ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ
ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិ បត្តិ ការអន្តរជាតិកម្ពុជានៅថ្ងៃពុធទី៦ ខែមីនា ឆ្នាំ២០២៤ សូម ជូនព័ត៌មាន ថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ប្រទេសថៃ បានទទួលព័ត៌ មាន ពីអាជ្ញាធរមានសមត្ថកិច្ច របស់ថៃ នៅស្រុកណាឌី ខេត្តប្រាជីនបុរីថា កាលពីថ្ងៃទី៣ ខែមីនា មានពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន ៥ នាក់ បានជួប គ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរ ពីកន្លែង ស្នាក់នៅ ស្ថិតក្នុងភូមិខ្លងម៉ាហ្វៃ ដើម្បីទៅធ្វើការនៅ ស្រុកណាឌី ខេត្ត ប្រាជីនបុរីប្រទេសថៃ។
គ្រោះថ្នាក់នេះ បានបណ្តាលឱ្យពលករខ្មែររងរបួសធ្ងន់ចំនួន២នាក់ និងស្រាលចំនួន២៣នាក់។ ក្រោយពេលកើតហេតុ ពលករខ្មែរ ចំនួន២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូន ទៅមន្ទីរពេទ្យស្រុកកាប៊ិនបុរី ខេត្តប្រាជីនបុរី។
ចំណែកអ្នករងរបួសស្រាល ក្រោយពីត្រូវបានសង្រ្គោះបឋមរួចហើយ ត្រូវបានថៅកែថៃទទួលយកទៅកន្លែងស្នាក់នៅវិញ។ ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្ត ស្រះកែវក៏បានបញ្ជាក់ថា រាល់ការ ចំណាយផ្សេងៗក្នុងការព្យាបាលរបួសត្រូវបានថៅកែជនជាតិថៃទទួល បន្ទុកទាំងអស់ ៕
ដោយ៖ សួង ពិសិដ្ឋ