ឯកឧត្តម ឃួង ស្រេង អរគុណនូវការលះបង់របស់លោកគ្រូ អ្នកគ្រូ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណនូវការលះបង់របស់លោកគ្រូ អ្នកគ្រូ ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបន្តអភិវឌ្ឍប្រទេសឲ្យរីកចម្រើនថែមទៀត ។

ឯកឧត្តម ឃួង ស្រេង ថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា វិស័យអប់រំសព្វថ្ងៃត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពោលគឺខ្មែរអាចធ្វើបាន ដោយបច្ចុប្បន្ននេះ យើងទទួលបានជោគជ័យយ៉ាងធំធេងលើវិស័យអប់រំនេះ ប៉ុន្តែយើងកុំភ្លេចខ្លួន ចំពោះភាពជោគជ័យនេះដោយត្រូវរួមគ្នាបន្តធ្វើយ៉ាងណាឲ្យវិស័យអប់រំ កាន់តែជោគជ័យថែមទៀត និងធ្វើអោយកម្ពុជា សម្រេចបាន នូវចក្ខុវិយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ជាមួយគ្នានេះ ឯកឧត្តម សូមឱ្យលោកគ្រូ អ្នកគ្រូជឿជាក់ មកលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសូម្បីតែអ្នកក្បែរខាងយើងក៏គេទទួលស្គាល់ពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាយើងដែរ។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា សម្រាប់សាលារៀនឯកជន ពេលនេះពិបាករកគ្រូបង្រៀន ដោយសារតែគ្រូបង្រៀនឯកជនមួយចំនួន បានបែរមកបង្រៀននៅតាមសាលារដ្ឋ ដោយសារតែនៅសាលារដ្ឋមានប្រាក់ប៊ៀវត្តខ្ពស់ និងអាចបង្រៀនក្រៅម៉ោងបានថែមទៀត។

ឯកឧត្តម បន្តថា នៅតាមសាលារៀននៅក្នុងរាជធានីភ្នំពេញ មាន អនាម័យ បរិស្ថានល្អ ហើយបង្គន់អនាម័យក៏មានលក្ខណៈល្អប្រសើរផងដែរ។

ឯកឧត្តម ក៏បានជំរុញ ឲ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌ ចូលរួមក្នុងការគោរពទង់ជាតិ នៅតាមសាលារៀន ដែលធ្វើឡើង១សប្ដាហ៍២ដង ។ ការចូលរួមគោរពទង់ជាតិនេះ  អាចឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចរបស់យើង បានផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចំរើននៅក្នុងមូលដ្ឋាន ក៏ដូចជាបញ្ហាសន្តិសុខជាដើម។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងផងដែរថា៖ អង្គសន្និបាតបានធ្វើឡើងក្នុងរយៈ១ថ្ងៃកន្លះនេះ បានដំណើរការ ពិភាក្សារួមគ្នាលើ សេចក្តីព្រាងរបាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗ ចំនួន៨ ទៅតាមអនុវិស័យ ទាំង៦ គឺអនុវិស័យអប់រំកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យមសិក្សានិងអប់រំបច្ចេកទេស អនុវិស័យ អប់រំក្រៅ ប្រព័ន្ធ អនុវិស័យអប់រំអប់រំកាយនិងកីឡា និងអនុវិស័យការអភិវឌ្ឍយុវជន ដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចសេសសល់ ដែលយើងបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើក ទូលាយជូនមន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្ដល់យោបល់៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner