ព្រៃវែងគឺជាខេត្តគំរូមួយជំរុញឲ្យគ្រប់សាលារៀនទាំងអស់ក្នុងខេត្ត និង ប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់បា្លស្ទិក

(ភ្នំពេញ)៖ ខេត្តព្រៃវែងបានក្លាយជាខេត្ត គំរូ មួយ ក្នុងការចូលរួមអនុវត្តយុទ្ធនាការកាត់ បន្ថយប្លាស្ទិកនៅកម្ពុជា ជាមួយសកម្មភាព និងការតាំងចិត្តចូលរួមកាន់តែច្រើនឡើង ពី សំណាក់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីរាជការនៃមន្ទីរ អង្គភាព ជុំវិញខេត្ត ប្រជា ពលរដ្ឋ ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីសំដៅធ្វើឱ្យកម្ពុជាស្អាត មានអនាម័យ មានសម្រស់ស្អាតល្អ មានសោភ័ណ្ឌភាព និងផាសុខភាពល្អ គ្មានការបំពុលដោយប្លាស្ទិក។

លោក ប៉ាវ សុធី ប្រធា នមន្ទីរអប់រំយុវជន និង កីឡាខេត្តព្រៃវែងបានឱ្យដឹងថា មន្ទីរអប់រំបាន សម្រេច សហការជាមមន្ទីរបរិស្ថាន និងពិសេសការអនុត្តអនុស្សារណៈយោគយល់គ្នា រវាង រដ្ឋបាលខេត្ត ជាមួយក្រសួងបរិស្ថាន។ ខេត្តព្រៃវែងចាប់ផ្តើមផ្សព្វផ្សាយ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» ព្រមគ្នានៅគ្រប់គ្រឹះស្ថានសិក្សា។ បន្ទាប់មក យើងបន្តជំរុញឱ្យសិស្សា នុសិស្ស ចាប់ផ្តើមអនុវត្តពីការមិនប្រើប្រាស់ថង់ប្លាស្ទិកមួយថ្ងៃ ក្នុងមួយសប្តាហ៍រហូតដល់ ថ្នាក់ រៀន មិនប្រើប្រាស់តែម្តង។

លោក តូច វ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថាន ខេត្ត ព្រៃវែង បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុង ខេត្ត ជាពិសេស សិស្សានុសិស្សបានយល់ដឹងពីផលប៉ះពាល់ចំពោះសុខភាព និងអនាម័យ បរិស្ថាន។ ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បាននាំឱ្យមានការចូលរួមនិងការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក បន្តិចម្តងៗ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថាន យើង និង ភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន។

លោកបានបញ្ជាក់ប្រាប់ថាគិតមកដល់ពេលនេះយុទ្ធនាការកាត់បន្ថយប្លាស្ទិកបានទទួលជោគជ័យ១០០ភាគរយ ដោយសម្រេចបានលើសាលារៀនទូទាំងខេត្តទាំង៦៧៥សាលា ដោយ ក្នុងនេះសាលាបឋមសិក្សា៥៥០ អនុវិទ្យាល័យ៩២និងវិទ្យាល័យចំនួន៣៣ ដោយក្នុង នោះ សិស្សានុសិស្សសរុប ២២៥៨៩០នាក់ និងប្រជាពលរដ្ឋចូលរួមរួមសរុប២៣៧៨៩៧នាក់ ឬ ស្មើ១៩ភាគរយនៃប្រជាជនសរុបទូទាំងខេត្ត។

ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរងនៃគណៈអភិបាល ខេត្តព្រៃវែងបានថ្លែងបញ្ជាក់ថា កន្លងកន្លងមកអភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង១៣នៃខេត្តបានសហការ ជាមួយមន្ទីរបរិស្ថានខេត្តព្រៃវែងបានចុះធ្វើយុទ្ធនាការតាមទីសាធារណៈ វត្តអារាម ក្រុមហ៊ុនឯកជន និងក្នុងផ្សារដោយធ្វើតាមលក្ខណៈភ្លៀងរលឹម។ ជាមួយគ្នានេះ រដ្ឋបាល ខេត្តជំរុញប្រជាពលរដ្ឋទូទាំងខេត្តចូលរួមសម្រេចឱ្យបាននូវភាពស្អាត ទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ សម្អាតតាមទីសាធារណៈ សួនកម្សាន្ត រមណីយដ្ឋាន និង មូលដ្ឋាននានាផងដែរ” ដើម្បីឱ្យទីក្រុង ស្អាត និងភូមិឋានគ្មានការបំពុលដោយសំរាម និង ប្លាស្ទិក ។

ជុំវិញបញ្ហានេះលោក ឡេង ហេង នាយកសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុនសែន ព្រៃវែងក្រុង ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែងបានឱ្យដឹងថា៖ក្នុងការអនុវត្តយុទ្ធនាការកាត់ បន្ថយបា្លស្ទិកតាមសាលារៀនឃើញថាសិស្សជាច្រើនបានយល់ជ្រួតជ្រាបកាន់តែច្បាស់គ្រោះថ្នាក់កើតចេញពីការប្រើប្រាស់ប្លាស្ទិក។សិស្សខ្លះបានបញ្ឈប់ការប្រើប្រាស់បា្លស្ទិក ហើយពួកគេងាកមកប្រើប្រាស់សំភារៈធម្មជាតិមិនបង្កការប៉ះពាល់ដល់បរិស្ថានដូចជាកែវទឹកធ្វើពីអាលុយមីញ៉ូម ថង់ធ្វើពីក្រដាស ស្លឹកចេក ស្លឹកឈូកជំនួសថង់ប្លាស្ទិកជាដើម។វាជា មោទកភាពដែលសិស្សានុសិស្សបានយល់ជ្រួតជ្រាបបញ្ហានេះ និងបានចូលរួមគ្រប់គ្នា។

លោក ហួន ប៊ុន នាយកវិទ្យាល័យសម្តេចតេជោហ៊ុនសែនកំពង់លាវ ស្ថិតនៅក្រុងព្រៃវែង បានឱ្យដឹងប្រហាក់ប្រហែលគ្នាថា៖ក្នុងយុទ្ធនាការកាត់បន្ថយបា្លស្ទិកកន្លងមកឃើញថា ក្នុងស្រទាប់សិស្សានុសិស្សបានចូលរួម និងយល់ដឹងកាន់តែច្រើនឡើង។សិស្សមួយចំនួន បានតាំងចិត្តបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក និងអ្នកខ្លះបានចូលរួមកាត់បន្ថយយ៉ាងច្រើន ទាំងនៅសាលារៀន និងតាមផ្ទះសម្បែងទៀតផង។

គួរបញ្ជាក់ថាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» កំពុងទទួលបានអ្នកចូលរួមច្រើនឡើង ដែលបច្ចុប្បន្នមានមនុស្សចំនួន ជាង៥លាននាក់ ក្នុងនោះសិស្សានុសិស្ស មានប្រមាណ ៣លាននាក់ នៅទូទាំងប្រទេស៕

អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ណារ៉ុង

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner