បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ជាមួយនឹងក្តីរំពឹងថា មាន មនុស្សមួយលាននាក់ចូលរួម

សៀមរាប៖ប្រសិនជាពុំមានអ្វីប្រែប្រួលទេ បុណ្យទន្លេលើកទី៨ នឹង ប្រព្រឹត្ដនៅខេត្ដសៀមរាបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ ទី១៥ ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។ជាមួយនឹងព្រឹត្តិការណ៍ប្រចាំឆ្នាំឆ្លាស់វេនរបស់ បណ្ដាខេត្តជាប់នឹងដងទន្លេ ក្រសួងទេសចរណ៍ បានរំពឹងថា បុណ្យ ទន្លេនៅខេត្ដស្តុកស្តម្ភដោយអេកូទេសចរណ៍ និងប្រាង្គប្រាសាទ នឹង ស្រូបភ្ញៀវទៅកាន់ ទីនោះ យ៉ាងហោច ប្រមាណ មួយ លាន នាក់ ខណៈ កាលពីឆ្នាំទៅមិញបុណ្យទន្លេនៅខេត្តកំពង់ធំទាក់ទាញភ្ញៀវបានជាងមួយលាននាក់រួចទៅហើយ ។

ត្រៀមលក្ខណៈរៀបចំបុណ្យទន្លេនៅខេត្តរបស់ខ្លួនឱ្យបានទទួលជោគជ័យនិងសុវត្ថិភាព នៅព្រឹកថ្ងៃចន្ទទី៤ ខែមីនា ឆ្នាំ ២០២៤ រដ្ឋបាលខេត្ត បាន បើកកិច្ចប្រជុំជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ។
នាយករដ្ឋបាលខេត្ដសៀមរាប លោក លី វណ្ណៈ បានប្រាប់ កិច្ចប្រជុំថា បុណ្យទន្លេលើកទី៨ ក្រោម ប្រធានបទ “ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ”នឹង ប្រព្រឹត្ដ ទៅ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា។ តាមរយៈព្រឹត្តិការណ៍នេះ នឹង ជួយជំរុញ ដល់ វិស័យ ទេសចរណ៍ ខេត្ដសៀមរាបឱ្យកាន់តែមានភាពទាក់ទាញថែមទៀត។ក្នុងកម្មវិធី បុណ្យ ទន្លេលើកនេះ នឹងមានកម្មវិធីជាច្រើន សម្រាប់ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិទស្សនា ព្រមទាំងការមានការរៀបចំពិព័រណ៍ទំនិញ ម្ហូបអាហារ ស្របតាមកម្មវិធីទស្សនា សៀមរាបឆ្នាំ២០២៤។

លោកនាយកបន្ដថា តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ ពិធី បុណ្យទន្លេនេះនឹងមានអ្នកទេសចរប្រមាណមួយ លាននាក់ មកទស្សនា ។ការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប នឹងទទួលបាន ប្រាក់ចំណូលពីព្រឹត្តិការណ៍។ លោកបន្ថែមថា អាជ្ញាធរ ខេត្ដបានត្រៀម លក្ខណៈបង្កភាពងាយស្រួល ក៏ដូចសន្ដិសុខសុវត្ថិភាព និងសណ្តាប់ ធ្នាប់ ដល់ភ្ញៀវទេសចរ ដែលបានមកចូលរួម ទស្សនាកម្សាន្តឱ្យ មានភាព ល្អប្រសើរ។

ទន្ទឹមនេះលោកបានអំពាវនាវដល់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ទាំងអស់ដូចជា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននានា កុំដំឡើង តម្លៃ ខ្ពស់ហួសប្រមាណ។

តាមការរៀបចំបុណ្យទន្លេ នឹងប្រារព្ធនៅតាមដងស្ទឹងខេត្ដសៀមរាប ។ព្រឹត្តិការណ៍នេះ ក្រសួងទេសចរណ៍រួមសហការ ជាមួយ នឹង រដ្ឋបាល ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង វិស័យឯកជនជាច្រើន ។កម្មវិធីជា ច្រើននឹងបង្កើតឡើង រួមមាន ពិព័រណ៍ម្ហូប ខ្មែរ និងភ្លក់រសជាតិ ,ពិព័រណ៍ផលិតផលសហគមន៍ តាមដងទន្លេ, ប្រឡង អំណាន និងស្មូត ,ពិព័រណ៍រូបភាពជីវិតលើផ្ទៃទឹក ,ជិះទូកកម្សាន្ដ ,ពិព័រណ៍សត្វស្លាប និងគំនូរ, កម្មវិធីប្រដាល់ ,កម្មវិធី វាយ កូនហ្គោល និងកម្មវិធីកម្សាន្ដជាច្រើនទៀត។

សូមរំលឹកថា បុណ្យទន្លេលើកទី៧បានប្រារព្ធចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ក្រោមប្រធានបទ៖ “ទន្លេរបស់យើង ដើម្បី បច្ចុប្បន្ននិង អនាគត” (Our River for Now and Next)ដោយប្រព្រឹត្តទៅនៅ តាមបណ្ដោយដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងព្រឹត្តិការណ៍ នេះមានការតាំងពិព័រណ៍សមិទ្ធផលនានា មហោ ស្រពម្ហូបអាហារ និងភេសជ្ជៈ ,ពិព័រណ៍កសិ-ទេសចរណ៍ , ផលិតផល សហគ្រាសធុន តូចនិងមធ្យម, ផលិតផលខ្មែរ ផលិតផល កសិកម្ម និងផលិតផល របស់សហគមន៍ ដែលមានស្ដង់សរុប ចំនួន ៣០០ ស្តង់។ក្នុងអំលុង បុណ្យនេះមានទេសចរក្នុងខេត្ត ទេសចរផ្ទៃក្នុង និងទេសចរ បរទេស ប្រមាណ ១,១ លាននាក់ចូលរួម៕


អត្ថបទនិងរូបភាព៖ ស៊ាន សុផាត

ads banner