ការបណ្តុះវប្បធម៌អានសៀវភៅនឹងជួយឱ្យមានចំណេះដឹងទូលំទូលាយ ទទួលបាន គំនិតល្អៗ ទាន់សម័យកាល និងជាប្រយោជន៍សម្រាប់ជីវិតរស់នៅ

(ភ្នំពេញ)៖ ប្រវត្តិនៃការវិវឌ្ឍជាច្រើនសម័យកាលរបស់ភាសាខ្មែរ ដែលបង្កើតបានជា ភាសាខ្មែរចាស់ ភាសាខ្មែរកណ្ដាល និងភាសាខ្មែរទំនើប ក៏ដូចជាលើកឡើងពីការស្រាវជ្រាវដែលបង្ហាញថា ការបណ្តុះវប្បធម៌អានសៀវភៅ នឹងធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពតានតឹង ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ មានចំណេះដឹងទូលំទូលាយ បង្កើនភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗទាន់សម័យកាលសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅការកសាងសង្គមពុទ្ធិមួយដ៏រឹងមាំ ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡា។

បញ្ជាក់នៅក្នុងទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត” នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានឱ្យដឹងថាចាប់តាំងតែពីឆ្នាំ២០១៤ ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងអនុវត្តវិធានការជាកញ្ចប់ ដើម្បីលើកកម្ពស់ការអាន ដូចជា (១). ដាក់ឱ្យអនុវត្តទ្បើងវិញនូវការរៀនតែងសេចក្តី និងការសរសេរតាមអាននៅតាមគ្រឹះស្ថានសិក្សា សាធារណៈ (២). បានពង្រឹងការបង្រៀនអំណាននៅកម្រិតថ្នាក់ដំបូងនៅបឋមសិក្សា ដោយសហការជាមួយអង្គការដៃគូ ព្រមទាំងរៀបចំបានជា «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង» រួមមាន សៀវភៅណែនាំសម្រាប់គ្រូ សៀវភៅជំនួយសិស្ស បណ្ណ អក្សរ-រូបភាព សៀវភៅហ្វឹកហាត់ សរសេរ និងសៀវភៅរឿង ៦០ ចំណងជើង (៣). បញ្ចូលការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងសម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន (៤). កំពុងបន្តធ្វើការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជូនលោកគ្រូ អ្នកគ្រូ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀនថ្នាក់ទី១ ទី២ និងទី៣ ដោយមានកម្មវិធីបំប៉នច្បាស់លាស់ (៥). ការបង្រៀនគ្រប់ជ្រុងជ្រោយ (៦). អភិបាលកិច្ចសាលារៀនល្អ (៧). កត្តាសិស្ស៖ សិស្សត្រូវត្រៀមខ្លួន ក្នុងការរៀន និងត្រូវមានសុខភាពល្អ (៨). កត្តាឪពុកម្ដាយ៖ ត្រូវយកចិត្តទុកដាក់ជំរុញឱ្យកូនរៀន លើកទឹកចិត្តក្នុងការអាន (៩). ឱកាសក្នុងការបញ្ចេញស្នាដៃ៖ លើកទឹកចិត្ត ឱ្យបញ្ចេញស្នាដៃ តាមរយៈការលើកកម្ពស់ការតែងនិពន្ធ រៀបចំទិវាជាតិអំណាន ការប្រឡងប្រជែងផ្សេងៗ។

ជាមួយការថ្លែងបញ្ជាក់បែបនេះ និងក៏ដូចជាដើម្បីលើកកម្ពស់ អំណាន ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ឱកាសអំណានកាន់តែច្រើនថែមទៀតដល់សិស្សានុសិស្ស និស្សិត និងយុវជន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក៏ បានផ្ដល់អនុសាសន៍ មួយចំនួន ដូចជា៖
(១). អ្នកនិពន្ធ និងអ្នកចងក្រងសៀវភៅ ឬឯកសារអប់រំ សូមបន្ត និងបង្កើនការបោះពុម្ភ ស្នាដៃបន្ថែមទៀត ដើម្បីធ្វើឱ្យធនធានសម្រាប់អំណាន កាន់តែសម្បូរបែប ជាពិសេស ធនធានអំណានជាភាសាខ្មែរ
(២) . ក្រសួង ស្ថាប័នពាក់ព័ន្ធ សូមផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ដើម្បីឱ្យមន្ត្រីរាជការ និងបុគ្គលិកគ្រប់រូបចូលរួមអាន និងសិក្សាស្រាវជ្រាវ តាមគ្រប់លទ្ធភាព ជាពិសេសការរៀបចំឱ្យមានបណ្ណាល័យ ឬមជ្ឈមណ្ឌលរក្សាឯកសារឌីជីថល
(៣). ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តពង្រីកកម្មវិធីអប់រំ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សិស្សានុសិស្ស និងយុវជនអាចមានលទ្ធភាពបន្តការសិក្សាទៅកម្រិតសិក្សាបន្តទៀត ដូចជា កម្មវិធីអំណានថ្នាក់ដំបូងនៅបឋមសិក្សា កម្មវិធីកុមាររៀនកុមារចេះ អក្ខរកម្មនៅតាមរោងចក្រ សហគ្រាស ពន្ធនាគារ ។ល។ ព្រមទាំងបន្តខិតខំបង្កើតមាតិកាអប់រំ សម្រាប់អំណានតាមបែបឌីជីថលបន្ថែមទៀត
(៤). គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ ត្រូវខិតខំឱ្យអស់ លទ្ធភាពក្នុងការបង្កើតបណ្ណាល័យ ឬជ្រុងអំណានដើម្បីឱ្យសិស្សានុសិស្ស និស្សិត សាមណសិស្ស សាមណនិស្សិត អាចទទួលបាន និងស្វែងរកប្រភពសម្រាប់អំណានកាន់តែសម្បូរបែប និងមានភាពបត់បែន ឆ្លើយតបនឹងតម្រូវការអ្នកអាន
(៥).សិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន និងយុវជនទាំងអស់ត្រូវខិតខំ និងចំណាយពេលអាន
(៦). បងប្អូនជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល សូមជួយជំរុញ និង បង្កលក្ខណៈកាន់តែច្រើនថែមទៀត ជាពិសេសការលៃលក ចំណាយនៅក្នុងគ្រួសារ សម្រាប់ការទិញសម្ភារសិក្សា សៀវភៅអាន និងឧបករណ៍សម្រាប់អំណានដទៃ ដល់កូនៗ ជាទីស្រឡាញ់ ដែលចាត់ទុកជាការវិនិយោគ មួយដ៏សំខាន់សម្រាប់បង្កើនចំណេះដឹង និងដើម្បីអនាគតដ៏ត្រចះត្រចង់៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner