ាងធំធេង។សម្រាប់ប្រទេសចំនួន ៦ ដែលនៅពីក្រោយកម្ពុជាក្នុងឆ្នាំ២០២៣កន្លងមកមានដូចជា៖ ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា”សម្រាប់សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ បញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់យើង ថាជាគោលដៅទេសចរណ៍ដែលដាច់ខាតត្រូវតែទៅទស្សនា សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌”។

គួរបញ្ជាក់ដែរថា ប្រទេសដែលទទួលបានដំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមានដូចជា៖ប្រទេសកម្ពុជា ឆ្នាំ២០២៣,កម្ពុជាឆ្នាំ២០២២,ប្រទេសថៃ ឆ្នាំ២០២១,វៀតណាម ឆ្នាំ២០២០,និងវៀតណាមឆ្នាំ២០១៩។

សូមរំលឹកថាបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍បានឱ្យដឹងថាក្នុង ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ៥,៤៥លាននាក់ កើនឡើង ៣២.៨ភាគរយ ធៀបនឹងឆ្នាំ២០២២ និងទេសចរជាតិចំនួន ១៨,៥លាននាក់ ដែលបង្កើនចំណូលចូលជាតិប្រមាណ ៣០០០លានដុល្លារ ។ សម្រាប់នៅឆ្នាំ២០២៤ កម្ពុជារំពឹងថា ចំនួនទេសចរនឹងកើនឡើងជាងឆ្នាំ២០២៣បន្ថែមទៀត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner